ជាតិ
សេដ្ឋកិច្ច
អ្នកជំនាញមានសុទិដ្ឋិនិយម និងចង់ឃើញការវិវត្តន៍នៃប្រាក់រៀល
04, Mar 2024 , 2:01 pm        
រូបភាព
លោក បណ្ឌិត គី សេរីវឌ្ឍន៍, លោកបណ្ឌិត ស្រ៊ុន សុភ័ក្រ្ត, លោកស្រី ម៉ារ អមរា និង​អ្នកឧកញ៉ា គួច ម៉េងលី។​
លោក បណ្ឌិត គី សេរីវឌ្ឍន៍, លោកបណ្ឌិត ស្រ៊ុន សុភ័ក្រ្ត, លោកស្រី ម៉ារ អមរា និង​អ្នកឧកញ៉ា គួច ម៉េងលី។​
បច្ចុប្បន្ននេះ ពលរដ្ឋ ខ្មែរកាន់តែច្រើនបានផ្ដល់តម្លៃ និងប្រើប្រាស់ប្រាក់រៀលនៅក្នុងជីវិតប្រចាំថ្ងៃ របស់ ពួកគេ។ នេះបើទោះជាការចាយវាយទាំងនោះត្រូវប្រព្រឹត្តិទៅតាមប្រព័ន្ធអេឡិចត្រូនិកច្រើនក៏ដោយ។ ក្នុងកាលៈទេសៈ  នេះ អ្នកជំនាញហិរញ្ញវត្ថុ និងធុរជនមួយចំនួនបានចាប់ អារម្មណ៍អំពីការបង្កើន តម្លៃរូបិយវត្ថុ ជាតិ តាម រយៈការផលិត ក្រដាសប្រាក់រៀល ជាប្រភេទប្លាស្ទិក ប៉ូលីមើរ(Polymer)។

 
ជាការលើកស្ទួយមុខមាត់ប្រទេស​ជាតិមួយកម្រិតទៀត​ ប្រសិនបើធនាគារជាតិនៃកម្ពុជា​សម្រេចបោះពុម្ពប្រាក់​រៀល​ជា​ប្លាស្ទិក។ ​ លោក វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មើល​ឃើញ​បែបនេះ ពីការបោះពុម្ពរូបិយវត្ថុជាតិជាប្លាស្ទិក ដែលមិនត្រឹមលើកទឹកចិត្តប្រជាពលរដ្ឋ​ឱ្យចូល​រួមប្រើប្រាស់​ប្រាក់រៀលកាន់តែសកម្មក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ តែថែមទាំងកាត់បន្ថយថ្លៃចំណាយរបស់​រដ្ឋាភិបាល​ក្នុងការបោះពុម្ពក្រដាសប្រាក់ញឹកញាប់ទៀតផងដែរ។ 
 
សូមទស្សនាវីដេអូខាងក្រោ៖
 

«ដើម្បីលើកទឹកចិត្តដល់ពលរដ្ឋយើង លើកស្ទួយដល់មុខមាត់លុយជាតិយើង ហើយដើម្បីឱ្យលុយយើង​ប្រើប្រាស់បានយូរ ជាជាងបោះពុម្ពញឹកញាប់។ [ការបោះពុម្ពលុយជាប្លាស្ទិក] គឺជា​រឿងល្អមួយ ដែលប្រទេសមួយចំនួននៅពិភពលោក ដូចជានៅអឺរ៉ុប និងប្រទេសអភិវឌ្ឍន៍​ប្រើលុយប្លាស្ទិក»។ 
 
សម្រាប់លោក គួច ម៉េងលី ប្រសិនបើធនាគារជាតិ សម្រេចចិត្តបោះពុម្ពក្រដាសប្រាក់រហូត​ដល់កម្រិតជា​ប្លាស្ទិកនេះ នឹងធ្វើឱ្យប្រជាពលខ្មែរមានមោទកភាព និងសប្បាយចិត្តក្នុងការប្រើប្រាស់ ដោយយល់ថា​
កម្ពុជាទំនើប ជឿនលឿនមិនចាញ់បរទេសឡើយ។ ជាមួយគ្នានេះ ការប្រើប្រាស់លុយប្លាស្ទិក ក៏មិនសូវ​ងាយខូច ប្រលាក់ ហើយធន់នឹងការទទឹក សើម​​ ឬអាចលាងសម្អាតទឹកបាន ផងដែរ។ 
អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន
 
