អន្តរជាតិ
WHO បារម្កពីកង្វះអាហារូបត្ថម្ភយ៉ាងអាក្រក់ចំពោះកុមារនៅតំបន់ភាគខាងជើងកាហ្សា
06, Mar 2024 , 9:59 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៥ ខែមីនា បានរាយការណ៍ថា កម្រិតកង្វះខាត អាហារូបត្ថម្ភនៅភាគខាងជើងតំបន់កាហ្សា គឺស្ថិតក្នុងស្ថានភាពដ៏យ៉ាប់យ៉ឺន និងប្រហែលបីដងខ្ពស់ជាងកម្រិតនៅភាគខាងត្បូងនៃតំបន់ប៉ាឡេស្ទីនដែលមានជំនួយកាន់តែច្រើន។

 
អ្នកតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់កាហ្សា និងតំបន់ត្រើយខាងលិច (West Bank) លោក Richard Peeperkorn  មានប្រសាសន៍ថា កុមារម្នាក់ក្នុងចំណោមប្រាំមួយនាក់ដែលមានអាយុក្រោម ២ ឆ្នាំរងកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរនៅភាគខាងជើងកាហ្សា។
 
« (ទិន្នន័យនេះ) គឺនៅក្នុងខែមករា។ ដូច្នេះស្ថានភាពទំនងជាកាន់តែអាក្រក់នៅថ្ងៃនេះ» ។ លោក Peeperkorn បញ្ជាក់បែបនេះ ដោយសំដៅលើកាលបរិច្ឆេទនៃការទទួលបានព័ត៌មាន និងទិន្នន័យខាងលើ។
 
ជុំវិញរឿងនេះ អ្នកនាំពាក្យរបស់អង្គការយូនីសេហ្វ លោក James Elder បានលើកឡើងថា អត្រាកង្វះអាហារូបត្ថម្ភសម្រាប់កុមារអាយុក្រោម ៥ឆ្នាំនៅភាគខាងជើងតំបន់កាហ្សា គឺខ្ពស់ ជាងចំនួនបីដងនៅទីក្រុង Rafah នៅភាគខាងត្បូងដែលអាចទទួលបានជំនួយជាច្រើន។
 
បន្ថែមពីលើភាពអត់ឃ្លាន ហានិភ័យកើនឡើងពីជំងឺឆ្លង ដោយកុមារ ៩ នាក់ក្នុងចំណោម ១០ នាក់ដែលមានអាយុក្រោម ៥ឆ្នាំ សរុបចំនួនប្រហែល ២២ម៉ឺននាក់ បានធ្លាក់ខ្លួនឈឺក្នុង រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះផងដែរ។ 
 
«វាក្លាយជាវង់ដែលយើងមានការភ័យខ្លាចខ្លាំង ជំងឺឆ្លង កង្វះអាហារ កង្វះទឹកស្អាត និងការ វាយប្រហារដែលកំពុងបន្ត ហើយនៅតែមិនគួរឱ្យជឿនៃការពិភាក្សាអំពីការវាយលុកចូលទៅ ក្នុងទីក្រុង Rafah ដែលជាទីក្រុងរបស់កុមារ»។ លោក Elder បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងហ្សឺណែវបែបនេះ។​ ទីក្រុង Rafah មាន​កុមារប្រហែល​បី​ភាគ​បួន​នៃចំនួនសរុប​មួយ​លាន​នាក់​រស់​នៅ​ទីនោះ។
 
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលនៅតំបន់កាហ្សាកាលពីថ្ងៃទី៣ ខែមីនាបានរាយការណ៍ថា យ៉ាងហោចណាស់ កុមារចំនួន ១៥ នាក់បានស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារកង្វះអាហារូបត្ថម្ភ និងការខ្សោះជាតិទឹក នៅឯមន្ទីរពេទ្យ Kamal Adwan ភាគខាងជើងកាហ្សា៕

Tag:
 កាហ្សា
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com