RFI
ជាតិ
របាយការណ៍អង្គការ Freedom House៖ សិទ្ធិសេរីភាពក្នុងពិភពលោក បានធ្លាក់ចុះខ្លាំង ក្នុងឆ្នាំ២០២៣
03, Mar 2024 , 10:19 pm        
រូបភាព
ផែនទីប្រទេសទូទាំងពិភពលោក ដែលចែកជា៣ពណ៌៖ ពណ៌បៃតង "ប្រទេសមានសេរីភាព" ពណ៌លឿង "ប្រទេសមានសេរីភាពពាក់កណ្តាល" ពណ៌ស្វាយ "ប្រទេសគ្មានសេរីភាព"។ រូបថតស្រង់ចេញពីវែបសាយត៍ របស់អង្គការ Freedom House ថ្ងៃទី ២៩ កុម្ភៈ ២០២៤ © RFI
ផែនទីប្រទេសទូទាំងពិភពលោក ដែលចែកជា៣ពណ៌៖ ពណ៌បៃតង "ប្រទេសមានសេរីភាព" ពណ៌លឿង "ប្រទេសមានសេរីភាពពាក់កណ្តាល" ពណ៌ស្វាយ "ប្រទេសគ្មានសេរីភាព"។ រូបថតស្រង់ចេញពីវែបសាយត៍ របស់អង្គការ Freedom House ថ្ងៃទី ២៩ កុម្ភៈ ២០២៤ © RFI
ដោយ៖ ម៉ម ពិសី/RFI
 
សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោក បានធ្លាក់ចុះជាខ្លាំង នៅក្នុងឆ្នាំ២០២៣។ នេះបើផ្អែកតាមការវាយតម្លៃ របស់អង្គការ Freedom House នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន។ ជារួម ក្នុងរយៈពេល១៨ឆ្នាំជាប់គ្នាមកនេះ សិទ្ធិសេរីភាពនយោបាយ និងសិទ្ធិសង្គម បានធ្លាក់ចុះជានិច្ច នៅទូទាំងពិភពលោក។ មានពិន្ទុ ២៣លើ១០០ កម្ពុជាត្រូវបានអង្គការ Freedom House ចាត់ទុកថាជាប្រទេសគ្មានការគោរពសិទ្ធិសេរីភាពនយោបាយ និងសិទ្ធិពលរដ្ឋ។

 
ផ្អែកតាមអង្គការ Freedom House ដែលមានទីតាំងនៅក្រុងវ៉ាស៊ីនតោន គឺជារួម សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោក បានធ្លាក់ចុះ ក្នុងឆ្នាំ២០២៣។ ១៨ឆ្នាំជាប់ៗគ្នា ដែលសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យបានដើរថយក្រោយ។ របាយការណ៍បានលើកឡើង ពីករណីធ្លាក់ចុះគួរឲ្យកត់សំគាល់ នៃសិទ្ធិសេរីភាពនៅតាមប្រទេសចំនួន ៥២ប្រទេស។ មានតែប្រទេសចំនួន២១ប៉ុណ្ណោះ ដែលបានឈានទៅមានភាពល្អប្រសើរ នៅក្នុងការគោរពសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។
 
លោកស្រី Yana Gorokhovskaia សហនិពន្ធនៃរបាយការណ៍របស់ Freedom House បានលើកឡើងថា ការ ចុះអន់ថយខ្លាំងនៃសិទ្ធិសេរីភាព គឺមានជាទូទៅសឹងពេញពិភពលោក។ មេដឹកនាំ ឬអ្នកកាន់អំណាចនៅប្រទេសជាច្រើន បានប្រើគ្រប់វិធី ដើម្បីបន្តកាន់អំណាច។ វិធីទាំងនោះ អាចមានជាការរារាំង ដាក់ឧបសគ្គ ឬកៀបសង្កត់ទៅលើអ្នកប្រឆាំង អ្នករិះគន់ ទៅលើគូប្រជែងនយោបាយ ឬការប្រើប្រាស់អំពើហិង្សាទៅលើសកម្មជននយោបាយប្រឆាំង និងការបំពុលបរិយាកាសបោះឆ្នោតជាដើម ។ល។
 
