RFI
ជាតិ
តើជំងឺមហារីកកម្រ ពិតជាកម្រមែនឬ?
04, Mar 2024 , 8:29 am        
រូបភាព
Les cancers de l
Les cancers de l'enfant constituent la deuxième cause de mortalité pédiatrique en France et en Europe. © Shutterstock - Mama Belle and the kids
ដោយ៖ អៀង សុខម៉ិញ /RFI

មហារីកខ្លះ ជាជំងឺដ៏កម្រ ដែល ពិបាកវិភាគវែករកអាការៈសញ្ញានិងពិបាកព្យាបាលខ្លាំងណាស់។ ប៉ុន្តែមិនដូចឈ្មោះ មហារីកកម្រ មិនប្រាកដថាមិនសម្បូរអ្នកកើតនោះទេ។ តើអ្វីទៅជាមហារីកកម្រ?


 
បច្ចុប្បន្ននេះយើងបានដឹងនិងឮនិយាយច្រើនអំពីជំងឺមហារីក។  មហារីកថ្លើម មហារីកក្រពះ មហារីកខួរក្បាល ... នេះអាចចាត់ទុកជាជំងឺមហារីកខ្លះៗដែលមានកើតច្រើនជាងគេប៉ុណ្ណោះ។ នៅមានជំងឺមហារីកជាច្រើនប្រភេទទៀតណាស់ ហើយជំងឺមហារីកខ្លះជាប្រភេទជំងឺកម្រទៀតផង។
 
ដូចម្តេចដែលហៅថាមហារីកកម្រ?
 
មហារីកដែលគេចាត់ទុកជាជំងឺកម្រ នៅពេលណាចំនួនអ្នកជំងឺថ្មីមានកំរិតទាបជាង៦ករណីក្នុងមួយឆ្នាំ ក្នុងចំណោមមនុស្ស១០ម៉ឺននាក់ ឬជាជំងឺមហារីកដែលកើតនៅក្នុងតំបន់ណាមួយជាពិសេស ហើយកើតលើសរីរាង្គដែលមិនគួរឬមិនសូវឃើញមានកើតជំងឺមហារីក។ ជំងឺមហារីកលេចឡើងក្នុងអំឡុងពេលមានផ្ទៃពោះ ឬ លេចឡើងក្នុងស្ថានភាពដ៏ស្មុគស្មាញ កើតលើកុមារ ក៏អាចចាត់ទុកថាជាជំងឺមហារីកកម្របានដែរ។ ខួរក្បាល ឆ្អឹង ជាលិកាទន់ ភ្នាស សរសៃឈាម ឬអូវែរ ... គ្រប់សរីរាង្គ គ្រប់ផ្នែកនៃរាងកាយមនុស្សសុទ្ធតែអាចកើតជំងឺមហារីកកម្របានទាំងអស់។
 
ជំងឺមហារីកកម្រមានកើតលើមនុស្សធំ ឬក្មេងក្នុងបរិមាណដ៏តិចតួចដូចឈ្មោះដែលបានហៅមែន ប៉ុន្តែបើគេធ្វើបញ្ជីរាប់ឈ្មោះប្រភេទមហារីកកម្រទៅនោះវានឹងវែងខ្លាំងណាស់។ បើសរុបរួមទៅជំងឺមហារីកកម្រតំណាងឱ្យដល់ទៅ ២៥ទៅ៣០%នៃការវិភាគមើលសញ្ញារោគជំងឺមហារីកធម្មតា និងតំណាងឱ្យ២៥%នៃការស្លាប់ដោយជំងឺមហារីក។ នេះបើតាមមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីកអន្តរជាតិ ដែលជាភ្នាក់ងារមួយរបស់អង្គការសុខភាពពិភពលោក។
 
នៅប្រទេសបារាំង ក្នុងមួយឆ្នាំៗ គេរកឃើញមានករណីជំងឺមហារីកកម្រថ្មីច្រើន ដែលគ្រាន់តែកើតនៅលើកុមារ មានចំនួនដល់ទៅ៧ម៉ឺនករណីឯណោះ។ ហេតុដូច្នេះហើយបានជាលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Alain Puisieux នាយកមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីកនៃវិទ្យាស្ថានCurie ប្រទេសបារាំង យល់ថាជំងឺមហារីកកម្រ ជាករណីកម្រមែនបើគិតពីប្រភេទមហារីកនីមួយៗ តែបើនិយាយជាទូទៅវិញមហារីកកម្រ មានកើតញឹកញាប់ណាស់ ហើយជាជំងឺដែលពិបាកសង្ឃឹម។ អត្រាសង្ឃឹមរស់មានកំរិតទាបជាជាងជំងឺមហារីកធម្មតាប្រមាណ៥ឆ្នាំ។
មហារីកកម្រគ្មានរោគសញ្ញា?
 
