ជាតិ
អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមសម្អាតនិងចុះបញ្ជីថ្មនៅប្រាសាទអ្នកតាវាំង
01, Mar 2024 , 8:29 am        
រូបភាព
សំណង់សេសសល់ប្រាសាទអ្នកតាវាំង។ រូបភាពពីអាជ្ញាធរជាតិអប្សរា
សំណង់សេសសល់ប្រាសាទអ្នកតាវាំង។ រូបភាពពីអាជ្ញាធរជាតិអប្សរា
ដោយ៖ ថោង ប្រណី
 
សៀមរាប៖ ប្រាសាទអ្នកតាវាំង ឬអ្នកស្រុកនិយមហៅថា ប្រាសាទគោកតាវាំង ជាប្រាសាទតូចមួយ ស្ថិតនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ប្រាសាទនេះ បានបែកបាក់ និងបាត់បង់រូបរាងស្ទើរទាំងស្រុងទៅហើយ ដោយសារកត្តាធម្មជាតិ អាយុកាល និងកត្តាមនុស្ស។ ក្រុមជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងចុះបញ្ជីថ្ម ដែលធ្លាក់រាយប៉ាយនៅជុំវិញនោះ ដើម្បីស្វែងរកថ្ម រួចសម្អាត និងរៀបផ្គុំប្រាសាទឱ្យមានរូបរាងឡើងវិញ។

 
បើតាមការរៀបរាប់របស់លោក រស់ វិសុទ្ធ មន្ត្រីអភិរក្សប្រាសាទភ្នំក្រោម  ជាងមួយខែមកហើយ ដែលក្រុមការងារ បានចុះមកទីតាំងប្រាសាទនេះ និងពិនិត្យមើលកិច្ចការមួយចំនួន ដើម្បីអភិរក្សប្រាសាទ ​ដែលរងការខូចខាត​ទ្រុឌទ្រោម​​នៅសល់តែគ្រឹះខាងក្រោម និងមានថ្មធ្លាក់រាយប៉ាយ។ លោក វិសុទ្ធ បន្ធែមថា ទីតាំងនេះ ក៏មានការរំលោភបំពានពីសំណាក់ពលរដ្ឋរស់នៅក្បែរៗនោះដែរ ដោយបានចាក់ដីលុប និងសង់សំណង់ថ្មីពីលើ។ 
 
បំណែកចម្លាក់ថ្មប្រាសាទអ្នកតាវាំង។ រូបភាពពីអាជ្ញាធរជាតិអប្សរា

លោក វិសុទ្ធ ពន្យល់ថា ក្រៅពីការងារបោសសម្អាតនៅជុំវិញបរិវេណប្រាសាទ ក្រុមជំនាញកំពុងធ្វើបច្ចុប្បន្នភាពទៅលើថ្ម ដែលនៅរាយប៉ាយទាំងអស់។ អ្នកជំនាញ ត្រូវសម្អាតថ្ម បង់លេខថ្មទើបចុះបញ្ជី ដើម្បីកំណត់ចំនួនថ្មដូចជា ថ្មមានក្បាច់ ថ្មជញ្ជាំង ថ្មសសរផ្អោប ថ្មសសរពេជ្រ និងថ្មផ្សេងទៀត ។ លោកបន្តថា ជំហានដំបូងគេត្រូវសម្រង់ថ្មណា ដែលមានក្បាច់រចនា​​ ឬរូបរាងគ្រប់គ្រាន់ មុននឹងចាប់ផ្តើមជួសជុល ឬរៀបផ្គុំថ្ម​សាកល្បង​ឡើងវិញ ទៅតាមក្រុមថ្មនីមួយៗ។ កិច្ចការបន្ទាប់ គឺស្នើសុំគោលការណ៍ថ្នាក់លើដើម្បីរៀបចំ ជួសជុលឡើងវិញ។ 
 
សូមជម្រាបថា អំឡុងឆ្នាំ១៩៧២ សាលាបារាំងចុងបូព៌ា ធ្លាប់បានមកធ្វើកំណាយស្រាវជ្រាវ ​នៅលើទីតាំងនេះម្តងរួចមកហើយ។ កាលនោះនៅកំពូលខាងលើប្រាសាទ មានសំណង់​ប្រក់ក្បឿង ដែលប្រើសម្រាប់គោរពបូជាអ្នកតា។ អាជ្ញាធរជាតិអប្សរាស្នើឱ្យពលរដ្ឋនៅជុំវិញ ត្រូវជួយថែរក្សា ការពារនិងអភិរក្ស មិនថាប្រាសាទនោះតូចឬធំឡើយ ត្រូវឈ្វេងយល់​និងផ្តល់តម្លៃ​​ដល់សំណង់បុរាណទាំងអស់ ដែលបន្សល់ទុកពីជំនាន់មុនមក៕

ថ្មរាយប៉ាយនៅជុំវិញប្រាសាទអ្នកតាវាំង។ រូបភាពពីអាជ្ញាធរជាតិអប្សរា

© រក្សាសិទ្ធិដោយ thmeythmey.com