ជាតិ
រដូវប្រាំងឆ្នាំនេះ ក្តៅជាងឆ្នាំមុន ខណៈបរិមាណទឹកភ្លៀងនៅដើមរដូវវស្សា មានទាប
03, Mar 2024 , 10:59 am        
រូបភាព
ភ្នំពេញ៖ នៅរដូវប្រាំងឆ្នាំនេះ សីតុណ្ហភាពនៅទូទាំងប្រទេសនឹងកើនខ្ពសជាងមធ្យមភាគច្រើនឆ្នាំ ដែលជាកត្តាធ្វើឱ្យអាកាសធាតុក្តៅ ហើយស្ងួត។ នេះបើយោងតាមការព្យាករអាកាសធាតុ លើកទី២ របស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី២ កុម្ភៈ។


 
យោងតាមការព្យាករដដែល ក្នុងរដូវប្រាំងនេះ បរិមាណទឹកភ្លៀងអាចនឹងមានកម្រិតទាបជាងមធ្យមភាគច្រើនឆ្នាំ ហើយភ្លៀងកក់ខែធ្លាក់តិចតួច ដោយតិចជាងឆ្នាំ២០២៣ ជាមួយនឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន។
 
ក្រសួងធនធានទឹកបញ្ជាក់ទៀតថា នៅដើមរដូវវស្សា ២០២៤នេះ នឹងមានសីតុណ្ហភាពស្មើ ឬខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ហើយបរិមាណទឹកភ្លៀង នឹងទាបជាងមធ្យមភាគច្រើនឆ្នាំ និងមិនសូវរាយប៉ាយ។ ទន្ទឹមនឹងនេះ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ នឹងកើតឡើងច្រើន។
 
ក្រសួងធនធានទឹកបានអំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសអ្នកដែលនៅឆ្ងាយពីប្រភពទឹក ប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ និងប្រុងប្រយ័ត្នចំពោះអាកាសធាតុក្តៅហើយស្ងួត បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើននៅក្នុងខែមេសា និងខែឧសភា៕
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com