ជាតិ
សេដ្ឋកិច្ច
ព្រលានយន្តហោះថ្មីនៅតាខ្មៅ ​មានក្រុមហ៊ុន៦ប្រទេសចូលរួមសាងសង់
26, Feb 2024 , 3:09 pm        
រូបភាព
ក្រុមហ៊ុន Foster​ + Partners របស់អង់គ្លេសទទួលបន្ទុករចនាស្ថានីយមកដល់/ធ្វើដំណើររបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅតាខ្មៅ។ រូបថត៖ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា​
ក្រុមហ៊ុន Foster​ + Partners របស់អង់គ្លេសទទួលបន្ទុករចនាស្ថានីយមកដល់/ធ្វើដំណើររបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅតាខ្មៅ។ រូបថត៖ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា​
ក្រៅពីក្រុមហ៊ុនចិន ព្រលានយ​ន្តហោះអន្តរជាតិថ្មីតម្លៃជាង១៥០០លានដុល្លារ​នៅក្រុងតាខ្មៅ​​ មានក្រុមហ៊ុន៥ប្រទេសទៀតចូលរួមសាងសង់។​ បើតាមលោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋ​លេខាធិកា​រអាកាស​ចរស៊ីវិល ដៃគូវិនិយោគចូលរួមកសាងព្រលានយន្តហោះនេះ គឺមានក្រុមហ៊ុនមកពីប្រទេសកាណាដា អង់គ្លេស បារាំង សិង្ហបុរី ​និងកូរ៉េខាងត្បូង។

 
អាកាសយានយន្តអន្តរជាតិភ្នំពេញថ្មី មានក្រុមហ៊ុនចម្រុះពីបណ្តាប្រទេសដៃគូអភិវឌ្ឍន៍នានា ចូលរួមសាងសង់ ដែលគ្រប់គ្រងដោយក្រុមហ៊ុនសាជីវកម្ម​វិនិយោគទុន​នៅ​ក្រៅប្រទេស​(OCIC​) របស់អ្នកឧញ៉ា ពុង ឃាវសែ។ នេះជាការលើកឡើងរបស់ លោក ស៊ីន ចាន់សិរីវុត្ថា ដោយបានបញ្ជាក់ថា ការសាងសង់ព្រលានយន្តហោះថ្មីនេះ មិនមែនជាការវិនិយោគផ្តាច់មុខពីក្រុមហ៊ុន​របស់ចិនណាមួយឡើយ។​
 
លោកបាននិយាយប្រាប់សារព័ត៌មានឌីជីថលថ្មីៗ​យ៉ាងដូច្នេះ៖ « ​OCIC បានចាប់ក្រុមហ៊ុន​ធំៗមកធ្វើការជាមួយគ្នាដើម្បីសាងសង់ព្រលានយន្តហោះមួយនេះ។ ដូចជា ការរចនាស្ថានីយមកដល់/ធ្វើដំណើររបស់អាកាសយានដ្ឋាន គឺធ្វើឡើងដោយក្រុមហ៊ុនFoster​ + Partners របស់អង់គ្លេស។ ការរចនាផ្លូវហោះហើរ និងផ្លូវតាក់ស៊ី ធ្វើឡើងដោយក្រុមហ៊ុនរបស់កាណាដា​, ការគ្រប់គ្រងការងារទូទៅ និងការសាងសង់ គឺមានក្រុមហ៊ុនចិនផង ហុងកុងផង បារាំងផង​ ក្រុមហ៊ុនខ្មែរផង...»។ 
 
បើតាមលោក  ស៊ីន ចាន់សិរីវុត្ថា ក្រុមហ៊ុនរបស់កូរ៉េខាងត្បូង ក្រៅតែពីត្រួតពិនិត្យការងារគម្រោងទូទៅហើយនោះ ក៏ជួយសាងសង់ស្ថានីយ៍គ្រប់គ្រងថាមពល (Power Control) យន្តហោះ ផងដែរ។ 
 
ព្រលានយ​ន្តហោះអន្តរជាតិ​ភ្នំពេញថ្មីនេះ ត្រូវបានសាងសង់នៅលើទំហំផ្ទៃដី​ជាង២៦០​០ហិកតា ក្នុងទឹកប្រា​ក់ជាង​១៥០០លា​នដុល្លារ។ ក្នុងនោះ រដ្ឋាភិបាលកម្ពុ​ជាមាន​ភាគហ៊ុន១០ភាគរយ ចំណែកក្រុម​ហ៊ុន OCIC ដែលស​ហការជាមួយក្រុមហ៊ុនចិ​នមានភា​គហ៊ុនចំនួន៩០ភាគរយ។ ដើម្បី​សាងសង់ព្រលានយ​ន្តហោះអន្តរជាតិ​ភ្នំពេញថ្មីនេះ រដ្ឋាភិបា​លនិងក្រុ​មហ៊ុន OCIC ក៏បង្កើតក្រុ​មហ៊ុនថ្មីមួយ ដែលមាន​ឈ្មោះថា «ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ីនវេសមិន ឬ Cambodia Airport Investment»។ គម្រោ​ងសាងសង់ព្រលា​នយន្តអន្តរ​ជាតិភ្នំពេ​ញថ្មីនេះ ត្រូវបានប្រ​កាសឡើងនៅក្នុ​ងដំណើរទេ​ស្សនកិច្ចរបស់​អតីតនាយករដ្ឋ​មន្ត្រីចិន លោក លី ខឺឈាង មកកាន់​កម្ពុជា កាលពីអំឡុ​ង​ខែមករា ឆ្នាំ២០១៨។
 
បើតាមលោក ស៊ីន ចាន់សិរីវុត្ថា គិតត្រឹមថ្ងៃទី២៦កុម្ភៈ ក្រុមហ៊ុនបានសម្រេចសាងសង់ប្រមាណ៦៥ភាគរយហើយ។ តាមផែនការព្រលានយន្តហោះនេះ ​នឹងបញ្ចប់ការសាងសង់ដំណាក់កាលទីមួយនៅចុងឆ្នាំ២០២៤ ហើយគ្រោងដាក់ឱ្យដំណើរការនៅពាក់កណ្តាលឆ្នាំ២០២៥។  
 
ព្រលានយន្តហោះភ្នំពេញថ្មីនេះ ជាប្រភេទ4F ដែលអាចស្រូបយកនិងទទួលបានការហោះហើរ ពីឆ្ងាយឆ្លងទ្វីបដោយអាចឱ្យយន្តហោះធុនធំរហូតដល់ Airbus A380-800 និង យន្តហោះ Boeing747-800 ចុះចតបាន៕ 

Tag:
 ព្រយានយន្តហោះថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com