ការបោះពុម្ពប្រាក់រៀលនៅលើជាប្លាស្ទិកនេះ ជាការបង្កើនគុណភាព​ រួមទាំងបង្ហាញពីប្រណិតភាព​របស់រូបិយវត្ថុ​ខ្មែរ ខណៈអត្រានៃការប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់តាមទម្រង់ឌីជីថល មានកំណើនគួរឱ្យ​កត់សម្គាល់។ ដ្បិតបច្ចុប្បន្ន ក៏ដូចជាពេលអនាគត ពលរដ្ឋខ្មែរមានទំនោរខ្លាំងទៅលើការទូទាត់​ប្រាក់តាម​ប្រព័ន្ធឌីជីថលយ៉ាងណាក្តី​ ក៏ប៉ុន្តែកម្ពុជាក៏មិនអាចលុបបំបាត់នូវការប្រើប្រាស់ក្រដាសប្រាក់បានដែរ។  ក៏ព្រោះក្រដាសប្រាក់ ជាអត្តសញ្ញាណរបស់កម្ពុជា តំណាងឱ្យអធិបតេយ្យភាព និងឯកភាពភាពជាតិ។ 
 
បើតាមលោក ស៊ុ្រន សុភ័ក្រ្ត  សាស្ត្រចារ្យសេដ្ឋកិច្ច នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ​សេដ្ឋកិច្ច ក្នុងបរិការណ៍ដែលការប្រើប្រាស់ក្រដាសប្រាក់រៀលមានការធ្លាក់ចុះដូចពេលសព្វថ្ងៃ ធនាគារ​ជាតិ ​គួរយកឱកាសនេះ ដើម្បីពង្រឹងគុណភាពក្រដាសប្រាក់រៀលឱ្យបានកាន់តែល្អប្រសើរ។ 
 

លោកបណ្ឌិត ស្រ៊ុន សុភ័ក្រ្ត  សាស្ត្រចារ្យសេដ្ឋកិច្ច នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
 
«ពីព្រោះ យើងអត់ត្រូវការក្រដាសប្រាក់ក្នុងបរិមាណច្រើនដូចពេលមុនទេ។ អ៊ីចឹង! ស្របពេលនេះ គឺយើងអាចចាប់ផ្តើមគិតបោះពុម្ពលុយជា​ប្លាស្ទិកវិញ​ ដើម្បីធ្វើឱ្យគុណភាពក្រដាសប្រាក់យើងកាន់តែល្អ ហើយ​ទស្សនៈរបស់អ្នកប្រើប្រាស់ គឺឱ្យតម្លៃខ្ពស់លើប្រាក់រៀលជាងពេលមុនៗ»។ លោក ស៊ុន សុភ័ក្រ្ត បានបង្ហាញការយល់ឃើញបែបនេះមកកាន់សារព័ត៌មានថ្មីៗលើការបោះពុម្ពប្រាក់រៀលជាប្លាស្ទិក ដោយជឿជាក់ថា បើក្រដាសប្រាក់រៀល​ មានទម្រង់ថ្មី មានគុណភាពល្អជាងមុន នោះមនុស្ស​ម្នាក់ៗ​ច្បាស់ជាចង់បាន ចង់កាន់ និងប្រើប្រាស់ប្រាក់រៀលជាមួយនឹងទំនុកចិត្តខ្ពស់​។  
 
« ជាពិសេស ធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមានមោទកភាព ដោយលុយជាតិកម្ពុជា​ មានគុណភាព ដូចទៅនឹងលុយ​របស់ប្រទេសជឿលឿនក្នុងពិភពលោក ផងដែរ។  ដូចជា​៖ នៅប្រទេសអង់គ្លេស ប្រទេស​កាណាដា និងអូស្រ្តាលី...ជាដើម។ ការព្រីន ឬបោះពុម្ពក្រដាសប្រាក់របស់ប្រទេសទាំងនោះ គឺនៅលើប្លាស្ទិក​ទាំងអស់។ «អ៊ីចឹង!​ ពលរដ្ឋខ្មែរម្នាក់ៗ គឺមានមោទកភាពដែលលុយ​ជាតិរបស់យើងមានគុណភាពកម្រិតស្មើនឹងលុយប្រទេសមហាអំណាច និងប្រទេសជឿនលឿន»។​ នេះជាការលើកឡើងរបស់សាស្ត្រចារ្យ ស៊ុន សុភ័ក្ត្រ។  

