អន្តរជាតិ
នាយករដ្ឋមន្ត្រីសិង្ហបុរីថា បញ្ហាសមុទ្រចិនខាងត្បូង ជាជម្លោះមិនងាយដោះស្រាយ
06, Mar 2024 , 12:09 pm        
រូបភាព
លោក លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅថ្ងៃទី៥ ខែមីនា។ រូបភាព AFP
លោក លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅថ្ងៃទី៥ ខែមីនា។ រូបភាព AFP
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង នៅថ្ងៃទី៥ ខែមីនា បានលើកឡើងថា ការចរចាររវាងចិន និង អាស៊ានលើក្រមប្រតិបត្តិលើសមុទ្រចិនខាងត្បូង ត្រូវការពេលវេលាយូរ ដោយសារប្រទេសនីមួយៗមានទស្សនៈ ជាតិផ្សេងៗគ្នា។

 
ជម្លោះសមុទ្រចិនខាងត្បូង ជាបញ្ហាស្មុគស្មាញ និងពិបាកដោះស្រាយ បើទោះរដ្ឋអាស៊ាន និងចិន បានប្តេជ្ញាជាច្រើនលើក ដើម្បីពន្លឿនកិច្ចចរចាក៏ដោយ។ ទាក់ទិននឹងបញ្ហាសមុទ្រចិនខាងត្បូងនេះ ប្រមុខរដ្ឋាភិបាលសិង្ហបុរី ថាជារឿងស្មុគស្មាញខ្លាំង។ 
 
«បញ្ហាមិនងាយស្រួលដោះស្រាយទេ»។ នាយករដ្ឋមន្ត្រីសិង្ហបុរី លោកលីថ្លែងបែបនេះក្នុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក អាន់តូនី អាល់បានីស នៅទីក្រុង មែលប៊ន ដែលលោកចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់មេដឹកនាំសិង្ហបុរី-អូស្ត្រាលីលើកទី៩ និងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី។
 
ដោយទទួលស្គាល់ថាមានភាពលំបាក មេដឹកនាំសិង្ហបុរីរូបនេះ បានបន្លុយថា  ការចរចាលើក្រមប្រតិបត្តិនឹងចំណាយពេលយូរ ហើយបណ្តាប្រទេសអាស៊ានក៏មានទស្សនៈសម្រាប់ជាតិនីមួយៗ​ខុស​ៗគ្នាដែរ។
 
លោកបានបន្ថែមថា ទោះមិនមានការទាមទារនៅក្នុងដែនទឹកដែលមានជម្លោះក្ដី ក៏សិង្ហបុរី ទទួលបានផលប្រយោជន៍ពីសេរីភាពនៃការធ្វើនាវាចរណ៍ និងការអនុវត្តច្បាប់អន្តរជាតិ ព្រោះសមុទ្រចិនខាងត្បូង ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ។
 
ទន្ទឹមនេះ លោកអាល់បានីសមានប្រសាសន៍ថា អូស្ត្រាលីគាំទ្រដ៏រ៉ឹងមាំចំពោះច្បាប់សមុទ្រ ហើយ សេរីភាពនៃការធ្វើនាវាចរណ៍ឆ្លងកាត់សមុទ្រចិនខាងត្បូងមានសារសំខាន់ណាស់។ 
 
លោកលី និងលោកអាល់បានីស ក៏បានឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងសមាជិភាពរបស់ចិនក្នុង កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ថា ពួកគេស្វាគមន៍ចិនក្នុងការដាក់ពាក្យ និងចូលរួម ប្រសិនបើអាចបំពេញតាមស្តង់ដារ និងតម្រូវការ។
 
ដោយឡែក ក្រសួងការបរទេសសិង្ហបុរី បានបង្ហាញក្នុងសេចក្តីថ្លែងការណ៍ដោយឡែកមួយថា មេដឹកនាំទាំងពីរមុននេះបានរៀបចំកិច្ចប្រជុំមួយដែលពួកគេបានបញ្ជាក់សារជាថ្មីអំពីស្ថានភាពដ៏ល្អនៃទំនាក់ទំនងទ្វេភាគី។ មេដឹកនាំទាំងពីរក៏បានកត់សម្គាល់ពីវឌ្ឍនភាពដ៏ល្អក្នុងកិច្ចសហប្រតិបត្តិ ការទ្វេភាគីលើសសរស្តម្ភទាំងប្រាំមួយនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសិង្ហបុរី-អូស្ត្រាលី (CSP) ដែលមានសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ការពារជាតិនិងកិច្ចការបរទេស វិទ្យាសាស្ត្រ និងនវានុវត្តន៍ ប្រជាជនទៅប្រជាជន សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង៕

Tag:
 សិង្ហបុរី
  សមុទ្រចិនខាងត្បូង
  អូស្រ្តាលី
© រក្សាសិទ្ធិដោយ thmeythmey.com