ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ជំនាញមិនកំណត់លើភេទ!ម៉ង់ រតនៈមាលា ជាប់អាហារូបករណ៍វិទ្យាសាស្រ្តនយោបាយសិក្សានៅអាម៉េរិក
25, Feb 2024 , 8:59 pm        
រូបភាព
យុវតី ម៉ង់ រតនៈមាលា ជ័យលាភីអាហារូបករណ៍ទៅសិក្សាជំនាញ​វិទ្យាសាស្រ្តនយោបាយនៅសហរដ្ឋអាម៉េរិក។
យុវតី ម៉ង់ រតនៈមាលា ជ័យលាភីអាហារូបករណ៍ទៅសិក្សាជំនាញ​វិទ្យាសាស្រ្តនយោបាយនៅសហរដ្ឋអាម៉េរិក។
 
ភ្នំពេញ៖ ជំនាញអ្វីក៏ដោយ មិនបានកំណត់លើភេទស្រី ឬប្រុស ទើបអាចរៀនបានទេ។ តួយ៉ាងយុវតីវ័យ១៧ឆ្នាំ ម៉ង់ រតនៈមាលា បានជាប់អាហារូបករណ៍ជំនាញវិទ្យាសាស្រ្តនយោបាយសិក្សានៅសហរដ្ឋអាម៉េរិក រយៈពេល៤ឆ្នាំ ដោយឥតគិតថ្លៃ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ មាលា លើកឡើងថា៖«ខ្ញុំគិតថា ជំនាញអ្វីក៏ដោយ មិនមានកំណត់ភេទសម្រាប់បុរស ឬស្រ្តីទេ។ ឱ្យតែយើងមានសមត្ថភាព ទោះជាស្រ្តី ឬបុរសយើងអាចធ្វើបានគ្រប់គ្នា»។

ជាកូនពៅ នៅក្នុងគ្រួសារដែលមានបងប្អូន៣នាក់ យុវតី ម៉ង់ រតនៈមាលា បានចាកឆ្ងាយពីគ្រួសារនៅអាយុ១០ឆ្នាំ ដើម្បីទៅសិក្សានៅសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សិក្សានៅសាលានោះ តម្រូវឱ្យយុវតី មាលា រស់នៅក្នុងសាលា និងឆ្ងាយពីគ្រួសារ។ ក្រោយបញ្ចប់ការសិក្សាថ្នាក់ទី១២ យុវតី រតនៈមាលា បានជាប់អាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាម៉េរិក លើជំនាញវិទ្យាសាស្រ្តនយោបាយ។ 
 
«ពេលខ្ញុំដឹងលទ្ធផលភ្លាម មានអារម្មណ៍ថារំភើប ប៉ាម៉ាក់ក៏គាត់រំភើបដែរ។ រៀងហូរទឹកភ្នែកតិចតួចដែរ ព្រោះនេះជាក្តីស្រមៃមួយសម្រាប់ខ្ញុំ និងគ្រួសារខ្ញុំផងដែរ»។ នេះជារៀបរាប់របស់យុវតី ម៉ង់ រតនៈមាលា ក្រោយដឹងលទ្ធផលជាប់អាហារូបករណ៍សិក្សានៅសហរដ្ឋអាម៉េរិកដោយឥតគិតថ្លៃ។ 
  


មាលា នឹងទៅបន្តការសិក្សានៅសហរដ្ឋអាម៉េរិក នៅខែកញ្ញា ឆ្នាំ២០២៤ខាងមុខ។ ការដាក់អាហារូបករណ៍ទៅសិក្សានៅប្រទេស ជាបំណងរបស់យុវតី មាលា តាំងពីដើមមក។ រតនៈមាលា បានជ្រើសរើសជំនាញវិទ្យាសាស្រ្តនយោបាយសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សា។ 
 
សម្រាប់យុវតី ម៉ង់ រតនៈមាលា ជំនាញនេះ មិនថាស្រី ឬប្រុស សុទ្ធតែអាចសិក្សាបាន។ មាលា និយាយបែបនេះ៖«ខ្ញុំគិតថា ជំនាញអ្វីក៏ដោយ មិនមានកំណត់ភេទសម្រាប់បុរស ឬស្រ្តីទេ។ ឱ្យតែយើងមានសមត្ថភាព ទោះជាស្រ្តី ឬបុរសយើងអាចធ្វើបានគ្រប់គ្នា»។



