ជាតិ
បោះឆ្នោត
ព្រឹទ្ធសភា៖ បក្សប្រជាជនកម្ពុជា៥៥, ឆន្ទៈខ្មែរ៣, សភាជ្រើសតាំង២, ព្រះមហាក្សត្រចាត់តាំង២
05, Mar 2024 , 3:14 pm        
រូបភាព
 លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ នាព្រឹកថ្ងៃទី៥ ខែមីនា ពាក់ព័ន្ធនឹងការប្រកាសលទ្ធផលបោះឆ្នោតព្រឹទ្ធសភា។ រូបថត គ.ជ.ប
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ នាព្រឹកថ្ងៃទី៥ ខែមីនា ពាក់ព័ន្ធនឹងការប្រកាសលទ្ធផលបោះឆ្នោតព្រឹទ្ធសភា។ រូបថត គ.ជ.ប
ដោយ: រួបរួម
គណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ បាន៣អាសនៈ ពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ។ នេះបើតាមលទ្ធផលផ្លូវការដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។



ដូចជាលទ្ធផលដែលត្រូវបានប្រកាសជាបឋមផងដែរ គណបក្សកាន់អំណាចបន្តទទួលបានសំឡេងយ៉ាងច្រើនលើសលប់ក្នុងការបោះឆ្នោតអសកលនេះ ដែលមានអង្គបោះឆ្នោតចំនួន១១ ៧៣០នាក់ ស្មើនឹង៩៩,៨៦ភាគរយ នៅមណ្ឌលភូមិភាគទាំង៨។
 
តាមលទ្ធផលផ្លូវការ គណបក្សប្រជាជនកម្ពុជា បាន៥៥អាសនៈ, គណបក្សឆន្ទៈខ្មែរ បាន៣អាសនៈ ចំណែកឯគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនមានសំឡេងគ្រប់គ្រាន់ដើម្បីទទួលអាសនៈនៅសភាជាន់ខ្ពស់នោះឡើយ។

៣អាសនៈដែលគណបក្សឆន្ទៈខ្មែរទទួលបាននោះ គឺលោក សុក ហាច ប្រធានគណបក្ស ទទួលបាននៅភូមិភាគទី២, លោក គង់ មុនីកា អគ្គលេខាធិការគណបក្ស ទទួលបាននៅភូមិភាគទី៦ រីឯលោក សេង ម៉ារឌី អនុប្រធាន ឈ្នះអាសនៈនៅភូមិភាគ៤។

ក្រៅពីសមាជិកព្រឹទ្ធសភាទាំង៥៨រូបដែលត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកលមិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ សមាជិកព្រឹទ្ធសភា២ រូប នឹងត្រូវចាត់តាំងដោយព្រះមហាក្សត្រ និង២រូបទៀត ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។

លោក សុខ ឥសាន និងលោក ហេង ហាលីម ជាសមាជិកព្រឹទ្ធសភាដែលត្រូវបានជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៥ នាសម័យរដ្ឋសភាជាវិសាមញ្ញ ក្រោមអធិបតីភាពសម្តេច ឃួន សុដារី កាលពីព្រឹកថ្ងៃទី១ ខែមីនា។

សម្រាប់នីតិកាលទី៤ នាពេលបច្ចុប្បន្ន សម្តេច សាយ ឈុំ ជាប្រធាន, លោក ស៊ីម កា ជាអនុប្រធានទី១ និងលោក ទេព ងន ជាអនុប្រធានទី២។ សមាជិកព្រឹទ្ធសភាជាប់ឆ្នោត៥៨រូប សុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជា។ ព្រះអង្គម្ចាស់ នរោត្តម ប្រិយសោភ័ណ្ឌ និងលោកស្រី អ៊ុំ សូម៉ានីន ជាសមាជិកដែលត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ រីឯលោក សួន មាន និងលោកស្រី ជា ច័ន្ទទេវី ជាសមាជិកដែលត្រូវបានជ្រើសតាំងដោយរដ្ឋសភា។

សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាប់ជាសមាជិកព្រឹទ្ធសភាភូមិភាគទី៣ ខេត្តកណ្តាល ហើយសម្តេចនឹងឆ្ពោះទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា ជំនួសសម្តេច សាយ ឈុំ។

សមាជិកព្រឹទ្ធសភាដែលជាប់ឆ្នោតទាំង៥៨រូប រួមមាន៖

ភូមិភាគទី១ (ភ្នំពេញ)៖
លោក ប្រាក់ សុខុន, លោក ធន់ វឌ្ឍនា, លោក ម៉ាន់ ឈឿន, លោក ចែម វីឌ្យ៉ា, លោកស្រី ម៉ាណ ណាវី, លោកស្រី មុំ សណ្តាប់។

ភូមិភាគទី២ (កំពង់ចាម, ត្បូងឃ្មុំ)៖ លោក អ៊ុច បូររិទ្ធ, លោកស្រី អ៊ុក ម៉ាលី, លោក ស៊ាក ឡេង, លោក សេះ ពុនយ៉ាម៉ីន, លោក ឡាន់ ឆន, លោក ជឹម លាវ, លោក ឆាយ វណ្ណា, លោក សុក ហាច។

ភូមិភាគទី៣ (កណ្តាល)៖ សម្តេច ហ៊ុន សែន, លោកស្រី ចាន់ សុទ្ធាវី, លោក ម៉ម ប៊ុននាង, លោក ប្រាក់ ចំរើន, លោកស្រី សួស សារ៉ាម។

ភូមិភាគទី៤ (បន្ទាយមានជ័យ, បាត់ដំបង, សៀមរាប, ប៉ៃលិន,ឧត្តរមានជ័យ)៖ លោក ប៉ុល លឹម, លោក ងី ច័ន្ទ្រផល, លោក អន ស៊ុំ, លោក តេង សាវង្ស, លោក អ៊ុក គង់, លោក លេង វី, លោកស្រី ឯម ផលាមុនី, លោក ឈើយ ចាន់ណា, លោក សត ណាឌី, លោក សេង ម៉ារឌី។

ភូមិភាគទី៥ (កំពត, តាកែវ, កែប)៖
លោក ខៀវ មុត, លោក ឈួន ឆាម, លោក គិន ណែត, លោក កុក អាន, លោក ទេព យុទ្ធី, លោក លី សារី, លោកស្រី កង សៅរ៍ធន។

ភូមិភាគទី៦ (ព្រៃវែង, ស្វាយរៀង)៖
លោក អ៊ុំ សារឹទ្ធ, លោកស្រី មាន សំអាន, លោក គឹម ធា, លោក ឈួន ឡេង, លោក ម៉ែន ស៊ីផាន់, លោក ទឹម ផន, លោក គង់ មុនីកា។

ភូមិភាគទី៧ (កំពង់ឆ្នាំង, កំពង់ស្ពឺ, កោះកុង, ពោធិ៍សាត់, ព្រះសីហនុ)៖ លោក ឈិត សុខុន, លោក ង៉ាន់ ចំរើន, លោក លី យ៉ុងផាត់, លោក ម៉ុង ឫទ្ធី, លោកស្រី ថាក់ ឡានី, លោក សាយ បូរិន, លោក អ៊ឹង លាងហ៊ួ, លោក ញ៉ូវ សុង។

ភូមិភាគទី៨ (កំពង់ធំ, ក្រចេះ, មណ្ឌលគិរី, ព្រះវិហារ, រតនគិរី, ស្ទឹងត្រែង)៖
លោក នាង ផាត, លោក មួង ប៉យ, លោកស្រី ឃួន ឃុនឌី, លោក យស ផានីត្តា, លោក សាន់ ឡាទីន, លោក ញ៉ែម សាម៉ន៕


© រក្សាសិទ្ធិដោយ thmeythmey.com