ជាតិ
យុទ្ធនាការបាញ់ថ្នាំមូស បង្ការជំងឺគ្រុនឈាម នៅ​រាជធានីភ្នំពេញ​
04, Mar 2024 , 11:19 am        
រូបភាព
ទិដ្ឋភាពកងពលតូចលេខ៧០ ចុះបាញ់ថ្នាំ។ រូបភាពពី​រដ្ឋបាលរាជធានីភ្នំពេញ។
ទិដ្ឋភាពកងពលតូចលេខ៧០ ចុះបាញ់ថ្នាំ។ រូបភាពពី​រដ្ឋបាលរាជធានីភ្នំពេញ។
ភ្នំពេញ៖ ដើម្បី​ចូលរួម​បង្ការ​ និង​ទប់​ស្កាត់​ការ​កើន​ឡើង​នៃ​ជំងឺ​គ្រុន​ឈាម​ រដ្ឋបាល​រាជធានីភ្នំពេញ និង​មន្ទីរ​សុខាភិបាល បានសហការ​​​រៀប​ចំ​យុទ្ធ​នាការ​បាញ់ថ្នាំមូស ចាប់​ពី​ថ្ងៃទី​២៣ កុម្ភៈ​ ដល់​ថ្ងៃ​ទី​១៣ មីនា​។ បើតាម​លោក ងី មានហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានីភ្នំពេញ គិតត្រឹម​ថ្ងៃទី​៣ មីនា ការ​បាញ់ថ្នាំមូស សម្រេច​បាន ៦៤​សង្កាត់​ ក្នុង​ចំណោម ១០៥សង្កាត់។



៦​សប្ដាហ៍​ដើម​ឆ្នាំ​២០២៤នេះ ចំនួន​ពលរដ្ឋ​កើត​ជំងឺ​គ្រុន​ឈាម បាន​កើន​ឡើង​ប្រមាណ ១០០០ករណី​ ក្នុ​ងរាជធានីភ្នំពេញ ដែល​ខ្ពស់​ជាង​ឆ្នាំ​២០២៣​​។ ដោយសារ​កំណើន​នៃ​ជំងឺ​គ្រុន​ឈាមនេះ ទើប​រដ្ឋ​បាល​រាជធានីភ្នំពេញ និង​មន្ទីរ​សុខាភិបាល សហការ​រៀប​ចំ​យុទ្ធនាការបាញ់ថ្នាំមូស នៅ​ក្នុង​មូលដ្ឋាន​រាជធានីភ្នំពេញ ដោយ​មាន​ការ​ចូលរួម​ពីកងពលតូចលេខ៧០។
 
ក្នុងយុទ្ធនាការ១០​ថ្ងៃមកនេះ ក្រុម​ការ​ងារ​ និង​អាជ្ញាធរ​ បានចុះ​​បាញ់ថ្នាំ​មូល នៅខណ្ឌចំនួន ៥ ស្មើ​នឹង​៦៤​សង្កាត់។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរសព្ទដៃ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា​ ការ​ចុះ​បាញ់​ថ្នាំមូសនេះ គឺជា​ការ​យក​ចិត្ត​ទុកដាក់លើ​សុខមាលភាពប្រជាពលរដ្ឋ និងបង្ការជំងឺគ្រុនឈាម ដែលបង្កឡើងដោយមូសខ្លា។
  
រូបភាពពី​រដ្ឋបាលរាជធានីភ្នំពេញ។

កា​រចុះ​បាញ់​ថ្នាំ​មូសនេះ ចាប់​​ផ្ដើម​ពី​ម៉ោង​ ៤កន្លះ​តទៅ​ ដែល​ជា​ពេល​វេលា​មូស​ចេញ។ ក្រៅ​ពី​បាញ់​ថ្នាំ តាម​ដង​ផ្លូវ​ និងលំនៅដ្ឋានហើយ ក្រុមការងារ ក៏​​បាញ់​ថ្នាំមូសនៅ​លើ​ស្មៅ ឬ​លូ ដែលជាម្រក​មូស​ខ្លា​ផងដែរ។ សម្រាប់​លោក ងី មាន​ហេង យុទ្ធ​នា​ការ​បាញ់​ថ្នាំមូសនេះ ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ តាម​រយៈ​ការ​សម្លាប់​មូសខ្លាចេញ​ពី​មូលដ្ឋាន និង​ជួយ​កាត់​បន្ថយ​ការ​កើត​ជំងឺ​គ្រុន​ឈាម។ 
 
«វិធាន​ការ​ណ៍​ដែល​ល្អបំផុត និង​មាន​ប្រសិទ្ធ​ភាព គឺ​លុប​បំបាត់​ជម្រក​មូស​ខ្លា។ មូស​ខ្លាជា​ភ្នាក់​ងារ​ចម្លង​ជំងឺ​គ្រុន​ឈាម បើ​មិន​មាន​មូសខ្លា នោះ​ជំងឺ​គ្រុន​ឈាម នឹង​មាន​អាច​កើត​មាន​នោះទេ»។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក​វេជ្ជ​បណ្ឌិត ងី មាន​ហេង ដោយ​បន្តថា ការ​លុប​បំបាត់​ជម្រក​មូសខ្លា ដែល​នៅ​ជុំវិញ​ផ្ទះ ពិត​ជា​មាន​សារៈសំខាន់។ 
 
ទន្ទឹម​នឹងនេះ ​លោក ងី មាន​ហេង អំពាវ​នាវឱ្យ​ពលរដ្ឋ​​ចូលរួម​ទប់​ស្កាត់​ការ​រីករាល​ដាល​ជំងឺ​គ្រុនឈាម។ ជំងឺ​គ្រុន​ឈាម ជា​ជំងឺដែលគំរាមកំហែងដល់​កុមារ​។ ជំងឺនេះ​ ឆ្លងតាមរយៈវីរុសដាំង(Dengue Virus) ដែលបង្កឡើងដោយសារមូសខ្លាខាំ៕​

រូបភាពពី​រដ្ឋបាលរាជធានីភ្នំពេញ។
រូបភាពពី​រដ្ឋបាលរាជធានីភ្នំពេញ។

Tag:
 ជំងឺ​គ្រុន​ឈាម
  បាញ់​ថ្នាំ​មូស​
© រក្សាសិទ្ធិដោយ thmeythmey.com