ជាតិ
ក្រុមហ៊ុននាំអង្ករទៅអូស្រ្តាលី និងនូវែលសេឡង់ ចង់បង្កើតរោងចក្រកែច្នៃនៅកម្ពុជា
04, Mar 2024 , 6:59 pm        
រូបភាព
កិច្ចពិភាក្សារវាងលោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group និង សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី ក្នុងទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី៤ ខែមីនា។ រូបភាព៖ STPM
កិច្ចពិភាក្សារវាងលោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group និង សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី ក្នុងទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី៤ ខែមីនា។ រូបភាព៖ STPM
ភ្នំពេញ៖ SunRice Group ជាក្រុមហ៊ុនទី១ របស់អូស្រ្តាលី ដែលបាននាំអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសអូស្រ្តាលី និងនូវែលសេឡង់។ ថ្មីៗនេះ ក្រុមហ៊ុនបានបង្ហើបពីបំណងបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គនៅកម្ពុជាតែម្ដង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការនាំចេញទៅក្រៅប្រទេស។


នាកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី ក្នុងទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី៤ ខែមីនានេះ លោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group បានជួបពិភាក្សាជាមួយ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ 
 
ក្នុងជំនួបនោះ លោក បានលើកឡើងថា កម្ពុជាមានសក្ដានុពលលើវិស័យកសិកម្ម ដោយអង្ករកម្ពុជា មានកេរ្តិ៍ឈ្មោះល្បីល្បាញលើសកលលោក។ មិនតែប៉ុណ្ណោះ កម្ពុជាក៏មានកម្លាំងពលកម្មគ្រប់គ្រាន់ ស្ថិរភាពនៃតម្លៃអគ្គីសនី ជាមួយនឹងហេរដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា និងឡូជីស្ទីកល្អប្រសើរផងដែរ។ តាមរយៈសក្ដានុពលទាំងនេះ ក្រុមហ៊ុន SunRice Group របស់លោក ចង់បង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គនៅកម្ពុជាតែម្ដង សម្រាប់នាំចេញទៅក្រៅប្រទេស។
 
សម្ដេច ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះបំណងវិនិយោគមួយនេះ។ សម្ដេច បានប្រាប់ទៅកាន់លោក Paul Serra ថា កសិកម្ម គឺជាវិស័យអាទិភាពមួយ ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់។ បច្ចុប្បន្ន រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយដាក់ពង្រាយមន្ត្រីជំនាញកសិកម្មនៅតាមមូលដ្ឋានឃុំ សង្កាត់ទូទាំងប្រទេស ដើម្បីគាំទ្រដល់ប្រជាកសិករដល់មូលដ្ឋាន លើផ្នែកបច្ចេកទេស សំដៅបង្កើនផលិតភាពផលិតផលកសិកម្មនៅតាមមូលដ្ឋាន។ 
 
សម្ដេច បន្ថែមថា រដ្ឋាភិបាល បានយកចិត្តទុកដាក់លើការពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកញ្ជូន ប្រព័ន្ធឡូជីស្ទីក និងគោលនយោបាយអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីនៅកម្ពុជា។ ទន្ទឹមនេះ រដ្ឋាភិបាល ក៏កំពុងផ្ដោតអាទិភាពលើការប្រើប្រាស់ថាមពលស្អាត និងថាមពលកកើតឡើងវិញផងដែរ ដើម្បីគាំទ្រដល់សកម្មភាព ធុរកិច្ច និង ពាណិជ្ជកម្មនៅកម្ពុជា កាន់តែមានសមត្ថភាពប្រកួតប្រជែង និងផ្តល់ភាពងាយស្រួល ក្នុងការតភ្ជាប់ក៏ដូចជាកាត់ថ្លៃដឹកជញ្ជូន។ 
 
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងខែមករា ឆ្នាំ២០២៤ កម្ពុជាសម្រេចបានការនាំចេញអង្ករប្រមាណ៤៦ ២២១តោន ដែលគិតជាទឹកប្រាក់ចំនួន៣២.៦២លានដុល្លារ។ បរិមាណនៃការនាំចេញនេះ កើនឡើ២៦ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣។ ក្នុងនោះទីផ្សារអឺរ៉ុបគ្របដណ្តប់រហូតដល់៥៤ នៃផលិតផលនាំចេញសរុប៕ 

Tag:
 កសិកម្ម
  SunRice Group
  ហ៊ុន ម៉ាណែត
  អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com