គម្រោងវិនិយោគចំនួនពីរ ដែលមានតម្លៃជិត៦០០លានដុល្លារអាម៉េរិក នៅខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។ គម្រោងទាំងពីរនេះ ត្រូវបានវាយតម្លៃថា នឹងជះឥទិ្ធពលវិជ្ជមានដល់សេដ្ឋកិច្ចខេត្តព្រះសីហនុ។
បើតាមរដ្ឋបាលខេត្តព្រះសីហនុ គម្រោងដែលទទួលបានលើកទឹកចិត្តពីរដ្ឋាភិបាលនោះ គឺមានគម្រោងវិនិយោគសាងសង់សណ្ឋាគារផ្កាយ៥ ចំនួន២៨៧០បន្ទប់ ស្ថិតនៅពយតាម៉ូង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គម្រោងរបស់ក្រុមហ៊ុន Ban Dao Investment Co., LTDនេះ មានទុនវិនិយោគ ៥៧៤លានដុល្លារ ខណៈគម្រោងសាងសង់រោងចក្រកែច្នៃផ្លែឈើ ក្នុងស្រុករបស់ក្រុមហ៊ុន Haoruidar (Cambodia) Co., LTD មានទុនជាង១២លានដុល្លារ។
គម្រោងរបស់ក្រុមហ៊ុន Haoruidar ដែលស្ថិតនៅឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ផ្តោតសំខាន់លើការកែច្នៃស្វាយ, ម្នាស់, ខ្នុរ, និងទុរេន។
គម្រោងទាំងពីរខាងលើនេះ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ សម្រេចផ្តល់គោលការណ៍វិនិយោគ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។ គម្រោងទាំងពីរ ដោយទទួលបានការគាំទ្រពីរដ្ឋាភិបាល ទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ រួមទាំងការលើកចិត្តនានា។ គណៈកម្មការបានវាយតម្លៃខ្ពស់ថា គម្រោងវិនិយោគទាំងពីរនេះ នឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ចខេត្តព្រះសីហនុ ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា ផងដែរ។
កាលពីថ្ងៃទី៣១ ខែមករា សម្តេច ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្ត«កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤» ដើម្បីដោះស្រាយបញ្ហាកំពុងតែប្រឈម និងជំរុញការអភិវឌ្ឍសម្រាប់រយៈពេលមធ្យម និងវែង។ រដ្ឋាភិបាលបានគិតគូរជាកញ្ចប់ ដើម្បីលើកស្ទួយសកម្មភាពការវិនិយោគ ពាណិជ្ជកម្ម និងធុរកិច្ចនៅក្នុងខេត្តព្រះសីហនុឱ្យកាន់តែខ្លាំង។
សម្តេចបានបញ្ជាក់ថា៖ « រាជរដ្ឋាភិបាលសម្រេចដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤ សំដៅកសាងខេត្តព្រះសីហនុទៅជាខេត្តឈានមុខ និងជាខេត្តគំរូនៅក្នុងការជំរុញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រែក្លាយខេត្តនេះទៅជាខេត្ត ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ព្រមទាំងចូលរួមពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែស្ទុះឡើងក្នុងរយៈពេលខ្លី»។
អត្ថប្រយោជន៍ទាំងនោះ រួមមានការលើកលែងពន្ធកាត់ទុកលើការជួលអចលនទ្រព្យ រយៈពេល ៥ ឆ្នាំ ការលើកលែងពន្ធអចលនទ្រព្យ និងការលើកលែងទណ្ឌកម្មរដ្ឋបាល ការលើកលែងការបង់ថ្លៃសេវាសាធារណៈ និងថ្លៃលើសន្ទស្សន៍ប្រើប្រាស់ដី ចំពោះការស្នើសុំលិខិតអនុញ្ញាតពាក់ព័ន្ធនឹងការសាងសង់ ការសម្រួលនីតិវិធី និងបែបបទនៃការស្នើសុំលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនឹងការងារសំណង់ជាដើម។ នេះបើតាមការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា៕