អន្តរជាតិ
អ៊ុយក្រែនរៀបយុទ្ធសាស្រ្តជាស្រេច ដើម្បីទប់ការវាយបករបស់រុស្ស៊ីនៅពេលខាងមុខ
26, Feb 2024 , 5:09 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព AFP
អ៊ុយក្រែន នឹងត្រៀមយុទ្ធសាស្រ្តសម្រាប់ការវាយបករបស់រុស្ស៊ី នៅក្នុងពេលចាប់ផ្តើមរដូវក្តៅខាងមុខ ឬនៅចុងខែឧសភា។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហាញក្តីជឿជាក់បែបនេះ ទៅកាន់អ្នកសារព័ត៌មាន ក្នុងថ្ងៃទី២៥ ខែកុម្ភៈ។

 
សង្រ្គាមនៅអ៊ុយក្រែន បានឈានចូលឆ្នាំ៣ ហើយ ដោយពន្លឺនៃសន្តិភាព មិនទាន់មានបន្តិចនោះទេ។ អ៊ុយក្រែន និងរុស្ស៊ី នៅតែបន្តវាយប្រហារទៅវិញទៅមក នៅក្នុងតំបន់ជម្លោះភាគខាងកើតអ៊ុយក្រែន។ 
 
ក្នុងសន្និសីទសារព័ត៌មានក្នុងក្រុងកៀវ នៅថ្ងៃទី២៥ ខែកុម្ភៈ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន រំពឹងថា ក្រុងកៀវនឹងប្រឈមការវាយប្រហារទ្រង់ទ្រាយធំពីក្រុងមូស្គូនៅរយៈពេល ២ខែខាងមុខ។ ទោះអាចរងការវាយប្រហារពីរុស្ស៊ីក្តី តែមេដឹកនាំអ៊ុយក្រែនរូបនេះ បានបង្ហាញភាពជឿជាក់ថា ខ្លួនបានរៀបចំយុទ្ធសាស្រ្តសម្រាប់ទប់រុស្ស៊ីហើយ។
 
«រុស្ស៊ី នឹងត្រៀមវាយបកនៅពេលចាប់ផ្តើមរដូវក្តៅ ឬដំណាច់ខែឧសភាខាងមុខ ប្រសិនបើពួកគេអាច»។ លោក ហ្សេលេនស្គី បានលើកឡើងបែបនេះ នៅចំពោះមុខអ្នកសារព័ត៌មាន ដោយបន្តជាមួយទឹកចិត្តមោះមុតថា អ៊ុយក្រែន នឹងត្រៀមសម្រាប់ការវាយប្រហារ។ បើតាមប្រមុខរដ្ឋអ៊ុយក្រែន ក្រុងកៀវមានផែនការយ៉ាងច្បាស់ ដើម្បីប្រឆាំងនឹងក្រុងមូស្គូ។ 
 
យ៉ាងណាមិញ លោក ហ្សេលេនស្គី មិនបានបង្ហើបពីយុទ្ធសាស្រ្តទប់កម្លាំងរុស្ស៊ីនៅសមរភូមិជួរមុខឡើយ ដោយបានត្រឹមបន្លុយថា ការផ្លាស់ប្តូរអគ្គមេបញ្ជាការកម្លាំងប្រដាប់អ៊ុយក្រែន កាលពីពេលថ្មីៗនេះ ជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ខ្លួន។ អគ្គមេបញ្ជាការកម្លាំងប្រដាប់អ៊ុយក្រែនថ្មី លោក Oleksandr Syrskyi នឹងត្រូវដោះស្រាយបញ្ហាសំខាន់ៗក្នុងជួរទ័ពដូចជាអំពើពុករលួយ និងការកែនកម្លាំងថ្មីជាដើម។ 
 
ក្នុងសន្និសីទដដែល មេដឹកនាំអ៊ុយក្រែន បានបន្ថែមថា លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានបំផ្លើសពីចំនួនទ័ពអ៊ុយក្រែន ដែលបានបាត់បង់ជីវិតនៅសមរភាព។ បើតាមលោក ហ្សេលេនស្គី ចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពី ២ឆ្នាំមុន កងទ័ពអ៊ុយក្រែនចំនួន៣១០០០នាក់​ បានទទួលមរណភាព។ យ៉ាងណាក៏ដោយ មេដឹកនាំអ៊ុយក្រែន នៅតែចាត់ទុកចំនួននេះ ជាទំហំដ៏ច្រើនមួយ។ 
 
បន្ថែមពីនេះ ប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវឱ្យបណ្តាប្រទេសលោកខាងលិចរួបរួមគ្នា និងផ្តល់ជំនួយបន្ថែមមកអ៊ុយក្រែន ក្នុងគោលបំណងទប់ការវាយប្រហាររុស្ស៊ី។ ពេលនេះ អ៊ុយក្រែនត្រូវការខ្លាំង គឺជំនួយសន្តិសុខ ស្របពេលសភាអាម៉េរិក មិនទាន់អនុម័យជំនួយប្រមាណ ៦០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនចេញ៕ 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com