កីឡាជាតិ
ជាតិ
លោក ឃឹម បុរី ចាត់ទុកការបង្កើតកំហុសកាតក្រហមរបស់ វ៉ាន់ណេត ជាការសម្រេចចិត្តត្រឹមត្រូវ
04, Mar 2024 , 9:29 pm        
រូបភាព
កីឡាករ ហួត វ៉ាន់ណេត ពាក់លេខ ៥ រូបពី Cambodian Premier League
កីឡាករ ហួត វ៉ាន់ណេត ពាក់លេខ ៥ រូបពី Cambodian Premier League
ខ្សែការពារណាហ្គាវើលដ៍ ហួត វ៉ាន់ណេត ទទួលបានកាតក្រហម នៅនាទី៧០ ក្នុងជំនួបដែលណាហ្គាវើលដ៍ ចាញ់ អាយ អេស អាយ ដង្កោសែនជ័យ លទ្ធផល ២-០ នៃការប្រកួត Cambodian Premier League កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅកីឡដ្ឋាន AIA KMH Park។ លោក ឃឹម បុរី គ្រូបង្វឹកណាហ្គាវើលដ៍ ចាត់ទុកការបង្កើតកំហុសយកកាតក្រហម ហើយមិនឲ្យគូប្រកួតមានឱកាសស៊ុតបញ្ចូលទីរបស់ខ្សែការពាររូបនេះ ជាការសម្រេចចិត្តត្រឹមត្រូវ។



ណាហ្គាវើលដ៍ ដែលអ្នកទស្សនាបាល់ទាត់ជាច្រើន សង្ឃឹមថាអាចរកគ្រាប់បាល់លើ អាយ អេស អាយ ដង្កោសែនជ័យ ផ្ទុយទៅវិញ ត្រូវបានក្រុមម្ចាស់ផ្ទះ ឈ្នះលទ្ធផល ២-០។ ក្នុងការប្រកួតដ៏តានតឹងនេះ នៅនាទី៧០ អាយ អេស អាយ ដង្កោសែនជ័យ មានឱកាសវាយបក ដោយខ្សែប្រយុទ្ធ Jonh Frith បានអូសបាល់ផុតខ្សែការពារ ហើយ ហួត វ៉ាន់ណេត របស់ណាហ្គាវើលដ៍ បានចាប់ទាញ Jonh Frith ដើម្បីរារាំងមិនឲ្យអូសបាល់ចូលមកក្នុងតំបន់របស់អ្នកចាំទីខ្លួន។ ការចាប់ទាញពីក្រោយនោះ ត្រូវបានអាជ្ញាកណ្ដាល ផ្ដល់កាតក្រហមទៅ និងឲ្យបាល់ពិន័យ ទៅក្រុមម្ចាស់ផ្ទះ។ អាយ អេស អាយ ដង្កោសែនជ័យ មិនបានរកគ្រាប់បាល់បាន តាមរយៈបាល់ពិន័យមួយនេះឡើយ ដោយ សំអុល ទីណា ស៊ុត ចំខ្សែការពារ។ 
 
លោក ឃឹម បុរី គ្រូណាហ្គាវើលដ៍ បាននិយាយថា ការសម្រេចចិត្តបង្កើតកំហុសរបស់ ហួត វ៉ាន់ណេត គឺជារឿងត្រឹមត្រូវ ព្រោះបើបណ្ដោយឲ្យ Jonh Frith អូសទៅមុខទៀត គ្រាប់បាល់ខាងក្រុម អាយ អេស អាយ ដង្កោសែនជ័យ នឹងកើតមានឡើង។ គ្រូបង្វឹករូបនេះ បាននិយាយថា៖«ខ្ញុំ គិតថា នេះគឺជាការសម្រេចត្រូវរបស់គាត់ ព្រោះស្ថានភាពនេះ គាត់បានជួយក្រុម។ យើង នៅសល់១០នាក់មែន ប៉ុន្ដែការប្រកួតរបស់យើងនៅតែធ្វើបានល្អ គ្រាន់តែយើងមិនដាក់សម្ពាធគូប្រកួត បន្ដទៀតទេ។ យើង បាននាំគ្នាទម្លាក់មកតំបន់ការពារកណ្ដាល។ ចំពោះខ្ញុំ ខ្ញុំ សរសើរគាត់ ព្រោះបានជួយក្រុម គាត់បានសម្រេចចិត្តត្រូវ។»។ 
 