របាយការណ៍បានលើកឧទាហរណ៍មួយចំនួន ដូចជានៅប្រទេសតួកគី ហ្ស៊ីមបាវ៉ា និងនៅប្រទេសកម្ពុជាជាដើម ដែលមេដឹកនាំកាន់អំណាច បានប្រើប្រាស់វិធានការកៀបសង្កត់ ដើម្បីរារាំងគូប្រជែងនយោបាយ មិនឲ្យធ្វើនយោបាយបានដោយសេរី ឬមិនឲ្យបក្សនយោបាយប្រឆាំង ចូលរួមប្រកួតក្នុងការបោះឆ្នោតជាដើម។
 
ឧទាហរណ៍ជាក់ស្តែងមួយទៀត គឺនៅប្រទេសអេក្វាទ័រ ដែលបេក្ខជនប្រធានាធិបតី ឈ្មោះ Fernando  Villavicencio ត្រូវបានគេបាញ់សម្លាប់ ដោយសារតែលោកបានធ្វើការឃោសនាបោះឆ្នោត សន្យាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ បរិយាកាសដ៏ហិង្សានៃការបោះឆ្នោតនៅអេក្វាទ័រ បានធ្វើឲ្យអង្គការ Freedom House ទាញទំលាក់ចំណាត់ថ្នាក់ប្រទេសនេះ ពី “ប្រទេសមានសេរីភាព” មកត្រឹម “ប្រទេសមានសេរីភាពពាក់កណ្តាល”។
 
ដោយឡែក ប្រទេសថៃវិញ គឺត្រូវបានរបាយការណ៍ Freedom House ដំឡើងចំណាត់ថ្នាក់ ពី “ប្រទេសគ្មានសេរីភាព មកជាប្រទេស “មានសេរីភាពពាក់កណ្តាល” ជាមួយនឹងពិន្ទុ ៣៦លើ១០០ ដោយសារតែមានការបោះឆ្នោតដោយសេរី កាលពីខែឧសភាឆ្នាំ២០២៣ ហើយបានឈានទៅបិទបញ្ចប់របបយោធា។ តែយ៉ាងណាក៏ដោយ លោកស្រី Yana Gorokhovskaia បានលើកឡើងថា គេមិនទាន់អាចនិយាយបានថា សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅថៃ បានល្អប្រសើរខ្លាំងនោះទេ ព្រោះថា លោក ភិថា លីមចៈរើនរ៉ាត់ ព្រមទាំងគណបក្ស Move Forward របស់លោកដែលបានឈ្នះឆ្នោត ត្រូវបានក្រុមយោធានិងអភិរក្សនិយម រារាំងមិនឲ្យចូលកាន់អំណាច។
 
ក្នុងចំណោមប្រទេសដែលបានរីកចម្រើន ផ្នែកសិទ្ធិសេរីភាពនយោបាយនិងសិទ្ធិពលរដ្ឋ ប្រទេសហ្វ៊ីជី ជាអ្នកបានរីកលូតលាស់ខ្លាំងជាងគេ ដោយបានឡើងពិន្ទុដល់ទៅ៧ពិន្ទុ។ មានពិន្ទុសរុប ៦៦លើ១០០ ហ្វ៊ីជី ជាប់ចំណាត់ថ្នាក់ជាប្រទេសមានសេរីភាពពាក់កណ្តាល។ យោងតាមរបាយការណ៍ អាជ្ញាធរកាន់អំណាចនៅហ្វ៊ីជី បានជម្រុះចោលនូវវិធានាការរារាំងនយោបាយ ព្រមទាំងបានកែប្រែច្បាប់ ដើម្បីជំរុញការចូលរួមបោះឆ្នោតរបស់ស្ត្រីថែមទៀតផង។
 
សូមបញ្ជាក់ថា កម្ពុជាត្រូវបានរបាយការណ៍ អង្គការ Freedom House ចាត់ទុកជា “ប្រទេសគ្មានសេរីភាព” ជាមួយនឹងពិន្ទុ ២៣លើ១០០។ ក្នុងចំណោមប្រទេសអាស៊ានទាំង១០ គឺមាន៥ ដែលបានពិន្ទុជាប់ជាប្រទេសមានសេរីភាពពាក់កណ្តាល គឺ ថៃ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីន។ ក្រៅពីនេះ គឺសុទ្ធតែជាប់ចំណាត់ថ្នាក់ ជាប្រទេសគ្មានសិទ្ធិសេរីភាព៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com