អន្តរជាតិ
អាស៊ាន និងអូស្រ្តាលីជំរុញឱ្យថែរក្សាស្ថិរភាព និងរឹតត្បិតការគំរាមលើសមុទ្រចិនខាងត្បូង
06, Mar 2024 , 5:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
មេដឹកនាំអាស៊ាន និងអូស្រ្តាលី នៅថ្ងៃទី៦ ខែមីនា បានជំរុញឱ្យបណ្តាប្រទេសទាំងអស់ ចៀសវៀងការប្រើប្រាស់សកម្មភាពឯកតោភាគី ដែលឱ្យបង្កគ្រោះថ្នាក់ និងការគំរាមកំហែងនៅក្នុងសមុទ្រចិនខាងត្បូង។ មេដឹកនាំអាស៊ាន និងអូស្រ្តាលី ក៏នៅតែប្តេជ្ញាថែរក្សាស្ថិរភាព និងសន្តិភាពក្នុងសមុទ្រមួយនេះផងដែរ។

 
សមុទ្រចិនខាងត្បូង នៅតែជាតំបន់ជម្លោះដ៏ស្មុគស្មាញ និងមានរយៈពេលយូរ ហើយមិនទាន់ដោះស្រាយបានស្រេចបាច់។ ជាញយៗ បណ្តាសមាជិកអាស៊ានមួយចំនួន តែងតែប៉ះពាក្យសម្តី និងកងល្បាតជាមួយចិន ដែលទាមទារដែនទឹកស្ទើរតែជិត ៩០ភាគរយ ដោយផ្អែកលើតឹកតាងប្រវត្តិសាស្រ្ត និងច្បាប់អន្តរជាតិ។ 
 
តាមរយៈសេចក្តីថ្លែងការណ៍ក្រុង Melbourne មេដឹកនាំអាស៊ាន និងអូស្រ្តាលី បានប្រកាសទទួលស្គាល់ពីផលប្រយោជន៍នៃសន្តិភាព ស្ថិរភាព និងវិបុលភាពលើសមុទ្រចិនខាងត្បូង។ 
 
«យើងលើកទឹកចិត្តឱ្យប្រទេសទាំងអស់ ចៀសវាងសកម្មភាពឯកតោភាគី ដែលនាំមហន្តរាយដល់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់»។ មេដឹកនាំអាស៊ាន និងអូស្រ្តាលី បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី៦ ខែមីនា​ ដោយបន្តថា ភាគីទាំងពីរ នឹងបន្តអភិរក្ស ហើយប្រើប្រាស់ធនធានសមុទ្រប្រកបដោយចីរភាព ដោយផ្អែកទៅច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ 
 
សេចក្តីថ្លែងការណ៍ដដែល ក៏បានបញ្ជាក់ពីការគាំទ្រលើការអនុវត្តប្រកបដោយប្រសិទ្ធភាពលើសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីពាក់ព័ន្ធក្នុងសមុទ្រចិនខាងត្បូង(DOC) នៅឆ្នាំ២០០២ និងពន្លឿនការចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងឱ្យបានចប់ បានឆាប់រហ័សផងដែរ។ 
 
យ៉ាងណាមិញ នៅក្នុងសន្និសីទប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិនម្នាក់ បានការពារថា សមុទ្រចិនខាងត្បូង នៅតែមានសិ្ថរភាព ហើយជំហរដោះស្រាយជម្លោះចិន បានបង្ហាញយ៉ាងជាក់ច្បាស់។ មិនតែប៉ុណ្ណោះ មន្រ្តីក្រសួងការបរទេសចិនរូបនេះ បានប្តេជ្ញាដោះស្រាយការខ្វែងគំនិតរវាងចិន និងភាគីជម្លោះក្នុងសមុទ្រចិនខាងត្បូងឱ្យបានត្រឹមត្រូវថែមទៀត៕ 

Tag:
 អាស៊ាន
  អូស្រ្តាលី
© រក្សាសិទ្ធិដោយ thmeythmey.com