ជាតិ
បោះឆ្នោត
លទ្ធផលបឋមបោះឆ្នោតព្រឹទ្ធសភា៖ បក្សប្រជាជនម្ពុជាបាន៥៥អាសនៈ, ឆន្ទៈខ្មែរបាន៣អាសនៈ
26, Feb 2024 , 9:23 am        
រូបភាព
សម្តេច ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន​កម្ពុជា និងជាអ្នក​តំណាងរាស្ត្រ​ខេត្តកណ្តាល នឹងឈរឈ្មោះជាប្រធាន​ព្រឹទ្ធសភា បន្តពីសម្តេច សាយ ឈុំ
សម្តេច ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន​កម្ពុជា និងជាអ្នក​តំណាងរាស្ត្រ​ខេត្តកណ្តាល នឹងឈរឈ្មោះជាប្រធាន​ព្រឹទ្ធសភា បន្តពីសម្តេច សាយ ឈុំ
ដោយ: រួបរួម
គណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ បាន៣អាសនៈ។ នេះបើតាមលទ្ធផលបឋមដែលបង្ហាញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ។



ការបោះឆ្នោតអសកល ដែលមានអង្គបោះឆ្នោតចំនួន១១ ៧៣០នាក់ ស្មើនឹង៩៩,៨៦ភាគរយ នៅមណ្ឌលភូមិភាគទាំង៨ បង្ហាញថា បក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលប់ដោយមានចំនួន ១០,០៥២សំឡេង គណបក្សឆន្ទៈខ្មែរស្ថិតនៅលំដាប់លេខ២ដោយទទួលបាន១,៣៩៤សំឡេង។

តាមលទ្ធផលបឋម គណបក្សប្រជាជនកម្ពុជា បាន៥៥អាសនៈ, គណបក្សឆន្ទៈខ្មែរ បាន៣អាសនៈ ចំណែកឯគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនមានសំឡេងគ្រប់គ្រាន់ដើម្បីទទួលអាសនៈនៅសភាជាន់ខ្ពស់នោះឡើយ។

ក្រៅពីសមាជិកព្រឹទ្ធសភាទាំង៥៨រូបដែលត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកលមិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ សមាជិកព្រឹទ្ធសភា២ រូប នឹងត្រូវចាត់តាំងដោយព្រះមហាក្សត្រ និង២រូបទៀត ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។

សម្រាប់នីតិកាលទី៤ នាពេលបច្ចុប្បន្ន សម្តេច សាយ ឈុំ ជាប្រធាន, លោក ស៊ីម កា ជាអនុប្រធានទី១ និងលោក ទេព ងន ជាអនុប្រធានទី២។ សមាជិកព្រឹទ្ធសភាជាប់ឆ្នោត៥៨រូប សុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជា។ ព្រះអង្គម្ចាស់ នរោត្តម ប្រិយសោភ័ណ្ឌ និងលោកស្រី អ៊ុំ សូម៉ានីន ជាសមាជិកដែលត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ រីឯលោក សួន មាន និងលោកស្រី ជា ច័ន្ទទេវី ជាសមាជិកដែលត្រូវបានជ្រើសតាំងដោយរដ្ឋសភា៕


© រក្សាសិទ្ធិដោយ thmeythmey.com