RFI
អន្តរជាតិ
បារាំងក្លាយជាប្រទេសដំបូងគេ ដែល​​ចារ “សិទ្ធិស្ត្រី​ក្នុង​ការ​រំលូតកូន” នៅក្នុង​រដ្ឋធម្មនុញ្ញ
06, Mar 2024 , 7:39 pm        
រូបភាព
មនុស្ស​ម្នា​មកជួបជុំនៅទីលាន Trocadero ជិតតួអេហ្វែល ដើម្បីអបអរជោគជ័យ នៃការ​ចារកំណត់សិទ្ធិស្ត្រីក្នុងការរំលូតកូន នៅក្នុងរដ្ឋធម្មនុញ្ញ​បារាំង​។ ប៉ារីស ថ្ងៃទី ៤មីនា២០២៤ AFP - DIMITAR DILKOFF
មនុស្ស​ម្នា​មកជួបជុំនៅទីលាន Trocadero ជិតតួអេហ្វែល ដើម្បីអបអរជោគជ័យ នៃការ​ចារកំណត់សិទ្ធិស្ត្រីក្នុងការរំលូតកូន នៅក្នុងរដ្ឋធម្មនុញ្ញ​បារាំង​។ ប៉ារីស ថ្ងៃទី ៤មីនា២០២៤ AFP - DIMITAR DILKOFF
ដោយ៖ម៉ម ពិសី / RFI ខេមរភាសា
 
៤ថ្ងៃមុនទិវាសិទ្ធិនារីអន្តរជាតិ បារាំងបានក្លាយ​ជា​ប្រទេសដំបូងគេក្នុងពិភពលោក ដែលបានចារការពារ សិទ្ធិស្ត្រីក្នុងការរំលូតកូន នៅក្នុង​រដ្ឋធម្មនុញ្ញ​ដែលជាច្បាប់កំពូល។ ស្របពេលដែលនៅតាមប្រទេសខ្លះ ជាក់ស្តែង​នៅសហរដ្ឋអាមេរិក ដែល​សិទ្ធិស្ត្រីក្នុងការរំលូតកូន ត្រូវបាន​គេយាយីរារាំង និងដើរថយក្រោយ​គួរឲ្យ​ព្រួយបារម្ភនោះ រដ្ឋាភិបាលក៏ដូចជាសមាជិកសភាបារាំង សង្ឃឹមថាបារាំងនឹងក្លាយ​ជាគម្រូល្អ សម្រាប់ប្រទេសទាំងអស់​ នៅក្នុងការ​ការ​ពារសិទ្ធិនេះឲ្យ​បានរឹងមាំបំផុត ជូនស្ត្រីទាំងអស់​នៅ​ទូទាំងពិភពលោក។

 
សមាជិកសភា និងព្រឹទ្ធសភាបារាំង បានជួបជុំគ្នាជាពិសេស នៅ​អតីព្រះបរមរាជវាំង Versailles ថ្ងៃចន្ទទី​៤មីនា ដើម្បី​បោះឆ្នោតអនុម័ត លើសំណើររបស់រដ្ឋាភិបាល ដែលចង់ចារ សិទ្ធិស្ត្រីក្នុងការរំលូតកូន នៅក្នុងរដ្ឋធម្មនុញ្ញ​បារាំង​។ ឆ្លងកាត់​ការជជែក​ដេញដោលគ្នា អស់ជាច្រើនខែ នៅទីបំផុតសមាជិកសភានិងព្រឹទ្ធសភាបារាំង បានបោះឆ្នោតយល់ព្រមយ៉ាង​ច្រើនសន្ធឹក ៧៨០សំឡេងគាំទ្រ ទល់នឹង​៧២សំឡេងប្រឆាំង​។
 
ថ្លែងនៅក្នុងពេល​បើកអង្គប្រជុំ លោកនាយករដ្ឋមន្ត្រីបារាំង Gabriel Attal បាន​លើកឡើងថា យើងទាំងអស់គ្នាមាន​បំណុលឧត្តមគិត ដែលត្រូវសងជូនទៅ​ស្ត្រី​ទាំងអស់ ដែលពួកគេ​​បានឆ្លងកាត់នូវសេចក្តីឈឺចាប់ ដោយសារតែការ​រំលូតកូន​ដោយ​លួចលាក់ និង​ដ៏ប្រឈម​គ្រោះថ្នាក់​ដល់ជីវិត”​។
 
ក្រោយដឹងដំណឹង​ថា​សមាជិកសភាបានបោះឆ្នោត​យល់ព្រម លោក​ប្រធានាធិបតីម៉ាក្រុង បានបង្ហោះសារលើបណ្តាញសង្គម ដោយបានអបអរសាទរ ថានេះគឺជា “​មោទនភាពមួយរបស់បារាំង” និង​គឺជា “ការផ្ញើសារជាសកល” ។  លោក​បន្តថា ចាប់ពីពេលនេះ យើង​នឹងបោះជំហាន​ឈានចូលសករាជ្យថ្មី​ ដែល​សិទ្ធិរំលូតកូនរបស់ស្ត្រី គឺជាសិទ្ធិដែលមានចែងក្នុងច្បាប់​កំពូលរបស់​បារាំង​ ដោយ​មិន​អាចមាននរណា​​ប៉ះពាល់បាន​ជាដាច់ខាត​។
 
