កីឡាជាតិ
ជាតិ
សល់តែ ភ្នំពេញក្រោន និង ស្វាយរៀង ប្រជែងពាន CPL ក្រោយវិសាខាអស់​ឱកាស
04, Mar 2024 , 3:44 pm        
រូបភាព
វិសាខា អស់ឱកាសប្រជែងពានលីគកំពូលកម្ពុជា (CPL) រដូវកាល ២០២៣-២៤ ក្រោយចាញ់ម្ចាស់ការពារតំណែងជើងឯកភ្នំពេញក្រោន ៣-១ ក្នុងជំនួបសប្តាហ៍ទី២៣ ជុំទី៣ នៅថ្ងៃទី៣ ខែមីនា។ មានតែព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោនប៉ុណ្ណោះ ដែលត្រូវប្រជែងពាន ក្នុងចំណោមក្រុមទាំង១០។ ព្រៃវែង អង្គរថាយហ្គឺរ និងគិរីវង់សុខសែនជ័យ ប្រជែងគ្នាគេចពីតំបន់ត្រូវកាត់ចោល។



ភ្នំពេញក្រោន នៅតែបន្តយកឈ្នះវិសាខានៅជំនួបជុំទី៣ នៅកីឡដ្ឋានព្រីនស៍ ដែលជាការប្រកួតទទួលបានអ្នកទស្សនាច្រើនជាងគេ ប្រចាំសប្តាហ៍ទី២៣។ នៅចំពោះមុខអ្នកគាំទ្រ ២៧៨២នាក់ ក្រុមម្ចាស់ការពារតំណែងជើងឯក បង្ហាញភាពខ្លាំងរបស់ខ្លួនដោយរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី៣គ្រាប់ តាមរយៈកីឡាករ ប្រាក់ ធីវា នៅនាទី២៦ និង លឹម ពិសុទ្ធ រកបានពីរគ្រាប់ម្នាក់ឯងនៅនាទី២៩​ និង៦៩ មុនពេលវិសាខាតាមបានមួយគ្រាប់វិញនៅនាទី៩០ ដោយកីឡាករ Youssef Ezzejjari Lhasnaoui។
  


បរាជ័យទាំង៣ប្រកួតក្រោមថ្វីជើងភ្នំពេញក្រោន បានបញ្ចប់វិសាខា ដែលដឹកនាំដោយលោក មាស ចាន់ណា ក្នុងការបន្តប្រជែងពានរង្វាន់ខេមបូឌៀរព្រីមៀលីគរដូវកាល ២០២៣-២៤ ទៅហើយ បើទោះពួកគេនៅសល់៤ប្រកួតនៅជុំទី៣ និង៣ប្រកួតនៅវគ្គ៤ក្រុមក៏ដោយ។ គិតត្រឹមសប្តាហ៍ទី២៣ វិសាខា រកបាន៣៨ពិន្ទុ តាមពីក្រោយភ្នំពេញក្រោន ១៤ពិន្ទុ និងក្រុមកំពូលតារាងស្វាយរៀង ដល់ទៅ២១ពិន្ទុ។ អស់ឱកាសប្រជែងពាន ដោយសារ វិសាខា ចាញ់ ស្វាយរៀង នៅជុំទី១ និងទី២ រួចមកហើយ (Head to Head)។ នេះមានន័យថា នៅសល់តែ ស្វាយរៀង និងភ្នំពេញក្រោន ដែលមានគម្លាត៧ពិន្ទុ ត្រូវប្រជែងគ្នាដណ្តើមពាន CPL។
 
ដោយឡែក គិរីវង់ ប្រឈមធ្លាក់ពីលីគកំពូលទៅកាន់លីគកម្រិត២វិញនៅរដូវកាលក្រោយ បន្ទាប់ពីពួកគេចាញ់បឹងកេត ២-១ នៅជំនួបសប្តាហ៍ទី២៣ នៅកីឡដ្ឋានជាតិអូឡាំពិក។ គិរីវង់ នៅបាតតារាង រកបាន១៧ពិន្ទុ តាមពីក្រោយក្រុមលេខ៩ អង្គរថាយហ្គឺរ១ពិន្ទុ និងក្រុមលេខ៨ ព្រៃវែងចំនួន៣ពិន្ទុ។ ទាំង៣ក្រុមនេះ ត្រូវប្រជែងគ្នាដើម្បីរក្សាកៅអីនៅលីគកំពូលរៀងខ្លួន សម្រាប់ការប្រកួតដែលនៅសល់ចំនួន៤លើកចុងក្រោយ៕



Tag:
 CPL
© រក្សាសិទ្ធិដោយ thmeythmey.com