ជាតិ
ព័ត៍មានសុខភាព
សុខភាព
កុំសូវញាំផ្អែមពេក ប្រយ័ត្នប្រឈមនឹងជំងឺពុកឆ្អឹងដោយមិនដឹងខ្លួន
08, Mar 2024 , 10:59 pm        
រូបភាព
ស្ករ​ត្រូវ​បាន​ប្រើប្រាស់​កាន់តែ​ច្រើន​ក្នុង​ឧស្សាហកម្ម​ចំណីអាហារ​ដោយសារ​តែ​គុណភាព​របស់​ស្ករ​បង្កើន​រស់ជាតិ​អាហារ ។ ស្ករ​មួយ​ប្រភេទ​ដែល​គេ​ប្រើ​ញឹកញាប់​នៅ​ក្នុង​ឧស្សាហកម្ម​ចំណីអាហារ​នោះ​គឺ Fructose​។ ស្ករ​ប្រភេទ​នេះ​អាច​ជា​មូលហេតុ​ត​ចម្បង​នាំ​ឲ្យ​កើនឡើង​គ្រោះថ្នាក់ ជំងឺ​ធាត់​លើស​ទម្ងន់ បញ្ហា​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម ។ ក្រៅពី​បញ្ហា​គ្រោះថ្នាក់​សុខភាព​ទាំងនោះ ការ​សិក្សារ​ថ្មី​ៗ​នេះ ក៏​បង្ហាញ​ដែរ​ថា Fructose ក៏​អាច​បង្ក​គ្រោះថ្នាក់​ទៅ​ដល់​សុខភាព​ឆ្អឹង​ដូច​គ្នា​។

 
១- ការ​ញ៉ាំ​ស្ករ​Fructose ជាប់​ទាក់ទង​ន​ង​ការ​ស្រូប​យកជាតិ​កាល់ស្យូម​ក្នុង​ខ្លួន​ខ្សោយ
កាល់ស្យូម​ជា​សារធាតុ​រ៉ែ ដែល​មាន​នាទី​ជួយ​ទ្រទ្រង់​រចនាសម្ព័ន្ធ​របស់​ឆ្អឹង​នឹង​សុខភាព​ទូទៅ​។ រាង​កាយ​មនុស្ស​មិន​អាច​ផលិត​កាល់ស្យូម​បាន​ទេ ដូចនេះ​ហើយ​យើង​អាច​ទទួល​សារធាតុ​នេះ​បាន​ពីរ​ចំណីអាហារ​ប៉ុណ្ណោះ​។ រាង​កាយ​របស់​យើង​គឺជា​អ្នកគ្រប់គ្រង​កម្រិត​ជាតិ​កាល់ស្យូម​ក្នុង​ឈាម ដោយ​ការ​ស្រូប​នៅ​ក្នុង​ពោះវៀន និង​តម្រងនោម ក៏​ដូច​ជា​យន្តការ​ជាក់លាក់​ដែល​តម្រូវ​ឲ្យ​ឆ្អឹង​ស្រូប​យក និង​បញ្ចេញ​សារធាតុ​កាល់ស្យូម​។ ដើម្បី​ដឹង​ពី​របៀប​ដែល​ស្ករ Fructose រារាំង​យន្តការ​ទាំងនេះ អ្នក​ស្រាវជ្រាវ បាន​ឲ្យ​កណ្ដុរ​ពិសោធន៍​ស៊ី​អាហារ​ដែល​មាន​កម្រិត​ស្ករ​ប្រភេទ​នេះ​ក្នុង​បរិមាណ​ច្រើន​។
 
ជា​លទ្ធផល ការ​ស្រូប​យកជាតិ​កាល់ស្យូម​របស់​កណ្ដុរ​ទាំងនោះ​បាន​ធ្លាក់​ចុះ ហើយ​កម្រិត​ជាតិ​កាល់ស្យូម​ក្នុង​រាង​កាយ​របស់​ពួក​វា​មាន​កម្រិត​ទាប​។ ដោយសារ​តែ​ហេតុនេះ រាង​កាយ​របស់​កណ្ដុរ​បាន​បញ្ចេញ​កាល់ស្យូម​ចេញពី​ឆ្អឹង ដើម្បី​ឲ្យ​កម្រិត​ជាតិ​កាល់ស្យូម​ក្នុង​រាង​កាយ​មាន​តុល្យភាព ជា​លទ្ធផល​នាំ​ឲ្យ​ឆ្អឹង​របស់​ពួក​សត្វ​កណ្ដុល​នោះ​បាត់បង់​កំហាប់​ឆ្អឹង (Osteoporosis ពុក​ឆ្អឹង​)​។
 
