ជាតិ
សម្ដេច ហ៊ុន ម៉ា ណែត ទៅគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចមហាសង្ឃរាជ ទេព វង្ស
26, Feb 2024 , 9:00 pm        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅយប់ថ្ងៃទី២៦ ខែកុម្ភៈនេះ បានអញ្ជើញទៅគោរពព្រះវិញ្ញាណក្ខន្ធរបស់សម្តេចមហាសង្ឃរាជ ទេព វង្ស ដែលយាងចូលព្រះទិវង្គត នៅល្ងាចម៉ោង៥និង៤០នាទី ថ្ងៃទី២៦ ខែកុម្ភៈ។



ក្រៅតែពីសាររំលែកទុក្ខតាមបណ្ដាញសង្គមហ្វេសប៊ុក សម្ដេច ហ៊ុន ម៉ាណែត ក៏បានទៅគោរពព្រះវិញ្ញាណក្ខន្ធ និងត្រួតពិនិត្យការរៀបចំព្រះរាជពិធីបុណ្យយាងសោយព្រះទិវង្គត សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស  នាបរិវេណវត្តឧណ្ណាលោម ក្រុងភ្នំពេញ។
 
បើតាមសម្ដេច ហ៊ុន ម៉ាណែត សម្តេចមហាសង្ឃរាជ ទេព វង្ស បានលះបង់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ ក្នុងបុព្វហេតុព្រះពុទ្ធសាសនា សង្គមជាតិ វប្បធម៌ អរិយធម៌ អក្សរសាស្ត្រ ជាពិសេសចំពោះបុព្វហេតុនៃការរីកចម្រើនរុងរឿងក្នុងវិស័យព្រះពុទ្ធសាសនា ។ 
 
ប្រមុខរាជរដ្ឋាភិបាលរូបនេះ ចាត់ទុកការចូលព្រះទិវង្គតរបស់ព្រះអង្គនៅពេលនេះ គឺជាការបាត់បង់នូវធនធានដ៏កម្របំផុតរបស់ព្រះពុទ្ធសាសនា ដោយហេតុថា សម្តេចគឺជាវិញ្ញូសង្ឃ ដែលបានស្ថាបនានូវស្នាព្រះហត្ថយ៉ាងច្រើនអនេក ទាំងពុទ្ធចក្រ និងអាណាចក្រ ទុកសម្រាប់បច្ឆាជន ប្រើប្រាស់ជាធនធានក្នុងការរួមចំណែកអភិវឌ្ឍសង្គមមជាតិតទៅអនាគត។ 
 
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ  នៃព្រះរាជាណាចក្រកម្ពុជា បានយាងសោយព្រះទិវង្គត នៅព្រះជន្មាយុ៩៣ ព្រះវស្សា នាម៉ោង៥ល្ងាច ថ្ងៃទី២៦ កុម្ភៈ។
 
ព្រះសពសម្ដេចមហាសង្ឃរាជ ត្រូវបានតម្កល់ទុក ក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យទក្ខិណានុប្បទាន ព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ តាមប្រពៃណីខ្មែរ រហូតដល់ថ្វាយព្រះភ្លើង។ ចំពោះកាលបរិច្ឆេទថ្វាយព្រះភ្លើងនេះ មិនទាន់កំណត់ទេ ដោយគណៈសង្ឃនាយក នឹងជូនដំណឹងនៅពេលក្រោយ។
 
សម្ដេច ទេព វង្ស ប្រសូតថ្ងៃទី១២ ខែមករា ឆ្នាំ១៩៣២ នៅក្នុងឃុំជ្រាវ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ បិតាព្រះអង្គនាម ទេព ឈិត , មាតានាម  ប៉ិច អាត់។ ព្រះអង្គ បានលះបង់ព្រះរាជកាយពលយ៉ាងខ្លាំង ក្នុងវិស័យព្រះពុទ្ធសាសនា ក្រោយកម្ពុជា បានរួចផុតពីសម័យរបបខ្មែរក្រហម ប៉ុល ពត។ ព្រះអង្គក្នុបានបង្កើតគណៈសង្ឃកម្ពុជាឡើងវិញ តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក។ ព្រះអង្គ ក៏ទទួលបានគោរម្យងារជា «សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស » នៅអំឡុងឆ្នាំ២០០៦។
 
សម្ដេច ទេព វង្ស បានសាងផ្នួសចំនួន២លើក។ លើកទី១ ព្រះអង្គ ទេព វង្ស បានបួសនៅក្នុងសំណាក់ព្រះឧបជ្ឈាយ៍ ព្រះនាម ហ៊ីង ម៉ៅ "ពុទ្ធសរ" ព្រះសមុហ៍ ព្រះចៅអធិការ វត្តរាជបូណ៌ ខេត្តសៀមរាប នៅឆ្នាំ១៩៥២ ។   
 
ដោយឡែកលើកទី២ ព្រះអង្គ បានបួសក្នុងសំណាក់ព្រះឧបជ្ឈាយ៍ ឋិតសីលោ និមន្តមកពីកម្ពុជាក្រោម នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ នៅថ្ងៃទី១៩ កញ្ញា ១៩៧៩។ នៅក្នុងឆ្នាំដដែលនោះ ព្រះអង្គ ទេព វង្ស បានឡើងជាព្រះវិន័យធរប្រធានសង្ឃ និងជាព្រះឧបជ្ឈាហ៍ ទូទាំងប្រទេស បន្តពីព្រះគ្រូមហាថេរ ព្រះនាមកើត វ៉ាយ។
 
ព្រះវិន័យធរ ទេព វង្ស ទ្រង់ជាព្រះឧបជ្ឈាហ៍ធំជាងគេ ដែលបានបំបួសរាល់ព្រះថេរចាស់ៗ ជាអតីតព្រះថេរសម័យមុន ដែលបានផ្សឹកក្នុងសម័យខ្មែរក្រហម ហើយរស់រានជីវិតក្រោយរបបខ្មៅងងឹតនេះដួលរលំ និងបានចូលមក បួសបំពេញឧបសម្បទាជាផ្លូវការឡើងវិញ ក្នុងសំណាក់ព្រះវិន័យធរ នៅវត្តឧណ្ណាលោម។
 
ក្រោយកាន់តួនាទីជាព្រះវិន័យធ និងជាព្រះឧបជ្ឈាយ៍នៃកម្ពុជា អស់១៤ឆ្នាំ ព្រះអង្គ ទេព វង្ស ក៏ទទួលបានគោរម្យងារជាព្រះមហាសុមេធាធិបតី សង្ឃនាយក នៅឆ្នាំ១៩៩១។ ស្នាព្រះហស្ថព្រះអង្គក្នុងវិស័យពុទ្ធសាសនា ពិតជាជ្រាលជ្រៅឥតគណនា រហូតទទួលបានគោរម្យងារ ជាសម្ដេចព្រះមហាសុមេធាធិបតី ព្រះសង្ឃរាជ គណៈមហានិកាយ នៅថ្ងៃទី១៥ វិច្ចិកា ១៩៩១ ។
 
ព្រះអង្គ ក៏ទទួលបានគោរម្យងារ និងតួនាទីជាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេសបណ្ឌិត សម្ដេចព្រះមហាសង្ឃរាជ នៅថ្ងៃទី២៩ មេសា ឆ្នាំ២០០៦៕
 

© រក្សាសិទ្ធិដោយ thmeythmey.com