ជាតិ
អ្នកជំនាញថ្ម ជួសជុលចម្រឹងបង្អួចបែកបាក់ចំនួន២នៅប្រាសាទអង្គរវត្ត
28, Feb 2024 , 6:59 pm        
រូបភាព
ការជួសជុលចម្រឹងបង្អួចចំនួន២នៅប្រាសាទអង្គរវត្ត។ រូបភាពពីអាជ្ញាធរជាតិអប្សរា
ការជួសជុលចម្រឹងបង្អួចចំនួន២នៅប្រាសាទអង្គរវត្ត។ រូបភាពពីអាជ្ញាធរជាតិអប្សរា
ដោយ៖ ថោង ប្រណី
 
សៀមរាប៖ អ្នកជំនាញអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុល​ចម្រឹងបង្អួចចំនួន២ នៅប្រាសាទអង្គរវត្ត ដែលបែកបាក់ឱ្យរឹងមាំឡើងវិញ។

 
ចម្រឹងបង្អួចទាំង២នោះ មួយនៅរួតព្រះពាន់ ផ្នែកខាងក្រៅនាទិសឦសាន បានបាក់ជាពីរកំណាត់ និងមួយទៀត នៅខ្លោងទ្វារចូលខាងមុខប្រាសាទអង្គរ ចំណុចផ្លូវដំរីទិសខាងជើង បាក់ជាបួនកំណាត់ និងមានស្នាមប្រេះទៀតផង។ នេះបើតាមការចុះផ្សាយរបស់​អាជ្ញាធរជាតិអប្សរា។ 
 
អ្នកជំនាញអភិរក្សថ្ម លោក សយ សុភារិន្ទ បានឱ្យដឹងថា ក្រោយពិនិត្យរួចរាល់ ស្ថានភាពចម្រឹងបង្អួចទាំងពីរ មានសភាពទ្រុឌទ្រោមខ្លាំង និងមិនមានលំនឹង។ ក្រុមការងារ បានចាត់វិធានការសង្គ្រោះបឋម ដោយចងក្រៀកជាមួយនឹងឈើទប់លំនឹង ជាបណ្តោះអាសន្ន ដើម្បីកុំឱ្យធ្លាក់មុនពេលជួសជុល។ 
 
យ៉ាងណាលោក សុភារិន្ទ ពន្យល់ថា ចម្រឹងបង្អួចទី១ នៅខ្លោងទ្វារចូលចំណុចផ្លូវដំរី​មានគុណភាពល្អ គ្រាន់តែបាក់មួយកំណាត់ផ្នែកគល់ប៉ុណ្ណោះ។ ហេតុនេះ ការជួសជុលនិងព្យាបាលត្រូវធ្វើតាមដំណាក់កាល ដូចជា សម្អាតស្ងួត សម្អាតសើម ដកជាតិអំបិល តភ្ជាប់ដោយដាក់ស្នូល និងបិតកាវភ្ជាប់សាច់ថ្ម បិតកំបោរបាយអ តាមមុខដំណរ ការពារដើម្បីកុំឱ្យជ្រាបទឹក និងបន្ថែមថ្មថ្មីតាមកន្លែងដែលបាត់សាច់ថ្ម ដើម្បីជួយទ្រតួ​ចម្រឹង​ទាំងមូល។ 
 
​រីឯចម្រឹងបង្អួចទី២ ដែលយកមកពីផ្នែកខាងក្រៅជ្រុងឦសាននៃថែវទី២វិញ មានសភាពទ្រុឌទ្រោម និងចុះខ្សោយខ្លាំង ដោយសារតែបាត់ថ្មមួយចំហៀង។ ឃើញដូចនេះ ក្រុមការងារព្យាយាមជួសជុលពង្រឹង ព្យាបាលតភ្ជាប់ និងបន្ថែមថ្មថ្មីត្រង់កន្លែងដែលបាត់ ដើម្បីឱ្យរឹងមាំនិងមានលំនឹងដូចដើម។ នេះជាការបញ្ជាក់របស់ លោក សយ សុភារិន្ទ។​
 
លោក សុភារិន្ទ បន្ថែមទៀតថា ការខូចខាតចម្រឹងបង្អួចទាំង២ ដោយសារអាយុកាលនៃថ្ម អាកាសធាតុក្ដៅ សើម ពិសេសសំណើម ដែលធ្វើឱ្យមានទឹកជ្រាបចូលតាមថ្នេរថ្ម ឬស្នាមប្រេះរបស់ថ្ម ទើបបណ្ដាលឱ្យថ្មឆាប់ពុកផុយ។
 
អ្នកជំនាញរូបនេះ ក៏បានស្នើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅទស្សនាប្រាសាទអង្គរវត្ត ចៀសវាង ចាប់តោងចម្រឹងបង្អួច ព្រោះចម្រឹងទាំងនោះមិនរឹងមាំទេ ដោយសារចម្រឹងបង្អួច​មិនមែនជារចនាសម្ពន្ធដែលអាចទ្រទម្ងន់ឡើយ គឺវាគ្រាន់តែជាគ្រឿងលម្អប៉ុណ្ណោះ៕

© រក្សាសិទ្ធិដោយ thmeythmey.com