កីឡាជាតិ
ជាតិ
រង់ចាំ៥៩ឆ្នាំ កម្ពុជាប៉ះក្រុម​ឆ្លងទ្វីបលើកដំបូងក្នុងជំនួបមិត្តភាពអន្តរជាតិ FIFA Series
27, Feb 2024 , 1:52 am        
រូបភាព
ស្ថិតក្នុងគម្រោងសាកល្បងរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ព្រឹត្តិការណ៍មិត្តភាពអន្តរជាតិ FIFA Series នឹងផ្តល់ឱកាសដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមចំណាត់ថ្នាក់ទាបដទៃទៀត អាចប្រកួត ជាអន្តរទ្វីប។ នេះជាលើកដំបូងផងដែរសម្រាប់កម្ពុជាក្នុងរយៈពេល៥៩ឆ្នាំ បើគិតចាប់តាំងពីជួបហ្គីណេនៅតំបន់អាហ្វ្រិក កាលពីឆ្នាំ១៩៦៥។


 FIFA Series ត្រូវបានបញ្ចូលទៅក្នុងកាលវិភាគនៃការប្រកួតអន្តរជាតិសម្រាប់ក្រុមជម្រើសជាតិបុរសនៅខែមីនា ឆ្នាំ២០២៤ នេះ ដែលជាគម្រោងសាកល្បងនៃគោលដៅយុទ្ធសាស្ត្រការប្រកួតសកល (Strategic Objectives for the Global Game: 2023-2027) ហើយត្រូវបានសម្រេចដោយក្រុមប្រឹក្សា FIFA កាលពីខែធ្នូ ឆ្នាំ២០២២។

អាល់ហ្សេរី អាស៊ែបៃហ្សង់ អារ៉ាប៊ីសាអូឌីត និងស្រីលង្កា គឺជាម្ចាស់ផ្ទះសម្រាប់ជំនួបនៃគម្រោងសាកល្បង FIFA Series International Friendlies នេះ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។ កម្មវិធីជាអចិន្ត្រៃយ៍ គ្រោងចាប់ដំណើរការពីខែមីនា ឆ្នាំ២០២៦ តទៅ។

«FIFA Series គឺជាជំហានទៅមុខដ៏វិជ្ជមានមួយសម្រាប់ក្រុមជម្រើសជាតិទាំងអស់នៅគ្រប់កម្រិត»។ នេះជាការដកស្រង់សម្តីរបស់លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដែលសារព័ត៌មានឌីជីថលថ្មីៗ ទទួលបាន។

កម្ពុជានឹងត្រូវប្រកួតនៅទឹកដីអារ៉ាប៊ីសាអូឌីត ដោយត្រូវប៉ះជាមួយជម្រើសជាតិកាប់វែរ (CAF), ហ្គីណេអេក្វាទ័រ (CAF) និង ហ្គីយ៉ាន (CONCACAF)។

ទោះមិនប្រកួតដោយខ្លួនឯង អារ៉ាប៊ីសាអូឌីត ទទួលសម្រាប់ជំនួប FIFA Series មួយទៀត គឺព្រុយណេ ត្រូវប៉ះជាមួយ ប៊ែរមុយដា (CONCACAF), ហ្គីណេ (CAF) និង វ៉ានូអាទូ (OFC)។
អាល់ហ្សេរី (CAF) ធ្វើជាម្ចាស់ផ្ទះ ដោយត្រូវស្វាគមន៍ អង់ដូរ៉ា (UEFA), បូលីវី (CONMEBOL) និងអាហ្វ្រិកខាងត្បូង (CAF)។ អាស៊ៃបៃហ្សង់ (UEFA) ទទួល ប៊ុលហ្គារី (UEFA), ម៉ុងហ្គោលី (AFC), តង់ហ្សានី (CAF)។

ស្រីលង្កា ធ្វើជាម្ចាស់ផ្ទះ ដោយត្រូវស្វាគមន៍ ប៊ូតង់ (AFC), សាធារណរដ្ឋអាហ្វ្រិកកណ្តាល (CAF), ប៉ាពូអាស៊ីនូវែលហ្គីណេ (OFC)។

បើគិតចាប់តាំងពីអូស្ត្រាលីចាកចេញពីសហព័ន្ធនៃតំបន់អូសេអានី (OFC) មកចូលរួមក្នុងតំបន់អាស៊ី (AFC) ក្រុមជម្រើសជាតិហ្គីណេ គឺជាក្រុមក្រៅទ្វីបតែមួយគត់ដែលកម្ពុជាធ្លាប់ប្រកួត ហើយត្រូវបានទទួលស្គាល់ដោយ FIFA។ នាជំនួបក្នុងព្រឹត្តិការណ៍ Ganefo ឆ្នាំ១៩៦៥ នៅក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង កម្ពុជាចាញ់ហ្គីណេ ២-១ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com