វែករកជំងឺមហារីកកម្រជាវិញ្ញាសាដ៏លំបាកនិងស្មុគស្មាញបំផុតសម្រាប់គ្រូពេទ្យជំនាញផ្នែកមហារីក។ ជាញឹកញយ អ្នកជំងឺមហារីកកម្រ អាចដឹងខ្លួនថាមានផ្ទុកជំងឺមហារីក ដោយយឺតយ៉ាវបំផុត ជួនទាល់តែជំងឺមហារីកឈានដល់ដំណាក់កាលធ្ងន់ ឬជួនដល់ដំណាក់កាលរីករាលដាលពេញខ្លួន Métastase ទៅហើយ។ ម្យ៉ាងទៀត គ្រូពេទ្យក៏នៅមិនទាន់សូវស្គាល់ជំងឺមហារីកកម្រ ដែលមានចែកជាប្រភេទមហារីកតូចៗផ្សេងជាច្រើនទៀតណាស់។ ដល់អ៊ីចឹងទៅ ដុំមហារីកនៅភ្នែកស្លូតសោះ អាចផ្តាច់ជីវិតមនុស្សខ្លាំងជាងជំងឺមហារីកស្បែកដ៏ច្រើនទៅទៀត ពីព្រោះជំងឺមហារីកខ្លះគ្រូពេទ្យជំនាញមហារីកបានជួបតែម្តងឬពីរដងក្នុងមួយជីវិតជាពេទ្យ ឯជំងឺមហារីកធម្មតា ដូចយ៉ាងមហារីកស្បែកគ្រូពេទ្យជួបបីបួនករណីថ្មីក្នុងមួយសប្តាហ៍។ អ្នកស្រាវជ្រាវជំងឺមហារីកកម្រនៅវិទ្យាស្ថានCurie ប្រទេសបារាំងដ៏ល្បីល្បាញទាំងក្នុងអឺរ៉ុបនិងនៅលើពិភពលោក បានទទួលស្គាល់ថា គ្រូពេទ្យដើរទន្ទឹមនឹងអ្នកឈឺក្នុងការវែកជំងឺ និងបញ្ជាក់ថាគួរព្រួយបារម្ភឬមិនគួរ។
 
ឆាប់រកឃើញថាជាជំងឺមហារីក (កម្រ ឬមិនកម្រ) បានលឿនកាលណា ការដៅសម្រេចព្យាបាលបានកាន់ប្រសើរកាលណោះ ហើយក៏ងាយព្យាករណ៍ដែរ។ ដើម្បីអាចធ្វើការវិនិច្ឆ័យវែករកជំងឺមហារីកបានល្អប្រសើរ គេក៏ត្រូវរំពឹងលើបច្ចេកវិទ្យាទំនើបៗផងដែរ។ ក្នុងករណីបែបនេះ បញ្ញាសិប្បនិម្មិត អាចជួយវិភាគគគំនរទិន្នន័យ តាមរយៈAlgorithmes ដែលមានបញ្ចូលកម្មវិធីសម្គាល់ដុំសាច់មហារីក។
 
ឧទាហរណ៍ ក្នុងករណីមានជំងឺមហារីកមិនដឹងមូលហេតុគ្មានប្រភព រកឃើញនៅដំណាក់កាលមេតាស្តាទៅហើយ គេច្បាស់ជាមិនដឹងថាសរីរាង្គមួយណាជាសរីរាង្គមហារីកដើមដំបូងទេ តែបើមានបញ្ញាសិប្បនិម្មិតជាឧបករណ៍ជំនួយនោះក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានCurieអាចចាប់សញ្ញារកប្រភពដើមនេះជំងឺបានខ្លះ តាមរយៈកំណត់ARNរបស់ដុំសាច់មហារីក។
មហារីកកម្រគ្មានថ្នាំព្យាបាល?
 
