ជាតិ
ព័ត៍មានសុខភាព
សុខភាព
ខូចសុខភាព​មិនខាន ​! សារធាតុ​គីមីទាំងនេះ​ប្រើ​ច្រើន​លើ​ម្ហូបអាហារយើងញ៉ាំរាល់ថ្ងៃ
08, Mar 2024 , 6:59 am        
រូបភាព
សារធាតុ​គីមី​មិន​អនុញ្ញាត​ឱ្យ​ប្រើ​លើ​ចំណីអាហារ​ឡើយ ព្រោះ​ប៉ះពាល់​ដល់​សុខភាព ប៉ុន្តែ​នៅ​តែ​មាន​អ្នកលក់​ជា​ច្រើន​ប្រើ​សារធាតុ​គីមី​ដាក់​នៅ​ក្នុង​ម្ហូបអាហារ ។ តោះ​មក​ដឹង​ពីសារ​ធាតុគីមី ៣ ប្រភេទ​ដែល​គេ​ប្រើ​ច្រើន​លើ​ម្ហូបអាហារ​ដែល​យើង​ញុំា​រាល់ថ្ងៃ ។

 
១. បូ​រាក់ (Borax)
បូ​រាក់ ឬ​សូ​ដ្យូ​ម​បូ​រ៉ាត​ដែល​យើង​ហៅ​ថា​ទឹក​អ​ន្សា​គឺជា​សារធាតុ​ម្សៅ​ពណ៌​ស​ដូច​អំបិល​សម្រាប់​ប្រើ​ជា​ជី សារធាតុ​សម្អាត និង​ថ្នាំ​សម្លាប់​សត្វល្អិត​។ ប្រភេទ​ចំណីអាហារ​ជា​ច្រើន​ត្រូវ​បាន​គេ​ដាក់​សារធាតុ​បូ​រាក់ ក្នុង​នោះ​មាន​ដូច​ជា​មឹក បង្គារ សាច់​ប៉ា​តេ ត្រី​ហើម ត្រីងៀត ប្រហិត ត្រី ឈាម​ជ្រូក សរសៃ​គុយទាវ មី ពពុះសណ្តែក បង្អែម​លត បាញ់ឌុក ទំពាំងជូរ ស្ពៃជ្រក់​ជាដើម ដើម្បី​រក្សា​ទុក​បាន​យូរ​នៅ​តែ​ស្រស់​មិន​ងាយ​ខូច ហើយ​បើ​បង្អែម គុយទាវ មី និង​ប្រហិត​វិញ​ឱ្យ​ស្វិត​ល្អ​។
 
បន្ទាប់​យើង​ញុំា​អាហារ​មាន​ផ្ទុក​សារធាតុ​ប៉ូ​រាក់ ២- ៤ ម៉ោង​នឹង​មាន​រោគ​សញ្ញា​លេចឡើង​ដូច​ជា​ឈឺក្បាល ក្តៅខ្លួន ចង្អោរ ក្អួ​រ និង​ក្រហម​ភ្នែក​។ ការ​ញុំា​សារធាតុ​ប៉ូ​រាក់​ក្នុង​បរិមាណ​ច្រើន​អាច​បណ្តាល​ឱ្យ​ខូច​តម្រងនោម​។ លើស​ពី​នេះ​ទៅ​ទៀត ការ​បរិភោគ​អាហារ​ដែល​មាន​ផ្ទុក​សារធាតុ​បូ​រ៉ា​ក់​ត្រឹមតែ ១៥-២០ ក្រាម​អាច​សម្លាប់​មនុស្ស​ពេញវ័យ​បាន ហើយ​ចំពោះ​កុមារ​គឺ​ត្រឹមតែ ៥ ក្រាម​ប៉ុណ្ណោះ​។
 
