ជាតិ
វីដេអូ
សូមកុំមើល ហ៊ុន ម៉ានី ត្រឹមជាប្អូននាយករដ្ឋមន្ត្រី!
03, Mar 2024 , 5:29 pm        
រូបភាព
 លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជា​រដ្ឋមន្រ្តី​ក្រសួង​មុខងារសាធារណៈ។ រូបភាពដោយ ឈន សុផាត
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជា​រដ្ឋមន្រ្តី​ក្រសួង​មុខងារសាធារណៈ។ រូបភាពដោយ ឈន សុផាត
ភ្នំពេញ៖ នៅចំពោះមុខអ្នកសារព័ត៌មាន ក្នុងដំណើរការនៃការប្រឡងប្រជែងជ្រើសរើសមន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ នាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ហ៊ុន ម៉ានី បានលើកឡើងថា សូមកុំមើល ហ៊ុន ម៉ានី ត្រឹមជាប្អូននាយករដ្ឋមន្ត្រី។ លោក ហ៊ុន ម៉ានី បញ្ជាក់បែបនេះ ក្រោយការរិះគន់ជុំវិញការតែងតាំងលោកជាឧបនាយករដ្ឋមន្រ្តី។


 
កាលពីថ្ងៃទី២២ កុម្ភៈកន្លងទៅ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តី។ ក្រោយការតែងតាំងនេះ មានមតិរិះគន់យ៉ាងច្រើន លើកឡើងថា ដោយសារជាប្អូននាយករដ្ឋមន្រ្តី។ 
 
ក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រឡងប្រជែងជ្រើសរើសមន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ នាថ្ងៃទី៣ មីនានេះ អ្នកសារព័ត៌មានថ្មីៗ បានសួរសំណួរទៅកាន់លោក ហ៊ុន ម៉ានី ថា តើលោកមានអារម្មណ៍បែបណា នៅពេលមានការរិះគន់លើការតែងតាំងនេះ?។ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈរូបនេះ ឆ្លើយសំណួររបស់អ្នកសារព័ត៌មានថ្មីៗ ដោយមិនស្ទាក់ស្ទើរដូច្នេះ៖«សម្ដេចធិបតីបានលើកឡើងហើយ ហ៊ុន ម៉ានី ឬមិនហ៊ុន ម៉ានី គឺក្រសួងនេះ ត្រូវដឹកនាំដោយឧបនាយករដ្ឋមន្រ្តី ដោយហេតុថា ជាកត្តាអាទិភាពមួយធំសម្រាប់រដ្ឋាភិបាលអាណត្តិទី៧»។
 
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 

 

បើតាមលោក ហ៊ុន ម៉ានី មានផ្ដល់ជំនឿទុកចិត្តនេះ មិនមែនផ្ដល់សម្រាប់លោកតែម្នាក់នោះទេ តែសម្រាប់ក្រសួងមុខងារសាធារណៈ និងមន្រ្តីគ្រប់ជាន់ថ្នាក់នៃក្រសួងនេះ ដែលបានបំពេញភារកិច្ចដោយមានភាពទទួលខុសត្រូវ។ រដ្ឋមន្រ្តីមុខងារសាធារណៈរូបនេះ នៅតែសង្កត់ធ្ងន់ថា៖ «មិនគួរវាយតម្លៃហ៊ុន ម៉ានី ជាកូនអ្នកណា ឬជាប្អូនអ្នកណាទេ។ គួរតែវាយតម្លៃថា ហ៊ុន ម៉ានី បានធ្វើអ្វីខ្លះហើយជួយទៅដល់សង្គមជាតិនាពេលកន្លងមក»។
 
ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ក៏ឱ្យប្រជាពលរដ្ឋរង់ចាំមើល ការអនុវត្តកិច្ចការងាររបស់លោក។ ទោះជាយ៉ាងណាក្ដី លោក ហ៊ុន ម៉ានី រំពឹងថា ការចូលរួមរបស់លោក នឹងជួយឱ្យវិស័យមុខងារសាធារណៈកាន់តែមានភាពប្រសើរឡើង៕ 







Tag:
 ហ៊ុន ម៉ានី
  ក្រសួងមុខងារសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com