ជាតិ
ព័ត៍មានសុខភាព
សុខភាព
ស្រី​ៗ​មិន​ខ្វល់ មិន​អើពើ! ប្រយ័ត្ន​ណា​កើត​ជំងឺមហារីក​គ្រាប់​ឈាម​មិនដឹង​ខ្លួន
28, Feb 2024 , 6:59 am        
រូបភាព
មហារីក​គ្រាប់​ឈាម ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ ដែល​អាច​ធ្វើ​ឲ្យ​សុខភាព​របស់​អ្នក​ទ្រុឌទ្រោម​បន្តិច​ម្តង​ៗ​រហូត​ដល់​ថ្ងៃ​ស្លាប់​។ ប៉ុន្តែ ប្រសិនបើ​ជំងឺ​នេះ ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដំបូង យើង​អាច​ការពារ និង​ព្យាបាល​បាន​។ ដូច្នេះ រឿង​ដំបូង​ដែល​អ្នក​ត្រូវធ្វើ គឺ​ត្រូវ​ចេះ​សង្កេត​មើល​រោគ​សញ្ញា​ដោយ​ខ្លួនឯង​។

 
១.​ងងុយគេង ហើយ​អស់កម្លាំង
អាការ​ងងុយគេង ហើយ​អស់កម្លាំង អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​គ្នា នៅ​ពេល​ដែល​គេង​មិន​បាន​គ្រប់​គាន់ និង​ធ្វើ​ការងារ​ធ្ងន់​ពេក​។ ក៏​ប៉ុន្តែ​អ្នក​អាច​នឹង​មាន​ជំងឺមហារីក​គ្រាប់​ឈាម ប្រ​សិន​អ្នក​ឧស្សាហ៍​ងងុយគេង ទោះ​បាន​គេង​ច្រើន​ម៉ោង​ក៏​ដោយ ហើយ​ឧស្សាហ៍​អស់កម្លាំង​ទោះ​មិន​បាន​ធ្វើ​សកម្មភាព​អ្វី​ទាល់តែ​សោះ​។
 
២.​ស្លេកស្លាំង
ក្រុម​អ្នកជំនាញ​បាន​ឲ្យ​ដឹង​ថា អាការ​ស្លេកស្លាំង កើតឡើង​ដោយសារ​ជំងឺមហារីក​គ្រាប់​ឈាម បាន​បំផ្លាញ​កោសិកា​ឈាម​ល្អ​ៗ និង​រារាំង​មិន​ឲ្យ​គ្រាប់​ឈាម​កកើត​ឡើង​វិញ​។ ហេតុនេះ​ហើយ​ទើប​ធ្វើ​ឲ្យ​អ្នក​មើលទៅ​មាន​ភាពស្លេកស្លាំង ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ម្យ៉ាងទៀត អ្នក​ដែល​កើត​ជំងឺ​នេះ ក៏​អាច​នឹង​មាន​អាការ​ត្រជាក់​បាតដៃ មិន​ព្រម​បាត់​ផង​ដែរ​។
 
៣.​របួស​មិន​ងាយ​ជា
ជំងឺមហារីក​គ្រាប់​ឈាម អាច​ធ្វើ​ឲ្យ​របួស​ដែល​ទទួល​រង​ពី​ការ​មុត ឬ​ដាច់​រលាត់​សាច់​នៅ​កន្លែង​ណាមួយ​នៃ​រាង​កាយ​របស់​អ្នកជំងឺ មិន​ងាយ​នឹង​ជា​សះស្បើយ ឬ​មិន​អាច​នឹង​ជា​រៀង​រហូត​។
 
៤.​ឧស្សាហ៍​ក្តៅខ្លួន
កោសិកា​ឈាម ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាង​កាយ តែ​ប្រសិនបើ​វា​រង​នូវ​ការ​វាយប្រហារ​ពី​ជំងឺមហារីក​គ្រាប់​ឈាម នោះ​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាង​កាយ​នឹង​ចុះ​ខ្សោយ ហើយ​អាច​ធ្វើ​ឲ្យ​ជំងឺ​ឱកាសនិយម អាច​ឆ្លៀត​ចូល​ក្នុង​ខ្លួន​បាន​យ៉ាង​ងាយ​។
 
៥.​ពិបាក​ដកដង្ហើម
អាការ​ពិបាក​ដកដង្ហើម ឬ​ដកដង្ហើម​ញាប់​ៗ គឺ​បណ្តាល​មក​ពី​ថាមពល​ក្នុង​រាង​កាយ​របស់​អ្នក​កំពុង​ចុះ​ខ្សោយ​។ អ្នក​អាច​សង្កេត​មើល​ដោយ​ខ្លួនឯង នៅ​ពេលធ្វើការ​ងារ​ធ្ងន់​បន្តិច​ស្រាប់តែ​មាន​អារម្មណ៍​ថា ដកដង្ហើម​មិន​ចង់​ដល់​គ្នា នេះ​ក៏​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺមហារីក​គ្រាប់​ឈាម​ផង​ដែរ​។
 
៥.​រោគ​សញ្ញា​បន្ទាប់បន្សំ
រោគ​សញ្ញា​បន្ទាប់បន្សំ​មួយ​ចំនួន​ទៀត នៃ​ជំងឺមហារីក​គ្រាប់​ឈាម មាន​ដូច​ជា​បែកញើស​នៅ​ពេល​យប់ ឈឺសន្លាក់ ស្រក​ទម្ងន់ ឧស្សាហ៍​ឈាម​ច្រមុះ គ្រុនញាក់ និង​ហើម​កូនកណ្តុរ ជាដើម​។
អាស្រ័យ​ហេតុនេះ​ប្រសិនបើ​អ្នក​កំពុង​តែ​ជួប​ប្រទះ​រោគ​សញ្ញា​ណាមួយ​ដូចដែល​បាន​រៀបរាប់​ខាងលើ សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com