២- ការ​ញ៉ាំ​ស្ករ​ច្រើន​អាច​នាំ​ឲ្យ​ធ្លាក់​ចុះ​កម្រិត​កាល់ស្យូម
ការ​សិក្សា​មួយ​បាន​ពិនិត្យ​មើល​ទាំង​អ្នក​ដែល​មាន​សុខភាព​ល្អ និង​អ្នក​ដែល​កើនឡើង​ការ​ប្រឈម​ខ្ពស់​នឹង​គ្រួ​ស​ក្នុង​តម្រងនោម បាន​រក​ឃើញ​ថា ការ​ទទួលទាន​ជាតិ​ស្ករ​ខ្ពស់​ខ្លាំង អាច​បង្ក​ឲ្យ​រាង​កាយ​បញ្ចេញ​ជាតិ​កាល់ស្យូម​ក្នុង​កម្រិត​ខ្ពស់​តាម​ទឹកនោម​។
 
៣- ជាតិ​ស្ករ​ខ្ពស់​ទាក់ទង​នឹង​ការ​កើនឡើង​កម្រិត​អ័រម៉ូន ករទី​ហ្សូ​ល (Cortisol)
កម្រិត​អ័រម៉ូន Cortisol ខ្ពស់ គឺ​នាំ​ឲ្យ​មាន​ឥទ្ធិពល​មិនល្អ​ទៅ​លើ​សុខភាព​ឆ្អឹង​។ ជា​ធម្មតា​កម្រិត​អ័រម៉ូន Cortisol នៅ​ក្នុង​រាង​កាយ​អាច​ប៉ះពាល់​ដោយសារ​តែ​ស្ត្រេ​ស ហើយ​ការ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន ក៏​អាច​ធ្វើ​ឲ្យ​កើនឡើង​កម្រិត​អ័រម៉ូន Cortisol ។ ការ​សិក្សា​មួយ​លើ​កណ្ដុរ Hamsters បាន​បង្ហាញ​ថា របប​អាហារ​ដែល​មាន​ជាតិ​ស្ករ Sucrose ខ្ពស់ អាច​បង្ក​ឲ្យ​ពុក​ឆ្អឹង ទោះបីជា​យើង​ញ៉ាំ​ជាតិ​កាល់ស្យូម​បាន​គ្រប់គ្រាន់​ក៏​ដោយ​។
 
៤- គន្លឹះ​ក្នុង​ការ​ញ៉ាំ​ជាតិ​ស្ករ​ឲ្យ​បាន​តិច
ជា​ធម្មតា​ការ​ផ្លាស់​ប្ដូរ​រសជាតិ​អាហារ​គឺ​ត្រូវការ​រយៈពេល​១០​ថ្ងៃ ដែល​នេះ​មាន​ន័យ​ថា​បើសិនជា​យើង​ចង់​រារាំង​ខ្លួន​យើង​មិន​ឲ្យ​ញ៉ាំ​ម្ហូបអាហារ​មាន​ជាតិ​ផ្អែម យើង​ត្រូវ​ព្យាយាម​ផ្ដាច់​អាហារ​ប្រភេទ​នេះ​ត្រឹម​១០​ថ្ងៃ​ប៉ុណ្ណោះ​។ បន្ទាប់​ពី​នោះ​យើង​នឹង​មិន​ចាំ​ពី​រសជាតិ​ស្ករ​ក្នុង​អាហារ​នោះ​ទេ ហើយ​យើង​នឹង​បង្កើត​បាន​នូវ​រសជាតិ​ថ្មី​។
 
បើសិន​យើង​នៅ​តែ​ចង់​មាន​អាហារ​ផ្អែម​ខ្លះ​ៗ​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​យើង​អាច​សាក​ញ៉ាំ​ទឹកឃ្មុំ​ជំនួស​វិញ​។ ទឹកឃ្មុំ មាន​ជីវជាតិ និង​មាន​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ​គួរ​ញ៉ាំ​ក្នុង​កម្រិត​ល្មម​បាន​ហើយ ឬ​យើង​អាច​ដូរ​មក​ញ៉ាំ​ស្ករ​ចេញពី​រុក្ខជាតិ​ស្មៅ​ផ្អែម (Stevia) ។ ស្ករ​ស្មៅ​ផ្អែម (Stevia) គឺជា​ប្រភេទ​ស្ករ​ដែល​ចម្រាញ់​ចេញពី​ប្រភព​រុក្ខជាតិ​។ ស្ករ​នេះ​មាន​រស់ជាតិ​ល្អ និង​ផ្ដល់​សុខភាព​ល្អ ជាង​ជាតិ​ស្ករ​ធម្មតា​។

ត្រួតពិនិត្យដោយ៖ www.health.com.kh/

© រក្សាសិទ្ធិដោយ thmeythmey.com