កីឡាជាតិ
ជាតិ
ហុង ផេង ថាកូនក្រុមបឹងកេត ខ្ជះខ្ជាយគ្រាប់បាល់ និងខ្សោយគ្រប់គ្រងអារម្មណ៍ ទើបចាញ់វិសាខា
26, Feb 2024 , 11:59 am        
រូបភាព
ការប្រកួតរវាងបឹងកេត និងវិសាខា រូបពី Cambodian Premier League
ការប្រកួតរវាងបឹងកេត និងវិសាខា រូបពី Cambodian Premier League
បឹងកេត ចាញ់ វិសាខា ២-១ ក្នុងការប្រកួតពានរង្វាន់ Cambodian Premier League នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ លោក ហុង ផេង គ្រូបង្វឹកបឹងកេត សង្កេតឃើញថា កូនក្រុមរបស់ខ្លួនចាប់ផ្ដើមធ្លាក់ និងពិបាកគ្រប់គ្រងស្មារតីនៅក្នុងតង់ទី២ ដែលជាហេតុធ្វើឲ្យគូប្រកួត មានឱកាសច្រើនលើក។



ក្នុងតង់ទី១ បឹងកេត បានដាក់សម្ពាធទៅវិសាខាយ៉ាងខ្លាំង ដោយមានឱកាសជាច្រើនលើកច្រើនសា ប៉ុន្ដែមិនអាចរកគ្រាប់បាល់បាន។ លុះចូលដល់នាទី៤៥ កីឡាករ ឱ ភារុណ របស់បឹងកេត រកបានគ្រាប់បាល់នាំមុខ វិសាខា ១-០។ 
 
លោក ហុង ផេង បាននិយាយក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតថា ប្រសិនជាការបញ្ជូនបាល់ចុងក្រោយ(Final Pass) និងការបញ្ចប់ទីរបស់កូនក្រុមខ្លួនធ្វើបានល្អ បឹងកេត អាចមានគ្រាប់បាល់ ២ ទៅ៣គ្រាប់ នាំមុខវិសាខា ក្នុងតង់ទី១។« យើងលេងបានល្អ យើងមិនប្រាដកថាអាចឈ្នះគេទេ។ នៅតង់ទី១ ពេលយើងរកគ្រាប់បាល់បាន គឺគាត់ធ្វើការបានល្អ ហើយប្រមូលអារម្មណ៍បានល្អ។ បើការបញ្ជូនបាល់ និងការបញ្ចប់ទីបានល្អជាងនេះ អាចនឹងមានគ្រាប់បាល់២-៣ ក្នុងតង់ទី១។»។ គ្រូបង្វឹករូបនេះ បាននិយាយដូច្នេះ។
 
លុះចូលដល់តង់ទី២ ក្រុមភ្ញៀវ​វិសាខា បានវាយបកលទ្ធផល២-១ ហើយគ្រាប់បាល់២នោះ រកបានដោយ De Oliverira ខ្សែប្រយុទ្ធវិសាខា នៅនាទី៥៨ និងនាទី៦០។ ក្នុងតង់ទី២នេះ កីឡាករបឹងកេត គ្រប់គ្រងបាល់មិនសូវបានល្អប៉ុន្មានទេ បើធៀបនឹងតង់ទី១ ទាំងការបញ្ជូនបាល់ និងការគ្រប់គ្រងបាល់ កីឡាករ​ ហាក់បីដូចជាមិនយល់ចិត្តគ្នា។
 
គ្រូបង្វឹកកេតដដែលនេះ យល់ថាកូនក្រុមរបស់លោក គឺពិបាក​ប្រមូលស្មារតី ក្នុងតង់ទី២ ដែលជាហេតុធ្វើឲ្យគូប្រកួតមានឱកាសរកគ្រាប់បាល់ និងយកជ័យជម្នះបាន។
 
«ចូលមកដល់តង់ទី២ កីឡាករយើងមួយចំនួន ធ្លាក់ការប្រមូលអារម្មណ៍ ធ្វើឲ្យគូប្រកួតរកគ្រាប់បាល់បាន។ យើងអាចនិយាយបានថានៅតង់ទី១ កីឡាករធ្វើការខ្លាំង ហើយចូលមកវិញ គាត់នឿយហត់បន្ដិច ហើយធ្វើឲ្យគាត់ បាត់ការប្រមូលអារម្មណ៍។ បាល់ទាត់យើងត្រូវការប្រមូលអារម្មណ៍ឲ្យបានល្អ បើយើងធ្វើមិនបានល្អតែបន្ដិច គេអាចនឹងមា​នឱកាសទាត់ចូល។​»​។ លោក ហុង ផេង បាននិយាយដូច្នេះ។
 
គិតត្រឹមសប្ដាហ៍ទី២២ ព្រះខ័នរាជស្វាយរៀង ឈរចំណាត់ថ្នាក់លេង១ (បណ្ដោះអាសន្ន) មាន៥៦ពិន្ទុ និងចំណាត់ថ្នាក់លេខ២ ភ្នំពេញក្រោន មាន៤៩ពិន្ទុ។ រីឯវិសាខា ចំណាត់ថ្នាក់​លេខ៣ មាន៣៨ពិន្ទុ តាមពីក្រោយដោយ បឹងកេត លេង៤ និងអាយ អេស អាយ ដង្កោសែនជ័យ លេង៥ មាន៣១ពិន្ទុ ស្មើគ្នា។ ចំណែក កងយោធពលខេមរភូមិន្ទ លេង៦ និង​ណាហ្គាវើលដ៍ លេខ៧ មាន២៤ពិន្ទុដូចគ្នា។ ព្រៃវែង ឈរចំណាត់ថ្នាក់លេខ៨ មាន២០ពិន្ទុ តាមពីក្រោយដោយ អង្គរថាយហ្គឺរ មានលេខ៩ មាន១៨ពិន្ទុ។ ដោយឡែកគិរីវង់សុខសែន​ជ័យ រក្សាបាតតារាង មាន១៧ពិន្ទុឈរចំណាត់ថ្នាក់លេខ១០៕

Tag:
 បាល់ទាត់
  ហុង ផេង
  Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com