ការជ្រើសរើសជំនាញនេះ ដោយសារក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ មាលា ឧស្សាហ៍ចូលរួមកម្មវិធីតស៊ូមតិ និងការនិយាយជាសាធារណៈ។ មែនទែនទៅ យុវតីវ័យក្មេងរូបនេះ មានចំណូលចិត្តលើការនិយាយ ដែលធ្វើឱ្យនាងមានភាពក្លាហាន និងមានជំនឿចិត្តថា នឹងអាចក្លាយជាមនុស្សម្នាក់តំណាងឱ្យកម្ពុជាជជែកដេញដោលលើឆាកអន្តរជាតិ។ 
 
មាលា រៀបរាប់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា៖«ជំនាញនេះ អាចធ្វើឱ្យខ្ញុំស្គាល់ពិភពលោកកាន់តែច្រើន។ ដោយសារតែក្នុងជំនាញនេះ ខ្ញុំនឹងត្រូវយល់ដឹងថាតើនៅក្នុងពិភពលោកមានបញ្ហាអ្វីខ្លះ ហើយគួរមានដំណោះស្រាយបែបណា។ ខ្ញុំគិតថាជំនាញនេះ នឹងជួយឱ្យខ្ញុំយល់ដឹងពីប្រទេសដទៃ និងប្រទេសខ្លួនឯងផ្ទាល់»។ 
  

រូបភាពពី​យុវតី ម៉ង់ រតនៈមាលា
ភាពជោគ័យដែលយុវតីវ័យ១៧ឆ្នាំនេះ ទទួលបាននៅពេលនេះ មិនមែនកើតឡើងដោយសារនាងតែម្នាក់នោះទេ។ មាលា គិតថា ភាពវិជ្ជមាននេះ កើតចេញពីការជំរុញ និងលើកទឹកចិត្តពីសាលាមកលើរូបនាង។
 
មានទំនួលខុសត្រូវ និងឯករាជ្យភាព ទើបអាចចាកឆ្ងាយពីគ្រួសារទៅរៀននៅក្រៅប្រទេសបាន
ភាពក្លាហាន ដែលហ៊ានចាកឆ្ងាយពីគ្រួសារ ដើម្បីបន្តការសិក្សាមិនមែនជារឿងសាមញ្ញនោះទេ។ សម្រាប់យុវតី ម៉ង់ រតនៈមាលា កត្តាដែលជំរុញឱ្យនាងអាចឃ្លាតពីគ្រួសាររាប់ម៉ឺនគីឡូទៅ​អាម៉េរិក ដោយសារសាលារបស់នាង។ មាលា បរិយាយថា៖«ដោយសារខ្ញុំបានមកសិក្សានៅសាលាភាពជាអ្នកដឹកនាំនេះ ដែលធ្វើឱ្យខ្ញុំមានភាពឯករាជ្យ មានទំនួលខុសត្រូវលើខ្លួនឯង។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំយល់ដឹងពីខ្លួនឯងខ្លាំង ទោះខ្ញុំទើប១៧ឆ្នាំក៏ដោយ»។
  

រូបភាពពី​យុវតី ម៉ង់ រតនៈមាលា

តាមពិតទៅ មាលា បាននៅឆ្ងាយពីឪពុកម្ដាយតាំងពីអាយុ១០ឆ្នាំម៉្លេះ គ្រាន់តែលើកនេះ ចេញទៅរៀននៅអាម៉េរិក។ ការមករស់នៅក្នុងសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ ជាវិញ្ញាសាលុតដំ មាលា និងជាបទពិសោធដ៏ល្អមួយ។ សម្រាប់ការទៅសិក្សានៅអាម៉េរិក យុវតី មាលា មិនសូវខ្វល់ខ្វាយ និងព្រួយបារម្ភអ្វីច្រើនឡើយ ព្រោះនាងអាចមានសមត្ថភាពមើលថែខ្លួនឯងបាន។ 
 
តើគ្រួសារមានការបារម្ភទេ ចំពោះការទៅសិក្សានៅអាម៉េរិក? មាលា ប្រាប់ទាំងទឹកមុខញញឹមថា៖«គាត់អាចបារម្ភតិចតួច ប៉ុន្តែខ្ញុំគិតថា គឺគាត់សប្បាយចិត្តច្រើនជាង និងរំភើបសម្រាប់យើង»។ យុវតីរាងស្ដើងរូបនេះ បន្ថែមថា ការស្នាក់មិនចោទជាបញ្ហាសម្រាប់នាងទេ តែនាងគ្រាន់តែបារម្ភចំពោះអាកាសធាតុតែប៉ុណ្ណោះ។ 
 
