ជាតិ
វីដេអូ
គម្រោង CO-SAVED បានជួយពង្រឹងសមត្ថភាព និងលើកកម្ពស់ជីវភាពប្រជាសហគមន៍ត្រពាំងសង្កែ
02, Mar 2024 , 12:59 pm        
រូបភាព
កំពត៖ សហគមន៍ត្រពាំងសង្កែ ជាតំបន់អេកូទេសចរណ៍ដ៏ល្បីមួយ ដែលស្ថិតក្នុងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។ ដើម្បីពង្រឹសមត្ថភាពរបស់ប្រជាសហគមន៍ និងកែប្រែតំបន់ទេសចរណ៍ឱ្យកាន់តែទាក់ទាញ សម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការគាំទ្រសំឡេង ដើម្បីសមធម៌សង្គម (CO-SAVED) ដែលដឹកនាំដោយអង្គការ អេត អេ អាក់ស្យុង(AEA) និងអង្គការដៃគូដទៃទៀត បានផ្តល់វគ្គបណ្តុះបណ្តាលជាច្រើនដល់ប្រជាសហគមន៍ ដូចជាការបើកទូកទេសចរណ៍ បដិសណ្ឋារកិច្ច បច្ចេកទេសចិញ្ចឹមសត្វ និងដាំដំណាំដែលធន់នឹងនឹងបម្រែបម្រួលអាកាសធាតុ ក្នុងគោលបំណងរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។

 
សូមលោក អ្នកនាង អញ្ជើញទស្សនាវីដេអូដូចតទៅ៖

 

សហគមន៍នេសាទត្រពាំងសង្កែ ជាតំបន់អេកូទេសចរណ៍ដ៏ពេញនិយមមួយ នៅក្នុងខេត្តកំពត។ ព្រៃកោងកាងដ៏ស្រស់ស្អាត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តែងតែអន្ទងចិត្តអ្នកទេសចរឱ្យមកលេងកម្សាន្តនៅទីនេះម្តងហើយម្តងទៀត។ ការផ្តល់សេវាកម្មដល់ភ្ញៀវទេសចរ បានរួមចំណែកផ្តល់ប្រាក់ចំណូល ដល់ប្រជាសហគមន៍ បន្ថែមពីការធ្វើនេសាទ និងប្រកបរបរកសិកម្មជាដើមរបស់ប្រជាពលរដ្ឋនៅទីនេះ។
 
ដើម្បីជំរុញការផ្តល់សេវាកម្មកាន់តែប្រសើរ និងទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើន គម្រោងសម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការគាំទ្រសំឡេង ដើម្បីសមធម៌សង្គម (CO-SAVED) ដែលដឹកនាំដោយអង្គការ អេត អេ អាក់ស្យុង(AEA) និងអង្គការដៃគូដទៃទៀត បានផ្តល់វគ្គបណ្តុះបណ្តាលជាច្រើនដល់ប្រជាសហគមន៍។ 
 
បើតាមលោក កើត ម៉ាត់ត្រហេត ប្រធានថ្នាក់តំបន់របស់អង្គការ អេត អេ អាក់ស្យុង ពលរដ្ឋនៅសហគមន៍នេះ ទទួលបានការបណ្តុះបណ្តាលដូចជា ការបើកទូកទេសចរណ៍ បដិសណ្ឋារកិច្ច បច្ចេកទេសចិញ្ចឹមសត្វ និងដាំដំណាំដែលធន់នឹងនឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងការការផ្តល់ទុនដើម្បីបង្កើតមុខរបរថ្មីផងដែរ។ 


 
តាមរយៈការជួយពង្រឹងសមត្ថភាពពលរដ្ឋ ទំនុកបម្រុងផ្នែកទូក បង្រៀនបើកទូកទេសចរណ៍ ដើម្បីផ្តល់ឱកាសឱ្យប្រជាជន អាចរកចំណូលបន្ថែម ដោយការដឹកភ្ញៀវមើលទេសភាព។ ក្រៅពីនេះ អង្គការ អេត អេ អាក់ស្យុង ក៏បានជួយជួសជុលហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាជួសជុលស្ពាន និងពង្រីកសាលប្រជុំនៅក្នុងសហគមន៍ផងដែរ។ «យើងជួសជុល ហើយធ្វើយ៉ាងណាឱ្យសាលប្រជុំ គឺប្រសើរជាងមុន។ ចំណែកភ្ញៀវទេសចរ ដែលត្រូវការការប្រជុំ សិក្ខាសាលា អាចធ្វើនៅទីនេះបាន។ នៅពេលទេសចរមកប្រជុំច្រើន សហគមន៍ក៏អាចរកប្រាក់ចំណូលបាន តាមរយៈការធ្វើម្ហូបអាហារ ការជិះទូក ការដាំកោងកាង។ នៅពេលពួកគាត់ (ទេសចរ) មកស្នាក់នៅ ដូច្នេះប្រជាសហគមន៍ក៏ទទួលប្រាក់ចំណូលបន្ថែមទៀតដែរ។»។

កើត ម៉ាត់ត្រហេត ប្រធានថ្នាក់តំបន់របស់អង្គការ អេត អេ អាក់ស្យុង
 
ងាកមកការបម្រើសេវាកម្មទូកវិញម្តង ពលរដ្ឋខ្លះបានផ្អាកពីរបរនេសាទ ហើយចាប់យកការងារជាអ្នកបើទូកទេសចរណ៍ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព។ ពួកគាត់ ទទួលបានវគ្គបណ្តុះបណ្តាល តាមរយៈការបង្រៀនបើកទូក របៀបបដិសណ្ឋារកិច្ចចំពោះភ្ញៀវ ការរៀបចំទូកឱ្យមានភាពទាក់ទាញផងដែរ។ 
 
សូមជម្រាបថា សកម្មភាពកម្សាន្តដែលទេសចរនិយមជាងគេ នៅសហគមន៍នេសាទត្រពាំងសង្កែនេះ គឺការជិះទូកមើលព្រៃកោងកាង ការទទួលទានអាហារតាមខ្យូស និងការដាំកូនកោងកាងជាដើម។ ក្រៅពីនេះ ភ្ញៀវទេសចរក៏អាចស្នាក់នៅផ្ទះលំហែ នៅក្នុងសហគមន៍នេសាទត្រពាំងសង្កែនេះបានដែរ។ សកម្មភាពទេសចរណ៍ដ៏មមាញឹកនៅសហគមន៍នេសាទត្រពាំង បង្ហាញពីលទ្ធផលដែលបានមកពីការរួមចំណែក របស់គម្រោង CO-SAVED នាពេលកន្លងមក៕






Tag:
 AEA
  ទេសចរណ៍
  ត្រពាំងសង្កែ
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com