កីឡាជាតិ
ជាតិ
ប្រតិភូកីឡាទោចក្រយាន ៦រូប នឹងចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៤ នៅសិង្ហបុរី
28, Feb 2024 , 9:46 am        
រូបភាព
ការតេស្ដកីឡាករ និងចម្រាញយកចូលប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅសិង្ហបុរី រូបពីសហព័ន្ធទោចក្រយានកម្ពុជា
ការតេស្ដកីឡាករ និងចម្រាញយកចូលប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅសិង្ហបុរី រូបពីសហព័ន្ធទោចក្រយានកម្ពុជា
សហព័ន្ធកីឡាទោចក្រយានកម្ពុជា នឹងបញ្ជូនអ្នកដឹកនាំក្រុម១រូប និងកីឡាករ៥រូប ចូលរួមប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសសង្ហបុរី (OCBC Cycle Sea Speedway Championship 2024) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១២ ខែឧសភា ឆ្នាំ២០២៤។ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធទោចក្រយានកម្ពុជា យល់ថាសមត្ថភាពកីឡាករកម្ពុជា នៅស្ទើ និងមានបទពិសោធន៍តិច ក្នុងការប្រកួតអន្ដរជាតិនានា។



សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានធ្វើតេស្ដសមត្ថភាពកីឡាករ ហើយបានចម្រាញយក ៥នាក់សម្រាប់ចូលរួមប្រកួត។ លោក យឿន ភីយុទ្ធ គឺជាអ្នកដឹកនាំក្រុម ហើយកីឡាករ ៥រូបទៀតមានដូចជា៖ កីឡាករ សាន ណាម៉ាវ, សាំង សីហា, យ៉ារ៉ែន បូរ៉ាជាតិ, ដាវីដ ប៉ូរីយ៉ែ និង ឆុន ភារម្យ។
 
លោក នូ ចំរើន មិនរំពឹងខ្ពស់ក្នុងការដណ្ដើមយកជ័យលាភីណាមួយឡើយ ប៉ុន្ដែគ្រាន់តែសង្ឃឹមថា កីឡាករទាំងនោះ អាចធ្វើបានល្អ និងព្យាយាមបំបែកកំណត់ត្រាផ្ទាល់ខ្លួន។ អគ្គលេខាធិការរូបនេះ មិនរំពឹងខ្ពស់ គឺដោយសារតែកីឡាករទាំងនោះ មិនសូវមានបទពិសោធន៍ច្រើន ក្នុងការប្រកួតអន្ដរជាតិ ម្យ៉ាងវិញទៀតប្រទេស ដែលចូលរួមមានកីឡាករខ្លាំងៗច្រើន។
 
«ការប្រកួតនេះមានប្រទេសខ្លាំងៗចូលរួមច្រើន។ សម្រាប់កម្ពុជាយើងមានកីឡាករក្មេងច្រើនមិនសូវមានបទពិសោធន៍បច្ចេកទេសនាការប្រកួតអន្តរជាតិបែបនេះសម្រាប់វិញ្ញាសាកង់កួក។ ប៉ុន្តែសម្រាប់ខ្ញុំសង្ឃឹមថាយើងនឹងទទួលបានលទ្ធផលល្អនាពេលខាងមុខ ពីព្រោះកីឡាករយើងមានឆន្ទៈខ្ពស់ និងព្យាយាមហ្វឹកហាត់ណាស់នាពេលនេះ ដើម្បីត្រៀមខ្លួនខ្លាំងណាស់នាពេលប្រកួតខាងមុខ។»។ លោក នូ ចំរើន បាននិយាយដូច្នេះ។
 
ព្រឹត្តិការណ៍កីឡាទោចក្រយានជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ រៀបចំឡើងនៅប្រទេសសិង្ហបុរី ដែលធ្វើជាម្ចាស់ផ្ទះ តាំងពីឆ្នាំ២០០៩ មកទល់ពេលនេះ។ ដោយឡែក ព្រឹត្តិការណ៍នេះ ត្រូវបានខកខានក្នុងអំឡុងពេលកូវីដ-១៩។ ព្រឹត្តិការណ៍នេះ មាន១១ប្រទេស ចូលរួមប្រកួត៕

Tag:
 កីឡាទោចក្រយាន
  នូ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com