អន្តរជាតិ
អេហ្ស៊ីបថា កិច្ចចរចាបទឈប់បាញ់នៅកាហ្សាមិនអាចទទួលជោគជ័យ
06, Mar 2024 , 4:19 pm        
រូបភាព
ដោយ៖  ម៉ី មិនិត្យ 

មន្ត្រីអេហ្ស៊ីប នៅថ្ងៃទី៥ ខែមីនា បានបញ្ជាក់ថា  ការចរចារយៈពេលបីថ្ងៃជាមួយក្រុមហាម៉ាសលើបទឈប់បាញ់នៅកាហ្សា និងការដោះលែងចំណាប់ខ្មាំងអុីស្រាអែលមិនបានជោគជ័យទេ។ ភាពបរាជ័យនេះ ធ្វើឡើងស្របពេលពិធីបុណ្យរ៉ម៉ាឌនខិតចូលមកដល់។

 
ជម្លោះរវាងអុីស្រាអែល និងហាម៉ាស ដែលផ្ទុះឡើងចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅតែបន្ត ខណៈកិច្ចចរចារកបទឈប់បាញ់ មុនពេលពិធីបុណ្យរ៉ម៉ាឌន នៅតែមិនទាន់អាចទទួលបានជោគជ័យនៅឡើយ។ 
 
អាម៉េរិក កាតា និងអេហ្ស៊ីបបានចំណាយពេលជាច្រើនសប្តាហ៍ ដើម្បីជំរុញឱ្យមានបទឈប់បាញ់រវាងភាគីទាំងពីរ និងឱ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងរហូតដល់ ៤០នាក់ជាថ្នូរនឹងបទឈប់បាញ់រយៈពេលប្រាំមួយសប្តាហ៍។ កិច្ចព្រមព្រៀងនេះ ក៏មានការដោះលែងអ្នកទោសប៉ាឡេស្ទីននៅអុីស្រាអែល និងបើកច្រកជំនួយបន្ថែមទៅតំបន់កាហ្សាផងដែរ។ 
 
មន្ត្រីអេហ្ស៊ីបពីររូប បាននិយាយថាការពិភាក្សាជុំចុងក្រោយបានបញ្ចប់នៅថ្ងៃទី៥ ខែមីនា។ ក្រុមហាម៉ាស បានដាក់សំណើថា ខ្លួននឹងមិនដោះលែងចំណាប់ខ្មាំងទាំងអស់ឡើយ លុះត្រាតែអុីស្រាអែលបញ្ឈប់ការវាយប្រហារ និងដកទ័ពចេញពីតំបន់កាហ្សា ហើយដោះលែងអ្នកទោសក្នុងចំនួនដ៏ច្រើន រួមទាំងក្រុមសកម្មប្រយុទ្ធជាន់ខ្ពស់ដែលត្រូវឃុំខ្លួនអស់មួយជីវិត។
 
«សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនយើងបានសម្រេច លុះត្រាតែបទឈប់បាញ់ជាអចិន្ត្រៃយ៍ (មិនមែនតែ៦សប្តាហ៍) ការបញ្ចប់នៃការឈ្លានពាន និងការដកខ្លួនចេញពីគ្រប់ផ្នែកនៃកាហ្សា»។ មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស លោក Osama Hamdan បានប្រាប់អ្នកសារព័ត៌មានបែបនេះនៅទីក្រុងបេរូត លីបង់ ក្នុងថ្ងៃទី៥ ខែមីនា។
 
ចំណែកនាយករដ្ឋមន្ត្រីអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានច្រានចោលការទាមទាររបស់ក្រុមហាម៉ាស ដោយប្តេជ្ញាម្តងហើយម្តងទៀតថានឹងបន្តសង្រ្គាមរហូតដល់ក្រុមហាម៉ាសបាត់វត្តមានចេញពីតំបន់កាហ្សា ហើយបញ្ជូនចំណាប់ខ្មាំងមកទាំងអស់។ ទន្ទឹមនឹងនេះ អុីស្រាអែលមិនបានបញ្ជូនគណៈប្រតិភូទៅជុំចរចាចុងក្រោយឡើយ។ 
 
ការមិនបញ្ជូនមន្រ្តីតំណាងទៅចរចានោះ អាចមកពីអុីស្រាអែលកំពុងទាមទារ និងរង់ចាំក្រុមហាម៉ាស ប្រគល់បញ្ជីចំណាប់ខ្មាំង។  តែក្រុមហាម៉ាស បានអះអាងថា បញ្ជីនោះ មិនពាក់ព័ន្ធទៅនឹងកិច្ចពិភាក្សានោះទេ ហើយចោទប្រកាន់អុីស្រាអែលថាជាលេសដើម្បីចៀសវាងចូលរួមក្នុងការចរចា។
 
លោក Benny Gantz សមាជិកនៃគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់លោក ណេតាន់យ៉ាហ៊ូ និងជាគូប្រជែងនយោបាយដ៏សំខាន់ ក៏បានជួបជាមួយមន្ត្រីជាន់ខ្ពស់អាម៉េរិកក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីដោះស្រាយបញ្ហានៅកាហ្សាផងដែរ។ ចំណែកអ្នកសម្រុះសម្រួល សង្ឃឹមថានឹងធ្វើកិច្ចព្រមព្រៀងមួយមុនពិធីបុណ្យរ៉ម៉ាឌន ដែលជាខែនៃការតមអាហារពីព្រឹកដល់ព្រលប់។
 
ពេលនេះ ប្រជាជនប៉ាឡេស្ទីន កំពុងត្រូវការជំនួយ និងស្បៀងអាហារយ៉ាងខ្លាំង ស្របពេលកុមារជាច្រើន ស្លាប់ដោយសារអត់អាហារ។ ចំណែកអាម៉េរិក នៅតែបន្តទម្លាក់ជំនួយស្បៀងអាហារតាមផ្លូវអាកាស៕ 

Tag:
 កាហ្សា ហាម៉ាស អុីស្រាអែល សង្គ្រាម
© រក្សាសិទ្ធិដោយ thmeythmey.com