កីឡាជាតិ
ជាតិ
សម្ដេច ហ៊ុន ម៉ាណែត ផ្តល់រង្វាន់ជិត៨០ម៉ឺនដុល្លារ ដល់គ្រូ និងអត្តពលិក ដែលឈ្នះមេដាយជើងឯកអាស៊ី
26, Feb 2024 , 6:02 pm        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីប្រគល់រង្វាន់ រូបពី ហ្វេសប៊ុក សម្ដេច ហ៊ុន ម៉ាណែត
សម្ដេច ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីប្រគល់រង្វាន់ រូបពី ហ្វេសប៊ុក សម្ដេច ហ៊ុន ម៉ាណែត
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ណែនាំពីអនុសាសន៍ ៤ចំណុច ដើម្បីឲ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសកីឡាករ-កីឡាការិនីកម្ពុជា អនុវត្តពង្រឹងសមត្ថភាពគ្រប់គ្រាន់ប្រជែងយកជ័យលាភីជូនជាតិ ក្នុងការប្រកួតអន្ដរជាតិផ្សេងៗ នាពេលខាងមុខ។ សម្ដេច បានប្រាប់ពីអនុសាសន៍ទាំងនោះ នៅក្នុងពិធីប្រគលប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល សរុប៣១៩៩លានរៀល (ជិត៨០ម៉ឺនដុល្លារ) ដល់ម្ចាស់មេដាយ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតអន្ដរជាតិ។



នារសៀលថ្ងៃទី២៦ ខែកុម្ភៈ សម្ដេច ហ៊ុន ម៉ាណែត បាននាំយកថវិកា ៣១៩៩លានរៀន ដែលជាប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់ម្ចាស់មេដាយ បង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន លើកទី២០។ 
 
ទន្ទឹមជាមួយគ្នានោះ នាយករដ្ឋមន្ដ្រីរូបនេះ លើកឡើងនូវអនុសាសន៍ ៤ចំណុច ដើម្បីឲ្យធនធានអត្ដពលិកកម្ពុជា មានគុណភាព សមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតអន្ដរជាតិនានា ទាំងកម្រិតតំបន់ និងកម្រិតពិភពលោក ដើម្បីបានជ័យលាភីជូនជាតិ។
 
អនុសាសន៍ ៤ចំណុចនោះ មានដូចជា៖
១-ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហព័ន្ធកីឡាជាតិ ត្រូវគាំទ្របណ្ដុះបណ្ដាល លើកទឹកចិត្តដល់កីឡាករ-កីឡាការិនីគ្រប់កម្រិត។
 
២-ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ ត្រូវយកចិត្តទុកដាក់ក្នុងការសម្រិតសម្រាំងយកធនធានកីឡាករ-កីឡាការិនី ជាពិសេសការចម្រាញ់យកអ្នកដែលមានទេព្យកោសល្យ និងស្មារតីខ្ពស់។
 
៣-គ្រូបង្វឹក អត្ដពលិកទាំងអស់ ត្រូវខិត្តខំហ្វឹកហាត់ជាប់មិនដាច់ និងខំកសាងសមត្ថភាព ទៅតាមជំនាញកីឡារបស់ខ្លួន ជាពិសេសការត្រៀមខ្លួនសម្រាប់ការប្រកួតអន្ដរជាតនានា។
 
៤-គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ត្រូវបង្កើនកិច្ចសហការទាំងបច្ចេកទេស និងបទពិសោធន៍ ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី, គណៈកម្មាធិការជាតិអូឡាំពិក នៃប្រទេសជាសមាជិក, ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍, ក្រុមប្រឹក្សាសហព័ន្ធអាស៊ានប៉ារ៉ា និងស្ថាប័នកីឡាអន្ដរជាតិ ក្នុងការបណ្ដុបណ្ដាលសមត្ថភាព ដកស្រង់បទពិសោធន៍ និងអភិវឌ្ឍកម្រិតបច្ចេកទេសកីឡា​ដល់អត្ដពលិកកម្ពុជា ជាពិសេសអាចចូលរួមកាន់តែទូលំទូលាយ ប្រកបដោយសមត្ថភាពកាន់តែប្រសើរ ក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា នៅថ្ងៃអនាគត។ 
 
ក្នុងពិធីដដែលនេះ សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យកីឡា គឺផ្នែកមួយធ្វើឲ្យយុវជន និងប្រជាពលរដ្ឋ មានស្មារតីស្រឡាញមាតុភូមិជាតិ និងពង្រឹងសាមគ្គីភាព និងមិត្តភាព ជាពិសេសឯកភាពជាតិនៅកម្ពុជា។ ក្រៅពីនេះ វិស័យកីឡា ដើរតួនាទីសំខាន់ក្នុងវិស័យការទូត និងទំនាក់ទំនងអន្ដរជាតិរវាងប្រទេសក្នុងតំបន់ និងពិភពលោកទាំងមូលផងដែរ។
 
«នេះឧត្តមប្រយោជន៍ជាតិធំមួយទៀត គឺការធ្វើឲ្យយុវជន និងប្រជាពលរដ្ឋបង្កើន ស្មារតីស្រឡាញ់ជាតិមាតុភូមិ ពង្រឹងសាមគ្គីភាព មិត្តភាព ដែលរួមចំណែកយ៉ាងសកម្ម ដល់ការពង្រឹងឯកភាពជាតិ និងសុខសន្ដិភាពនៅកម្ពុជា។ វិស័យកីឡា ដើរតួនាទីសំខាន់ ក្នុងវិស័យការទូត និងទំនាក់ទំនងអន្ដរជាតិ។ ជាការចូលរួមក្នុងវិស័យកីឡាឆ្លុះបញ្ជាំងឲ្យឃើញ ពីការរឹតចំណង មិត្តភាព សាមគ្គីភាព ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងរដ្ឋ និងប្រជាជន នៃប្រទេសចូលរួមទាំងអស់។»។ សម្ដេច ហ៊ុន ម៉ាណែត បាននិយាយដូច្នេះ៕
 

Tag:
 សម្ដេច ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com