២០នាទី ដែលនៅសល់នៃការប្រកួតនេះ ណាហ្គាវើលដ៍ មានចំនួនត្រឹមតែ១០នាក់ ទល់និង១១នាក់របស់ក្រុមម្ចាស់ផ្ទះ។ ណាហ្គាវើលដ៍ បន្ថយការដាក់សម្ពាធនៅតំបន់ប្រយុទ្ធ ហើយមកពង្រឹងកម្លាំងនៅតំបន់ការពារ ខណៈដែល អាយ អេស អាយ ដង្កោសែនជ័យ មានឱកាសច្រើនលើកច្រើនសារ ក្នុងការរកគ្រាប់បាល់។ នៅនាទី៨១ Louis Willy របស់អាយ អេស អាយ ដង្កោសែនជ័យ រកបានមួយគ្រាប់ និងនាទី៩០ Coulibaly បន្ថែម១គ្រាប់ទៀត លទ្ធផល២-០។
 
លោក ឃឹម បុរី ជឿថា ប្រសិនជាកីឡាករ ១១ទល់១១ លទ្ធផលប្រហែលជាមិនមែនបែបនេះទេ។ គ្រូបង្វឹករូបនេះ ក៏មិនបានដាក់បន្ទុកឲ្យជាកំហុសរបស់កីឡាកររូបណាឡើយ។ ផ្ទុយវិញ គ្រូបង្វឹករូបនេះ លើកទឹកចិត្តកូនក្រុមរបស់ខ្លួនថា ពួកគេលេងបានល្អ ប៉ុន្ដែគ្រាន់តែធ្លាក់ចុះទម្រង់ការពារ នៅពេលដែលមិត្តរួមក្រុមម្នាក់ត្រូវបានដកចេញ។
 
«ខ្ញុំ គិតថាជារួមពួកយើងធ្វើបានល្អមែនទែន បើយើងមិនបង្កើតកំហុសខ្លួនឯង។ ប្រសិនជាយើង មិនមានកាតក្រហម ខ្ញុំគិតថា ការប្រកួតនេះ នឹងប្រែប្រួលផ្សេង។ នៅពេលយើងមាន១០នាក់ ហើយអារម្មណ៍កីឡាករ យើងធ្លាក់ចុះ អ៊ីចឹងយើងទម្លាក់មកការពារវិញ។»។ លោក ឃឹម បុរី បាននិយាយដូច្នេះ។
 
ក្នុងថ្ងៃជាមួយគ្នានោះ បឹងកេត ឈ្នះ គិរីវង់សុខសែនជ័យ ២-១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈ វិសាខា ចាញ់ ភ្នំពេញក្រោន ៣-១ នៅកីឡដ្ឋានព្រីនស៍។រីឯ ព្រះខ័នរាជស្វាយរៀង ឈ្នះ អង្គរថាយហ្គឺរ ៣-០ នៅកីឡដ្ឋានខេត្តស្វាយរៀង។
 
គួរបញ្ជាក់ផងដែរថា ព្រះខ័នរាជស្វាយរៀង ឈរចំណាត់ថ្នាក់លេង១ (បណ្ដោះអាសន្ន) មាន៥៩ពិន្ទុ និងចំណាត់ថ្នាក់លេខ២ ភ្នំពេញក្រោន មាន៥២ពិន្ទុ។ រីឯវិសាខា ចំណាត់ថ្នាក់​លេខ៣ មាន៣៨ពិន្ទុ តាមពីក្រោយដោយ បឹងកេត លេង៤ និងអាយ អេស អាយ ដង្កោសែនជ័យ លេង៥ មាន៣៤ពិន្ទុ ស្មើគ្នា។ ចំណែក កងយោធពលខេមរភូមិន្ទ លេង៦ មាន២៧ពិន្ទុ ហើយណាហ្គាវើលដ៍ លេខ៧ មាន២៤ពិន្ទុ។ ព្រៃវែង ឈរចំណាត់ថ្នាក់លេខ៨ មាន២០ពិន្ទុ តាមពីក្រោយដោយ អង្គរថាយហ្គឺរ មានលេខ៩ មាន១៨ពិន្ទុ។ ដោយឡែកគិរីវង់សុខសែន​ជ័យ រក្សាបាតតារាង មាន១៧ពិន្ទុឈរចំណាត់ថ្នាក់លេខ១០៕

Tag:
 បាល់ទាត់
  Cambodian Premier League
  CPL
© រក្សាសិទ្ធិដោយ thmeythmey.com