កីឡាជាតិ
ជាតិ
Hun Sen Cup ជើងទី១៖ ឈ្នះបឹងកេត តែគ្រូស្វាយរៀងបារម្ភគុណភាពស្មៅស្តាតអូឡាំពិក
07, Mar 2024 , 2:49 pm        
រូបភាព
ព្រះខ័នរាជស្វាយរៀង បានយកឈ្នះបឹងកេត ៣-១ ក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចហ៊ុនសែន Hun Sen Cup នៅថ្ងៃទី៦ ខែមីនា។ លោក Pep Munoz គ្រូបង្វឹកស្វាយរៀង មិនពេញចិត្តនឹងការប្រកួតនេះទេ ដោយបង្ហាញក្តីបារម្ភពីកីឡាករ ដោយសារគុណភាពស្មៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក។



តាមរយៈលទ្ធផល ៣-១ នៅជើងទី១ ពានរង្វាន់ Hun Sen Cup វគ្គ១/២ផ្តាច់ព្រ័ត្រ បង្ហាញច្បាស់ថាគុណភាពរបស់ក្រុមស្វាយរៀងពិតជាខ្លាំងនៅរដូវកាលនេះ ទាំងជំនួបក្នុងដី និងក្រៅដី។

៣គ្រាប់របស់ស្វាយរៀងកើតឡើងដោយកីឡាករ២រូប ក្នុងនោះ Gabriel Silva រកបាន២គ្រាប់ម្នាក់ឯង និង ជូ ស៊ិនទី រកបាន១គ្រាប់ មុនពេល ចន្ថា ចន្ទាកា តាមបាន១គ្រាប់ឱ្យបឹងកេត។
 
ទោះរកបានជ័យជម្នះនេះ ប៉ុន្តែលោក Pep Munoz គ្រូបង្វឹកស្វាយរៀងបានលើកសរសើរការខិតខំប្រឹងប្រែងរបស់កូនក្រុម តែ ហាក់មិនសប្បាយចិត្តនោះឡើយអំពីគុណភាពស្មៅក្នុងទីលានប្រកួតរបស់ម្ចាស់ផ្ទះបឹងកេត។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ អះអាងប្រាប់អ្នកសារព័ត៌មានក្រោយចប់ការប្រកួតថា៖ «ក្រុមទាំងពីរពិបាកលេងដូចគ្នា ដោយសារគុណភាពស្មៅ។ ទាំងស្វាយរៀង និងបឹងកេត សុទ្ធតែធ្លាប់តែលេងបាល់ច្រើនប៉ះ ប៉ុន្តែស្មៅក្នុងទីលានអត់ល្អធ្វើឱ្យកីឡាករពិបាកលេងតាមបច្ចេកទេស»។



ចំពោះបញ្ហាស្មៅនៅទីលានស្តាតអូឡាំពិកនេះ ក៏បានធ្វើឱ្យលោក Munoz មានការព្រួបារម្ភអំពីកីឡាកររបស់ក្រុមជម្រើសជាតិកម្ពុជាផងដែរ ដ្បិតលោកគិតថា អាចរងផលប៉ះពាល់ដល់ការលេង ជាពិសេសបច្ចេកទេសក្នុងការបញ្ជូនបាល់របស់កីឡាករ។ 
 
«យើងមានកីឡដ្ឋានល្អ ប៉ុន្តែទីលានពិបាកលេងមែនទែន។ ខ្ញុំមិនដឹងថាក្រុមជម្រើសជាតិលេងយ៉ាងម៉េចទេ ហើយគុណភាពស្មៅនេះនឹងប៉ះពាល់ដល់បាល់ទាត់ខ្មែរ និងពិបាកដល់ការទស្សនារបស់អ្នកគាំទ្រផងដែរ»។ លោក Munoz វ័យ៤៤ឆ្នាំបន្ថែម។
 
ដោយឡែកជំនួបមួយគូទៀត រវាងម្ចាស់ការពារជើងឯក ផ្ទះវិសាខា និងភ្នំពេញក្រោន បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ នៅជើងទី១។ នៅកីឡដ្ឋានព្រីនស៍ លឹម ពិសុទ្ធ និង SHIMIZU
SHINTARO សម្រេចទីម្នាក់មួយគ្រាប់ឱ្យក្រុមភ្ញៀវភ្នំពេញក្រោន មុនពេល JONATA DE OLIVEIRA BASTOS និង ស៊ិន កក្កដា រកបាន១គ្រាប់ម្នាក់តាមស្មើឱ្យវិសាខាវិញ។
ជំនួបជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេច ហ៊ុន សែន នឹងធ្វើឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤៕

Tag:
 Hun Sen Cup
© រក្សាសិទ្ធិដោយ thmeythmey.com