ជាតិ
សួនរុក្ខជាតិអង្គរ ទីពេញនិយមសម្រាប់អ្នកសៀមរាបនាថ្ងៃសម្រាកចុងសប្ដាហ៍
03, Mar 2024 , 6:59 pm        
រូបភាព
សួនរុក្ខជាតិអង្គរស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
សួនរុក្ខជាតិអង្គរស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
សៀមរាប៖ នៅកណ្ដាលក្រុងសៀមរាប សួនរុក្ខជាតិអង្គរ បានទាក់ចិត្តមហាជនជិតឆ្ងាយ មិនថាអ្នកសៀមរាប ក៏តែងនាំក្រុមគ្រួសារទៅលំហែក្នុងសួននេះដែរ ពិសេសនៅថ្ងៃសម្រាកការងារ ឬចុងសប្ដាហ៍ម្ដងៗ។

 
ប្លម់ឈើត្រឈឹងត្រឈៃ រុក្ខជាតិចម្រុះរាប់សិបប្រភេទ សួនផ្កា រុក្ខជាតិព្រៃ សួនសត្វ សួនបន្លែ គ្រឿងទេស និងស្រះចិញ្ចឹមត្រីជាដើម គឺមាននៅក្នុងសួនរុក្ខជាតិអង្គរ។ ភ្ញៀវទេសចរនឹងមានអារម្មណ៍លែងក្ដៅ ពេលឈានជើងចូលក្នុងបរិវេណសួននេះ។ នារដូវនេះ រុក្ខជាតិ និងផ្កា បានប្រដេញគ្នាបញ្ចេញផ្កា និងផ្លែយ៉ាងស្រស់បំព្រង ដែលធ្វើឱ្យទេសចរគយគន់មិនជិនណាយ និងផ្ដិតរូបភាពស្ទើរគ្រប់ទីកន្លែង។ 
 
អ្នកស្រី រៀម សុភ័ក្រ្ត រស់នៅក្រុងសៀមរាប បាននាំកូន និងក្មួយសរុប៧នាក់ មកកម្សាន្ត នាចុងសប្ដាហ៍ដើមខែ មីនានេះ។ អ្នកស្រីប្រាប់ថា កូននិងក្មួយសប្បាយចិត្តណាស់នៅពេលមកទីនេះ ហើយពួកគេចូលចិត្តមើលសត្វ និងបាញ់ធ្នូ ពិសេសមើលសត្វទោច។ នារដូវក្ដៅនេះ សួនរុក្ខជាតិអង្គរ ជាទីកម្សាន្តដ៏ល្អសម្រាប់អ្នកសៀមរាប ដែលមានម្លប់ត្រជាក់ ទស្សនារុក្ខជាតិជាច្រើន និងបានឃើញរុក្ខជាតិ ឬផ្កាខ្លះ ដែលយើងមិនធ្លាប់បានឃើញពីមុន។ នេះជាការលើកឡើងរបស់អ្នកស្រី រៀម សុភ័ក្រ្ត ដែលកំពុងអង្គុយសម្រាកនៅជិតស្រះត្រីដ៏ធំមួយក្នុងសួនរុក្ខជាតិអង្គរ។ 


 
ចំណែកលោក តេង មករា ក៏ជាអ្នកសៀមរាបដែរ និងបាននាំកូនតូចៗ២នាក់ មកលេងសួនរុក្ខជាតិអង្គរ នៅថ្ងៃចុងសប្ដាហ៍។ លោកនិយាយថា សួននេះមានការរៀបចំល្អ និងដាំរុក្ខជាតិជាច្រើន ដែលខ្លះលោកមិនធ្លាប់ស្គាល់ពីមុនមក។ ការបង្កើតសួនរុក្ខជាតិដ៏ធំនៅកណ្ដាលក្រុងសៀមរាបនេះ សំខាន់ណាស់ ទី១ជួយផ្នែកបរិស្ថាន បង្កើនគម្របព្រៃឈើ និងសម្រាប់ការលំហែកម្សាន្ត និងជាកន្លែងហាត់ប្រាណសម្រាប់អ្នកសៀមរាប។ លោក តេង មករា និយាយដូច្នេះ។
 
គួរបញ្ជាក់ថា សួនរុក្ខជាតិអង្គរ បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ និងមានផ្ទៃដីសរុបជាង១៥ហិកតា។ សួននេះមានរុក្ខជាតិរាប់ម៉ឺនដើម និងមានពូជជាង៥០០ប្រភេទ ក្នុងនោះមានដើមផ្កា ស្មៅ ឈើហូបផ្លែ សួនគ្រឿងទេស បន្លែ សួនអំបូរត្នោត សួនលំនៅឋាន។ល។ ដែលរៀបចំទៅតាមរចនាបថខ្មែរ។ ជាមធ្យមសម្រាប់ថ្ងៃធម្មតា មានអ្នកទស្សនាសួននេះ ពី៣០០ទៅ៥០០នាក់ និងចុងសប្ដាហ៍ពី៧០០ទៅជាងមួយពាន់នាក់៕







Tag:
 សួនរុក្ខជាតិអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com