កីឡាជាតិ
ជាតិ
ព្រឹទ្ធាចារ្យ សាន គឹមស៊ាន សរសើរកីឡាករ-ការិនីកីឡាហាប់គីដូ សម្ដែងសម ៩៨ភាគរយ
26, Feb 2024 , 4:39 pm        
រូបភាព
ព្រឹទ្ធាចារ្យ សាន គឹមស៊ាន ប្រគល់វិញ្ញាបនបត្រ ដល់សិស្សគុនខ្សែក្រវ៉ាត់ខ្មៅ រូបពីអគ្គនាយកដ្ឋានកីឡា
ព្រឹទ្ធាចារ្យ សាន គឹមស៊ាន ប្រគល់វិញ្ញាបនបត្រ ដល់សិស្សគុនខ្សែក្រវ៉ាត់ខ្មៅ រូបពីអគ្គនាយកដ្ឋានកីឡា
ព្រឹទ្ធាចារ្យ សាន គឹមស៊ាន ស្ថាបនិកកីឡាហាប់គីដូកម្ពុជា បានសរសើរទៅកាន់អត្ដពលិកកម្ពុជា មានសមត្ថភាពខ្លាំង ៩៨ភាគរយ ក្នុងការសម្ដែងកីឡាមួយនេះ។



ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សគុន កីឡាហាប់គីដូកាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ព្រឹទ្ធាចារ្យស្ថាបនិក សាន គឹមស៊ាន​ បានសរសើរដល់កីឡាករ-កីឡាការិនីកម្ពុជា សម្ដែងបានល្អ ហើយមានកម្រិតសមត្ថភាពលក្ខណៈជាពិភពលោក។ 
 
«ឥឡូវនេះ ការសម្ដែងរបស់យើង ឈានចូលដល់កម្រិតពិភពលោក អាចទទួលស្គាល់។ ខ្ញុំ ឃើញលោតទាត់ ធាក់ បំបែកក្ដា ល្អមែនទែន។ យើង គិតថាតើការបង្ហាញរបស់យើង ត្រូវតាមក្បួនតាមខ្នាត និងត្រូវតាមក្បាច់លំនាំ ល្បឿននៃការដាល់ ល្បឿននៃការទាត់ និងចលនាទាំងអស់ ត្រឹមត្រូវឬអត់។ ខ្ញុំឃើញ ៩៨ភាគរយ គឺត្រឹមត្រូវទាំងអស់គ្នា។»។ ស្ថាបនិកកីឡាហាប់គីដូរូបនេះ បាននិយាយដូច្នេះ។
 
វគ្គបច្ចេកទេសកីឡាហាប់គីដូ កម្រិតលិខិតបញ្ជាក់ និងវិញ្ញបនបត្រ ត្រូវបានសរុបមានចំនួន ១០៥ស្នៀត ក្នុងនោះមាន ក្បាច់ដាល់ ២៦ស្នៀត, ក្បាច់ទាត់ ២៩ស្នៀត, ក្បាច់កាច់ ២៨ស្នៀត, ក្បាច់រង ១៦ស្នៀត និងក្បាច់ដួល ៦ស្នៀត។ ចំណែកក្បាច់កម្រិតវិញ្ញាបនបត្រ សរុបមានចំនួន ១៦៧ស្នៀត ក្នុងនោះមានក្បាច់ដាល់ ៣៣ ស្នៀត, ក្បាច់ទាត់ ៤៣ស្នៀត, ក្បាច់កាច់ ៦៣ស្នៀត, ក្បាច់រង ១៦ ស្នៀត និងក្បាច់ដួល មាន១២ ស្នៀត។
 
សហព័ន្ធកីឡាហាប់គីដូកម្ពុជា បានប្រគល់ខិលិតបញ្ជាក់ ទៅកីឡាករ ៤រូប និងកីឡាការិនី៥រូប និងវិញ្ញាបនបត្រទៅកីឡាករ៣រូប និងកីឡាការិនី ២រូប។ សហព័ន្ធ ក៏បានប្រគល់សញ្ញាបត្រខ្សែក្រវ៉ាត់ខ្មៅ ដល់សិស្សចំនួន ៩នាក់៕

Tag:
 ហាប់គីដូ
  សាន គឹមស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com