ជាតិ
បទសម្ភាសន៍
វីដេអូ
លោក លឹម ហេង ថតវីដេអូបោះមេដែកតាមស្ទឹង ផ្តល់ការ​កម្សាន្តនិង​សម្អាត​បរិស្ថាន
03, Mar 2024 , 9:00 am        
រូបភាព
លោក លឹម ហេង អ្នកផលិតវីដេអូបោះមេដេក សម្រាប់យូធូប រស់នៅក្នុងខេត្តសៀមរាប។ រូបភាពដោយ លោក ថោង ប្រណី៕
លោក លឹម ហេង អ្នកផលិតវីដេអូបោះមេដេក សម្រាប់យូធូប រស់នៅក្នុងខេត្តសៀមរាប។ រូបភាពដោយ លោក ថោង ប្រណី៕
ដោយ៖ ថោង ប្រណី

សៀមរាប៖ ​សកម្មភាពបោះមេដែក​​ស្រូបយកវត្ថុលោហៈផ្សេងៗតាមស្ទឹង ត្រូវបាន​លោក លឹម ហេង ផលិតជាវីដេអូ និងបង្ហោះវា​ទៅក្នុង​យូធូប និងបណ្តាញ​សង្គម​ផ្សេងៗ​ទៀត។ លោក លឹម ហេង បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា មាតិកាវីដេ​អូ​ប្រភេទនេះ ពុំសូវមានអ្នកផលិតច្រើននៅឡើយនៅកម្ពុជា។ ​លោក លឹម ហេងបន្តទៀតថា លោក​ផលិត​វីដេអូប្រភេទនេះ ក្នុងបំណង​ផ្តល់ការកម្សាន្តដល់អ្នកទស្សនា និងជាសកម្មភាពមួយដែលចូលរួមសម្អាតបរិស្ថានផងដែរ។ លើសពីនេះបុរសរូបនេះ រំពឹងថា នៅពេល​វីដេអូទាំងនោះមានអ្នកទស្សនាច្រើនក្នុង YouTube វាអាចផ្តល់ប្រាក់ចំណូល​ខ្លះត្រឡប់មកវិញដែរ។

 តទៅ​នេះសូមលោកអ្នកនាង ទស្សនាវីដេអូដូចខាងក្រោម៖ 
 
​ដៃម្ខាងកាន់ខ្សែ ដៃម្ខាងទៀតកាន់ដុំមេដែក ដែលមានទម្ងន់ប្រហែល៣គីឡូក្រាម ដើម្បី ត្រៀមបោះទៅក្នុងទឹក ហើយថែមទាំងមានកាមេរ៉ាចងភ្ជាប់នឹងដើមទ្រូង សម្រាប់ថតវីដេអូ ផងនោះ លោក លឹម ហេង តែងផលិតវីដេអូដោយការបោះមេដែកទៅក្នុងបាតស្ទឹង អូរ ឬ ប្រឡាយនានា ដើម្បីស្រូបយកកម្ទេចកម្ទីដែក ដែលមានកប់ក្នុងភក់ស្ទើររាល់ថ្ងៃ។ លោក លឹម ហេង រៀបរាប់ថា នៅកម្ពុជា នៅពុំមានមាតិកាវីដេអូបែបនេះច្រើននោះទេ ដូច្នេះទើប លោកធ្វើឱ្យប្លែកពីគេ និង ផងដែរ។
 
​​ការបោះមេដែកចូលទៅប្រភពទឹករបស់ លោក លឹម ហេង គឺក្នុងគោលបំណងចង់ចូលរួម សម្អាតបរិស្ថាន តាមរយៈការ​ប្រមូលវត្ថុ​ប្រើប្រាស់ផ្សេងៗផលិតពីលោហៈ ដែលមាននៅ​ក្នុង​ទឹកដូចជាដែកគោល កាំបិត ពូថៅ ញញួរ សម្បកកំប៉ុង​ ស័ង្កសី និងសារធាតុផ្សេងទៀត​ដែលមេដែកអាចស្រូបបាន។ បើតាម លោក លឹម ហេង ​វត្ថុទាំងអស់នេះអាចបង្កគ្រោះថ្នាក់ ដល់ពលរដ្ឋដែលចុះក្នុងទឹកនោះ ដើម្បីបង់សំណាញ់ ឬចុះរាវរករបស់របរផ្សេងៗ។
 
​លោហធាតុដែលលោក ហេង ប្រមូលបានកន្លងមក មានប្រហែល ៥០ទៅ៦០គីឡូក្រាម។ ក្រៅពីនោះលោកក៏ធ្លាប់​ស្រូបបានគ្រាប់បែកចំនួនពីរដែរ ដែល​លោក​បានប្រគល់ទៅអ្នក​ជំនាញស៊ីម៉ាក យកទៅវិនិច្ឆ័យ។
 
បុរសរូបនេះ ក៏សង្ឃឹមថា វីដេអូដែលលោកបានបង្ហោះនៅ YouTube ​​មានអ្នក​ទស្សនា​ច្រើន ឈានដល់ បានប្រាក់ចំណូលខ្លះ  ​ហើយអាចឱ្យលោក​បន្ត​សកម្មភាពនេះបាន​កាន់តែទូ​លំទូលាយថែមទៀត។ លោក លឹម ហេង អាចធ្វើដំណើរទៅបោះមេដែកតាមដងស្ទឹងនានា​ដែលនៅឆ្ងាយពីខេត្តសៀមរាប ឬបណ្តាខេត្ត ផ្សេងៗបាន។
 
លោក លឹម ហេង ក៏បានស្នើដល់ពលរដ្ឋ​ចូលរួមសម្អាតបរិស្ថាន និង​កុំបោះចោលវត្ថុ​ប្រើប្រាស់​​ចូលក្នុងប្រភពទឹក ដែលធ្វើឱ្យទឹកកខ្វក់ ប៉ះពាល់ដល់ការរស់នៅ​របស់ជីវចម្រុះនៅក្នុងទឹក៕

Tag:
 ThmeyThmey
  លឹម ហេង
  បោះមេដែកតាមស្ទឹង
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com