សូមបញ្ជាក់ថា ការធ្វើកំណែទម្រង់ថ្មីនេះ គឺធ្វើនៅត្រង់មាត្រា ៣៤ នៃរដ្ឋធម្មនុញ្ញបារាំង។ ចាប់ពីពេលនេះទៅ មាត្រានេះ ចែងថា “ច្បាប់​ត្រូវកំណត់អំពីលក្ខខណ្ឌ​ ដែលនឹង​ធានាការពារ​នូវ​សិទ្ធិ​របស់​ស្ត្រី ក្នុងការរំលូតកូន​”។ លោកស្រី Leah Hoctor តំណាង​ Center for Reproductive Rights ដែលជាអង្គការអាមេរិក​ការពារសិទ្ធិរំលូតកូន បាន​លើកឡើងថា នេះជា​លើកទីមួយក្នុងពិភពលោកហើយ ដែលមានការចែងកំណត់ ការពារសិទ្ធិនេះយ៉ាងច្បាស់ៗនៅក្នុងរដ្ឋធម្មនុញ្ញបែបនេះ​។ ចំណែក​ លោក​ប្រធានអង្គការសុខភាពពិភពលោកវិញ បាន​ថ្លែងសារអបអរសាទរ ចំពោះការសម្រេចរបស់បារាំង នៅក្នុងការចារកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ ការពារសិទ្ធិរំលូតកូន​របស់ស្ត្រី និង​ស្រោចស្រង់អាយុជីវិត​របស់ស្ត្រី​ពីគ្រោះថ្នាក់​។  
 
ដោយឡែក បុរីវ៉ាទីកង់ បាន​ផ្ញើសារ​មកកាន់បារាំង កាលពីថ្ងៃចន្ទ ថា​វ៉ាទីកង់សូម​ប្រឆាំងជំទាស់ដាច់ខាត​ ចំពោះការចារកំណត់​ការពារសិទ្ធិរំលូតកូន ដែលវ៉ាទីកង់ចាត់ទុកថាគឺជា “សិទ្ធិដែល​ដកហូតជីវិត​មនុស្ស”​។
 
គួរបញ្ជាក់ដែរថា យោងតាមការស្ទាបស្ទង់មតិ ៨០%នៃប្រជាជនបារាំង បានគាំទ្រឲ្យបារាំងកំណត់​ ការពារ​​សិទ្ធិរំលូតកូន​​នៅក្នុងរដ្ឋធម្មនុញ្ញ បើទោះបីជា​បារាំង មានច្បាប់​អនុញ្ញាតឲ្យស្ត្រីអាចរំលូតកូនបាន​ដោយស្របច្បាប់​ តាំងតែពីឆ្នាំ​១៩៧៥មក​ក៏ដោយ​​។ គំនិត​ស្នើឡើងចង់​កំណត់សិទ្ធិនេះ នៅក្នុងច្បាប់កំពូល​បន្ថែមទៀត បន្ទាប់ពី​អ្នកនយោបាយបារាំងមួយចំនួន បាន​សង្កេតឃើញនូវការដើរថយក្រោយ​ ដ៏គួរឲ្យគ្រោះថ្នាក់​នៅតាមប្រទេសអឺរ៉ុបមួយចំនួន​ នៅ​ជាពិសេសនៅ​សហរដ្ឋអាមេរិក​។
 
សូមរំលឹកថា​ កាលពីខែមិថុនា ឆ្នាំ២០២២ តុលាការកំពូលអាមេរិក បាន​លប់ចោលការ​​ការពារដោយច្បាប់​សហព័ន្ធ ​នៃ​សិទ្ធិស្ត្រីក្នុងការរំលូតកូន។ ចាប់ពីពេលនោះមក ស្ត្រីអាមេរិកនៅតាមរដ្ឋមួយចំនួន ​ត្រូវបានគេហាមឃាត់មិនឲ្យរំលូតកូន ហើយអ្នកខ្លះត្រូវបង្ខំចិត្ត រំលូតកូនដោយលួចលាក់ ប្រឈមទោសទណ្ឌ និង​ប្រឈមគ្រោះថ្នាក់​ស្លាប់បាត់បង់ជីវិត​ថែមទៀត។ ដោយសង្កេត​ឃើញ​​ទំនោររារាំងសិទ្ធិស្ត្រីបែប​នេះ បានធ្វើ​ឲ្យបារាំងយល់ថា បារាំងត្រូវតែ​ចែង​ក្នុងច្បាប់កំពូល ដើម្បីផ្ញើសារនិងធ្វើជាគម្រូ​សម្រាប់ពិភពលោក ថាស្ត្រីមានសិទ្ធិលើរូបរាង្គកាយ​របស់ខ្លួន និងមានសិទ្ធិ​​សម្រេចថាចង់​ឬមិនចង់​មានកូន​៕

© រក្សាសិទ្ធិដោយ thmeythmey.com