កីឡាជាតិ
ជាតិ
ប្រដាល់សកលអាជីពអន្តរជាតិ នឹងរៀបចំលើកដំបូងនៅសៀមរាប
05, Mar 2024 , 9:59 pm        
រូបភាព
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា (CBF) និងក្លិប Dwyer's របស់អូស្ត្រាលី សហការគ្នារៀបចំកម្មវិធីប្រកួតប្រដាល់សកលអាជីពអន្តរជាតិ «Angkor International Fight Night» ដែលធ្វើឡើងនៅខេត្តសៀបរាប នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។ រៀបចំជាលើកដំបូងនៅខេត្តសៀងរាប ចំពេលពិធីបុណ្យទន្លេ ព្រឹត្តិការណ៍នេះមានកីឡាករ៤ប្រទេសចូលរួម ក្នុងចំណោម៦គូ។



បើតាមការប្រកាសរបស់​ CBF លើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅរសៀលថ្ងៃទី៥ ខែមីនា ព្រឹត្តិការណ៍ Angkor International Fight Night មានកីឡាករមកពី៤ប្រទេសផ្សេងគ្នាសរុប១២រូប ក្នុងនោះកម្ពុជា៧រូប អូស្ត្រាលី៣រូប ស្កុតឡែន១រូប និងកូរ៉េខាងត្បូង១រូប។ ក្នុងចំណោម៦គូ កីឡាករកម្ពុជា៥រូប នឹងត្រូវប៉ះកីឡាករបរទេស។ 
 
ដោយមានការសហការជាមួយក្លិប Dwyer's របស់អូស្ត្រាលី CBF បានយកថ្ងៃទី១៧ ខែមីនា ដែលចំថ្ងៃពិធីបុណ្យទន្លេថ្ងៃទី២ នៅខេត្តសៀមរាប ដើម្បីរៀបចំការប្រកួតប្រដាល់សកលអាជីពអន្តរជាតិនេះ។ 
  

 
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថាការជ្រើសយកខេត្តសៀមរាបរៀបចំកីឡាប្រដាល់សកលនេះដោយសារជាខេត្តមានសក្កដានុពល និងក្នុងបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិដែលទៅកម្សាន្តនៅទីនោះ។
 
ដោយឡែក គោលដៅចម្បងរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្នុងការរៀបចំកីឡាលំដាប់អន្តរជាតិនេះ ដើម្បីអភិវឌ្ឍធនធានកីឡាករប្រដាល់សកលអាជីពរបស់កម្ពុជា ឈានឆ្ពោះទៅចូលរួមការប្រកួត ប្រដាល់ សកលអាជីពលក្ខណៈអន្តរជាតិ នាពេលអនាគត។
 
ចំពោះការប៉ះគ្នារវាងកីឡាករកម្ពុជា ទល់នឹងកីឡាករបរទេស អគ្គលេខាធិការរូបនេះមិនមានក្តីបារម្ភនោះឡើយ និងថែមទាំងជឿជាក់លើសមត្ថភាពរបស់កីឡាករប្រដាល់សកលរបស់ខ្លួនទៀតផង។ «ចំពោះសមត្ថភាពរបស់កីឡាករកម្ពុជា ខ្ញុំមិនគិតថាមានបញ្ហាអ្វីទេ ដ្បិតកីឡាករដែលយើងបានរៀបចំសុទ្ធសឹងមានគុណភាព បទពសោធន៍ ដែលអាចប្រកួតជាមួយកីឡាករបរទេសបាន»។ នេះជាការអះអាងរបស់លោក ប៊ុយ សុភ័ណ្ឌ មុនបន្ថែមថា ជំនួបនេះនឹងបង្ហាញភាពទាក់ទាញតាមរយៈបញ្ចេញបច្ចេកទេសអស់ពីសមត្ថភាពរៀងខ្លួននៅទឹកដីសៀមរាប។
 
ក្នុងចំណោម៦គូ ជំនួបគូពិសេសក្នុងព្រឹតិ្តការណ៍ប្រដាល់សកលអាជីពលើកដំបូងនៅខេត្តសៀបរាបនេះ ធ្វើឡើងរវាងជើងខ្លាំងកម្ពុជា ពេញ វណ្ណថង ម្ចាស់មេដាយសំរឹទ្ធជើងឯកអាស៊ី ទល់នឹងជើងខ្លាំងមកពីស្កុតឡែន Tony Lafferty។

ជំនួប៥គូផ្សេងទៀត រួមមាន៖

១. ហ៊ិន សៃហេង ប៉ះកីឡាករអូស្ត្រាលី Sam Dwyer
២. តេង ប៊ុនតុង ជួបកីឡាករកូរ៉េខាងត្បូង Hyje Shin
៣. វណ្ណា លីហៀង តទល់កីឡាករកម្ពុជាដូចគ្នា សង ស៊ាត
៤. លីវិបុល សេនា ប៉ះកីឡាករអូស្ត្រាលី Tobi O’Neil
៥. រិទ្ធ ទេវតា ជួបកីឡាករអូស្ត្រាលី Johee Yoyce៕
 

Tag:
 ប្រដាល់សកល
  Angkor International Fight Night
© រក្សាសិទ្ធិដោយ thmeythmey.com