ឈ្មោះជាមហារីក គឺជាជំងឺដ៏គួរឱ្យខ្លាច តែងផ្តាច់ជីវិតមនុស្សយ៉ាងលឿនរហ័ស។ បច្ចុប្បន្នដោយសារភាពជឿនលឿនផ្នែកវេជ្ជសាស្ត្រនិងវិទ្យាសាស្ត្រ អ្នកជំងឺមហារីក “ធម្មតា” មួយចំនួនអាចជាសះស្បើយឡើងវិញ។ អត្រានៃការជារោគ និងក្តីសង្ឃឹម ព្រមទាំងការព្យាករណ៍អំពីប្រសិទ្ធភាពនៃការព្យាបាល អាស្រ័យទាំងស្រុងទៅលើកំរិតនៃជំងឺ។ មានន័យថា បើអ្នកជំងឺបានទទួលការព្យាបាលតាំងពីដំណាក់កាលដំបូងៗ ក្តីសង្ឃឹមរស់ខ្ពស់ខ្លាំង។
 
ឯចំណែកមហារីកកម្រវិញ ជាទូទៅ ជាប្រភេទជំងឺដែលពិបាកព្យាបាលឱ្យជាណាស់ ពីព្រោះការស្រាវជ្រាវជាមូលដ្ឋានគ្រឹះ ការសាកល្បងគ្លីនិក និងការព្យាបាលថ្មីៗសម្រាប់ជំងឺមហារីកកម្រ មានលក្ខណៈខ្សត់ខ្សោយខ្លាំងណាស់។ បើតាមមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីកអន្តរជាតិ យុទ្ធសាស្ត្រព្យាបាលត្រូវធ្វើឡើងដោយស្នើឱ្យមានអ្នកជំងឺចូលរួមធ្វើការសាកល្បងគ្លីនិក ឬព្រមសាកល្បងប្រើថ្នាំទើបរកឃើញថ្មី។ ចុះបើពុំសូវមានអ្នកជំងឺផង តើការសាកល្បងគ្លីនិកនឹងប្រព្រឹត្តទៅបានយ៉ាងដូចម្តេច?! នេះជាករណីជាក់ស្តែងមួយ។
 
បច្ចុប្បន្ននេះ អ្នកសា្រវជ្រាវកំពុងរុករក និងត្រួសត្រាយវិធីព្យាបាលដោយប្រើប្រព័ន្ធការពារខ្លួន ឬហៅជាភាសាបារាំងថា immunothérapie។ វិធីព្យាបាលនេះ ដៅពង្រឹងប្រព័ន្ធការពារខ្លួនទល់នឹងជំងឺ ដែលបានទទួលរង្វាន់ណូបែលវេជ្ជសាស្ត្រផងកាលពីឆ្នាំ២០០៨។ ភាពជឿនលឿនជាលំដាប់ក្នុងវិធីចាប់សញ្ញាបំប្លែងហ្សែនក៏ជាក្តីសង្ឃឹមថ្មីក្នុងដៅរកវិធីព្យាបាលថ្មីដែរ។ តម្រ៉ុយមួយទៀត គឺអ្នកស្រាវជ្រាវកំពុងដៅសិក្សាមិនមែនលើដុំសាច់មហារីកផ្ទាល់ទេ តែលើកោសិកាដែលនៅជុំវិញដុំមហារីក តើអាចមានប្រតិកម្មតបតយ៉ាងណាខ្លះក្នុងបរិស្ថានមហារីក។
 
ការរកឃើញមហារីកកម្រជួនក៏អាចជួយផ្តល់ផលដល់ការព្យបាលជំងឺមហារីកធម្មតាដែរ។ គ្រាន់តែថាគួរឱ្យសោកស្តាយ ការស្រាវជ្រាវទាក់ទងនឹងជំងឺមហារីកកម្រអូសជើងខ្លាំងណាស់ ដោយខ្វះថវិកា។ នៅពេលកញ្ចប់មូលនិធិសាធារណៈឬមូលនិធិជំនួយម្តងៗ ឧស្សាហកម្មឱសថផ្តល់អាទិភាពដល់វិស័យដែលមានតម្រូវការ មានអ្នកជំងឺច្រើន ទើបទទួលផលចំណេញបានច្រើនដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com