ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
កន្ត្រកស្លឹករឹត ជាប់ធន់និងប្រើប្រាស់បានច្រើនយ៉ាង
04, Mar 2024 , 7:59 am        
រូបភាព
ដោយ៖ ថោង ប្រណី
 
សៀមរាប៖ ចាស់បុរាណ យកស្លឹករឹតដើម្បីចារគម្ពីរក្បួនច្បាប់ផ្សេងៗ ព្រោះវាអាចរក្សា ទុកបានយូរអង្វែង។ តែសព្វថ្ងៃ សហគមន៍កន្ត្រកស្នាដៃខ្មែរ រួមនិងពលរដ្ឋនៅតាមបណ្ដា សហគមន៍មួយចំនួនពិសេសពលរដ្ឋក្នុងខេត្តកណ្ដាលជាដើម បានច្នៃស្លឹករឹតធ្វើជាកន្ត្រក យួរដៃ ដែលអាចប្រើប្រាស់បានច្រើនយ៉ាង តាមតម្រូវការ និងជាប់ធន់បានយូរអង្វែង ទៀតផង។

 
សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសរវាងលោក ថោង ប្រណី នៃសារព័ត៌មានឌីជីថលថ្មីៗ និងលោក សុំ សុភ័ក្រ្ត ប្រធានសហគមន៍កន្ត្រកស្នាដៃខ្មែរ ដូចតទៅ៖
 
 
តាមការលើកឡើងរបស់លោក សុំ សុភ័ក្រ្ត ប្រធានសហគមន៍កន្ត្រកស្នាដៃខ្មែរ ថាកន្ត្រក ដែលផលិតអំពីស្លឹករឹត លក់ដាច់ស្ទើរគ្រប់រដូវកាល ដោយសារមានការគាំទ្រខ្ពស់ ពីអតិថិជនទូទៅ។ លោក សុភ័ក្ត្រ បន្តថា ទន្ទឹមនឹងការលក់ដាច់ច្រើន អាជីវកម្មនេះក៏ជួបបញ្ហា លំបាកខ្លះដែរ គឺការរកវត្ថុធាតុដើមមកផលិតកន្ត្រក ព្រោះស្លឹករឹតត្រូវប្រមូលទិញពីខេត្តក្រចេះ ដោយសារទីនោះសម្បូរច្រើន។ ម្យ៉ាងទៀត នៅក្នុងរដូវវស្សាការកាប់ស្លឹករឹតគឺជួបបញ្ហាលំបាក ដោយសារមានទឹកលិច ហើយអាចប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗជាថាហេតុក៏មាន។ 


 
លោក សុំ សុភ័ក្រ្ត បន្ថែមថា ខុសពីផលិតផលផ្សេងៗរបស់សហគមន៍កន្ត្រកស្នាដៃខ្មែរ កន្ត្រកស្លឹករឹតមួយនេះគឺអ្នកផលិតនៅតាមតំបន់ខ្លួនឯងផ្ទាល់ដែលជាអ្នកច្នៃម៉ូតតាមបទពិសោធន៍និងចំណេះដែលមានស្រាប់។ លោកបញ្ជាក់ដែរថា ក្នុងកន្ទ្រកស្លឹករឹតមួយ អាចលក់បានតម្លៃ២៥០០០៛ ទៅ២៨០០០៛។ រីឯការផលិតវិញអាចចំណាយពេលមួយ ឬពីរថ្ងៃ ដើម្បីផលិតបានកន្ត្រកស្លឹករឹតមួយ។ 
 
យ៉ាងណាក៏ដោយ ក្នុងនាមជាប្រធានសហគមន៍កន្ត្រកស្នាដៃខ្មែរ លោកចង់ឱ្យពលរដ្ឋខ្មែរគ្រប់រូប ជួយ  បន្តការគាំទ្រផលិតផលដែលធ្វើឡើងដោយស្នាដៃកូនខ្មែរផ្ទាល់ ដើម្បីជាការរួមចំណែកបង្កើត ការងារ និងប្រាក់ចំណូលដល់អ្នកផលិត៕
 





© រក្សាសិទ្ធិដោយ thmeythmey.com