សារៈសំខាន់មួយទៀតនៃការបោះពុម្ពប្រាក់ជាប្លាស្ទិក ដែលផលិតចេញពីសារធាតុPolymer នៅពេលប្រើប្រាស់រួចហើយ គឺអាចយកមកប្រើប្រាស់ឡើងវិញបាន​(Recycle) ​ខុសពីក្រដាសប្រាក់ធម្មតា​ដែលប្រើហើយ រហែក ឬខូច ត្រូវតែកម្ទេចចោលទាំងម្តង។ 
 
ទាំងអស់នេះហើយ ជាផលប្រយោជន៍ដែលអ្នកជំនាញខាងលើ ក៏ដូចជាលោកស្រី ម៉ារ អមរា អនុប្រធាន​នាយក​ប្រតិបត្តិជាន់ខ្ពស់ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ និង គណៈប្រធាននាយិកា​ប្រតិបត្តិប្រតិបត្តិការ របស់ធនាគារអេស៊ីលីដា ដែលចង់​ឱ្យមាន​ការគិតគូរចំពោះ​ការបោះពុម្ពប្រាក់រៀល​ជាប្លាស្ទិក។ 
 

លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ និង គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ របស់ធនាគារអេស៊ីលីដា 
 
ក្នុងបទសម្ភាសជាមួយកម្មវិធីការឈ្វេងយល់អំពីប្រាក់រៀលជាមួយសារព័ត៌មានថ្មីៗ អ្នកជំនាញនៅក្នុ​ង​វិស័យធនាគារ និងហិរញ្ញវត្ថុរូបនេះ​បានបញ្ជាក់ថា៖ « ក្រដាសបោះពុម្ពលុយប្លាស្ទិកនេះ គឺជាប្រភេទ ក្រដាសPolymer ដែលយើងអាចប្រើប្រាស់ឡើងវិញបានរហូតដល់៥ដង»។ ដូច្នេះ សោភ័ណភាព និង​គុណភាពក្រដាសប្រាក់ ជាធាតុសំខាន់ក្នុងការជំរុញពលរដ្ឋ​ខ្មែរឱ្យចូលរួមប្រើប្រាស់ប្រាក់រៀល​កាន់តែច្រើន​ផងដែរ។ 

យ៉ាងណាមិញ ជុំវិញពីគំនិតរបស់អ្នកខាងលើ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច​នៅរាជ​បណ្ឌិត្យសភាកម្ពុជា ​បានលើកឡើងថា កម្ពុជាមិនទាន់ដល់ពេលចាប់ផ្តើមបោះពុម្ព​ប្រាក់ជាប្លាស្ទិក​នៅ​ឡើយទេ​។ លោកលើកឡើងបែបនេះ ​ដោយយល់ឃើញថា​ការបោះពុម្ពប្រាក់រៀលជាប្លាស្ទិក គឺរដ្ឋាភិបាល​ត្រូវ​បង្កើនការចំណាយច្រើនក្នុងការធ្វើពុម្ពថ្មី និងលើថ្លៃវត្ថុធាតុដើមសម្រាប់បោះពុម្ព។
 

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច  នៅរាជបណ្ឌិត្យសភាកម្ពុជា
 
« បោះពុម្ពប្រាក់ជាប្លាស្ទិកនេះ នឹងធ្វើឱ្យថ្លៃដើមក្នុងការបោះពុម្ពសាច់ប្រាក់នោះគឺខ្ពស់ ខណៈពេលដែល​យើង​បោះហើយ តែប្រជាពលរដ្ឋយើងមិនទាន់សូវចាយលុយ។ ដូច្នេះហើយ ការលើកទឹកចិត្តទុក​សាច់ប្រាក់មួយចំនួន ដើម្បីបង្វែរទៅជាការទំនុកបម្រុង ទៅការជួយចេញខាតថ្លៃការប្រាក់ និងសេវានានា​សម្រាប់ប្រជាពលរដ្ឋដែលងាកមកប្រើប្រាស់ប្រាក់រៀល​វិញ។ នោះខ្ញុំយល់ថា ហាក់ដូចជាមានសារ​សំខាន់​ជាង។ យើងត្រូវជំរុញ លើកទឹកចិត្តឱ្យពលរដ្ឋប្រើប្រាស់ប្រាក់រៀលសិន ហើយនៅពេលប្រាក់​រៀលត្រូវ​បានគេប្រើជាប្រចាំហើយវាឆាប់ខូច ឆាប់សឹក បានគេដូចមកប្រើប្រាស់ប្លាស្ទិកវិញ»៕ 
 

Tag:
 ប្រាករៀល
© រក្សាសិទ្ធិដោយ thmeythmey.com