២. ហ្វ័​រ​ម៉ុ​ល (Formaldehyde)
ហ្វ័​រ​ម៉ុ​ល ឬ​ហ្វ័​រ​ម៉ា​លី​ន (Formalin) គឺជា​ឧស្ម័ន​ឆួល​គ្មាន​ពណ៌ ប្រើប្រាស់​ជា​ទូទៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​សម្រាប់​ការ​ផលិត​ជ័រ​ប្លា​ស្ទិ​ក ជី គ្រឿងសម្អាង និង​វាយ​ន​ភណ្ឌ​។ លើស​ពី​នេះ​ទៅ​ទៀត យើង​ប្រើ​ហ្វ័​រ​ម៉ុ​ល​ចាក់​សព​ការពារ​កុំឱ្យ​រលួយ​។ ប៉ុន្តែ​អ្នកលក់​បែរជា​ដាក់​ហ្វ័​រ​ម៉ុ​ល​ក្នុង​ម្ហូបអាហារ​ដូច​ជា​ត្រី សាច់ គ្រឿង​សមុទ្រ បន្លែ ផ្អក ប្រហុក ត្រី​ប្រ​ម៉ា ត្រីងៀត​…​ជាដើម​ដើម្បី​ឱ្យ​នៅ​ស្រស់ និង​រក្សា​ទុក​បាន​យូរ​។
 
ផល​ប៉ះពាល់​នៃ​ការ​ទទួលទាន​ហ្វ័​រ​ម៉ុ​ល​ក្នុង​រយៈពេល​ខ្លី​រួម​មាន ឈឺក្បាល ហៀរ​សំបោរ ចង្អោរ ថប់ដង្ហើម មាន​បញ្ហា​អា​លែ​ហ្ស៊ី រលាក​ច្រមុះ ភ្នែក និង​បំពង់ក​។ ឯ​ផល​ប៉ះពាល់​រយៈពេល​វែង​អាច​បណ្តាល​ឱ្យ​មាន​ជំងឺហឺត ជំងឺ​ផ្លូវដង្ហើម រលាក​ក្រពះ ក្អួត សន្លប់ ប៉ះពាល់​តម្រងនោម និង​អាច​គ្រោះថ្នាក់​ដល់​ជីវិត​។
 
៣. ម្សៅ​ស ឬ​ថ្នាំ​ស (Sodium Hydrosulfite)
សូ​ដ្យូ​ម​អ៊ី​ដ្រូ​ស៊ុ​ល​ហ្វី​ត​ជា​ម្សៅ​ស​ប្រើ​សម្រាប់​ជា​ធាតុ​ផ្សំ​ក្នុង​ការ​ផលិត​រ៉េ​អាក់​ទ័​រ​នុយក្លេអ៊ែរ ក្រដាស ថ្នាំ​ពណ៌ និង​សារធាតុ​គីមី​ផ្សេង​ទៀត​។ តែ​យើង​ឃើញ​គេ​ប្រើ​ម្សៅ​ស​លើ​សណ្តែកបណ្តុះ បន្លែ​សម្លរ​កកូរ ស្ករត្នោត ទំពាំង​ជ្រក់ គល់​ស្លឹកគ្រៃ ខ្ញី ត្រ​យ៉ូ​ង​ចេក ដើម​ចេក​ហាន់​ស្រាប់​ៗ​។​ល​។ ដើម្បី​ឱ្យ​នៅ​ស្រស់​បាន​យូរ និង​មាន​ពណ៌​ស​ស្អាត​មិន​ប្រែជា​ខ្មៅ​។
 
ការ​ទទួលទាន​ម្ហូបអាហារ​ដែល​មាន​សារធាតុ​គីមី​ហាមឃាត់ Sodium Hydrosulfite អាច​បណ្តាល​ឱ្យ​ពិបាក​ដកដង្ហើម សម្ពាធ​ឈាម​ចុះ​ទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ និង​រាករូស​។ សម្រាប់​អ្នកមាន​បញ្ហា​អាលែកហ្ស៊ី​ធ្ងន់ធ្ងរ​ជាមួយ​សារធាតុ​នេះ ឬ​អ្នកមាន​ជំងឺហឺត​អាច​បណ្តាល​ឱ្យ​ពិបាក​ដកដង្ហើម និង​អាច​បាត់បង់​ជីវិត​បាន ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com