ជាតិ
សង្គមជាតិ
សមត្ថកិច្ច ចាប់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីឆបោក និងបង្កើតគណនីធនាគារខុសច្បាប់
04, Mar 2024 , 4:12 pm        
រូបភាព
ស្ត្រីដែលជាជនសង្ស័យប្រមូលទិញគណនីធនាគារ(រូបកណ្ដាល) ត្រូវសមត្ថកិច្ចឃាត់ខ្លួន។ រូបពី នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
ស្ត្រីដែលជាជនសង្ស័យប្រមូលទិញគណនីធនាគារ(រូបកណ្ដាល) ត្រូវសមត្ថកិច្ចឃាត់ខ្លួន។ រូបពី នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
ភ្នំពេញ៖ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីឆបោក និងប្រើប្រាស់អត្តសញ្ញាណបណ្ណបើកគណនីធនាគារខុសច្បាប់ នៅចំណុចភូមិព្រៃព្រីង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ។

 
បើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្ត្រីជនរងគ្រោះម្នាក់ នៅស្រុកទឹកឈូ​ ខេត្តកំពត​ បានខាតបង់ប្រាក់ចំនួន៤ពាន់ដុល្លារ ពីការឆបោកនេះ។ តាមការស្រាវជ្រាវ សមត្ថកិច្ចអះអាងថា ក្រុមឆបោកមានគ្នាច្រើននាក់ សម្រាប់ធ្វើសកម្មភាពលួច(Hack) គណនីធនាគារយកទៅប្រើប្រាស់​ និងបង្កើតគណនីធនាគារខុសច្បាប់​ ដើម្បីផ្ទេរប្រាក់ចេញ។ 
 
ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចកំពតកាលថ្ងៃទី២៦កុម្ភៈ ។ ក្រោយទទួលបានបណ្ដឹងនេះ សមត្ថកិច្ចបានស្រាវជ្រាវចាប់ជនសង្ស័យ ជាស្ត្រីម្នាក់ នៅភ្នំពេញ នាថ្ងៃទី២ មីនា ។

ជនសង្ស័យនោះ​​ មានស្រុកកំណើតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម​ ដែលជាអ្នកប្រមូលអត្តសញ្ញាបណ្ណពីជនរងគ្រោះ ដើម្បីទៅបង្កើតគណនីធនាគារ សម្រាប់ផ្ទេរប្រាក់ ដែលបានឆបោកពីជនរងគ្រោះ។
 
ក្រោយចាប់ខ្លួនជនសង្ស័យបាន សមត្ថកិច្ច បានស្រាវជ្រាវរកឃើញជនរងគ្រោះចំនួន៨នាក់ ដែលត្រូវបានជនសង្ស័យ លួងលោមយកអត្តសញ្ញាណប័ណ្ណ ទៅបង្កើតគណនី ABA និង Wing សម្រាប់ធ្វើសកម្មភាពបោកប្រាស់អ្នកដទៃឱ្យផ្ទេរប្រាក់។ ជាមួយគ្នានេះ សមត្ថកិច្ចអំពាវនាវដល់ជនរងគ្រោះ ដែលជាម្ចាស់អត្តសញ្ញាណប័ណ្ណ និងម្ចាស់គណនី ABA និង Wing ទៅបិទគណនីធនាគារ ជៀសវាងមានបញ្ហាកើតឡើងដោយមិនដឹងខ្លួន។ 
 
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ទៅឱ្យស្នងការដ្ឋាននគរបាលខេត្តកំពត ដែលជាអ្នកកាន់សំណុំរឿង យកទៅសាកសួរ និងកសាងសំណុំរឿង តាមនីតិវិធី៕ 

© រក្សាសិទ្ធិដោយ thmeythmey.com