ភាសាអង់គ្លេស ជាស្ពានជំរុញឱ្យមាលា ទទួលបានអាហារូបករណ៍
ភាសាបរទេស ជាពិសេសភាសាអង់គ្លេស មានសារៈសំខាន់ និងជាស្ពានដែលជួយជំរុញឱ្យកញ្ញា ម៉ង់ រតនៈមាលា ទទួលបានអាហារូបករណ៍សិក្សានៅសហរដ្ឋអាម៉េរិក។ បើតាមយុវតី មាលា សិស្សគ្រប់រូប ត្រូវពង្រឹងភាសាបន្ថែម ដើម្បីមានឱកាសជាប់អាហារូបករណ៍នៅក្រៅប្រទេស។ 
 
«មិនមែនតែការនិយាយស្ដីប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងថ្នាក់ត្រូវការប្រើប្រាស់ភាសាអង់គ្លេស ហើយពាក្យសុទ្ធតែជាពាក្យបច្ចេកទេសទាំងអស់។ យើងគួរមានចំណេះដឹងផ្នែកនិយាយ និងយល់ពីអ្វីដែលគ្រូបានពន្យល់»។ នេះជាការបញ្ជាក់របស់មាលា ដោយបន្តថា នាងចេះភាសាអង់គ្លេស នៅពេលនាងរៀនក្នុងសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ ដែលប្រើប្រាស់ភាសាអង់គ្លេសជាប្រចាំ។ 
  

រូបភាពពី​យុវតី ម៉ង់ រតនៈមាលា

ការសិក្សានៅក្រៅប្រទេសជាក្ដីស្រមៃរបស់សិស្សនិស្សិតមួយចំនួន។ ទាក់ទងនឹងការមានឱកាសទៅសិក្សានៅបរទេស មាលា ណែនាំឱ្យសិស្សនិស្សិត កំណត់គោលដៅតាំងពីថ្នាក់ទី៩ទៅ ដើម្បីមានភាពងាយស្រួលនៅពេលដាក់អាហារូបករណ៍។ ក្រៅពីចេះភាសាអង់គ្លេស យុវតី រតនៈមាលា បានឱ្យដឹងថា សិស្សនិស្សិតគ្រប់រូប ក៏ត្រូវចេះពីរបៀបនៃការស្រាវជ្រាវផងដែរ។ 
 
ខំប្រឹងរៀនឱ្យមានពិន្ទុល្អ និងចូលរួមកម្មវិធីសង្គមឱ្យច្រើន ជាធាតុផ្សំជួយឱ្យជាប់អាហារូបករណ៍
ការរៀនសូត្រឱ្យពូកែ និងបានពិន្ទុល្អ បូករួមទាំងសកម្មភាពចូលរួមកិច្ចការសង្គមផ្សេងៗ ជាចំណុចមួយដ៏សំខាន់ក្នុងការទទួលបានអាហារូបករណ៍។ «ខ្ញុំគិតថា អ្វីដែលសំខាន់ គឺត្រូវខិតខំសិក្សាធ្វើយ៉ាងណាឱ្យបានពិន្ទុល្អ»។ មាលា លើកឡើងបែបនេះ ដោយបន្តថា ពេលរៀនក៏ត្រូវមានភាពរីករាយ និងគិតគូរពីសុខភាពផងដែរ។ 
 
ក្រៅពីសង្វាតសិក្សា មាលា ក៏ណែនាំឱ្យសិស្សនិស្សិតដែលមានបំណងដាក់អាហារូបករណ៍ ត្រូវចូលរួមកម្មវិធីសង្គមឱ្យបានច្រើន។ ការចូលរួមកម្មវិធីសង្គមនេះ មិនត្រឹមតែអាចជួយឱ្យជាប់អាហារូបករណ៍ប៉ុណ្ណោះទេ តែនាំឱ្យស្គាល់ពិភពលោក និងយល់ដឹងពីខ្លួនឯងផងដែរ។ លើសពីនេះ សកម្មភាពទាំងនេះ បានធ្វើឱ្យកញ្ញា ម៉ង់ រតនៈមាលា អាចបង្កើនទំនាក់ទំនងជាមនុស្សផ្សេងៗទៀត។ 
 
សម្រាប់យុវតីពូកែវោហាសព្ទរូបនេះ បំណងធំរបស់នាង ក្រោយបញ្ចប់ការសិក្សានៅសហរដ្ឋអាម៉េរិក គឺក្លាយជាអ្នកការទូត ដែលភ្ជាប់ទំនាក់ទំនងរវាងប្រទេសមួយទៅប្រទេសមួយ៕
 

Tag:
 សិស្ស
  អប់រំ
  យុវតី
  អ្នកការទូត
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com