កីឡាអន្តរជាតិ
អន្តរជាតិ
Madam Pang ស្ត្រីលេចធ្លោ ក្នុងវិស័យជំនួញ និងបាល់ទាត់ថៃ ​​
08, Mar 2024 , 1:59 pm        
រូបភាព
​អ្នក​ស្រី ​Nualphan Lamsam ​ឬ Madam Pang ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) ​ជាស្ត្រីម្នាក់ដែលមានក្តីស្រឡាញ់​លើសលុបក្នុង​វិស័យ​កីឡាបាល់ទាត់​។ មហា​សេដ្ឋីនីរូបនេះ រួមចំណែងយ៉ាងសំខាន់ក្នុងការរុញវិស័យកីឡាបាល់ទាត់ថៃ ទាំងក្រុមបុរស និងស្រ្តី រីកមុខមាត់លើឆាកអន្តរជាតិ។ Madam Pang មានមហិច្ឆតា នាំក្រុមបាល់ទាត់បុរសថៃជាប់ក្នុងលំដាប់កំពូលទាំង១៥ នៅតំបន់អាស៊ី និងកំណត់គោលដៅឱ្យក្រុមនារីបានកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ Women's World Cup ឆ្នាំ២០២៧។



បើនិយាយពីឈ្មោះ Madam Pang នៅក្នុងវិស័យបាល់ទាត់ ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយទៅហើយនៅតំបន់អាស៊ី ពិសេសអាស៊ីអាគ្នេយ៍តែម្តង។  លោកជំទាវ Pang បានចូលរួមចំណែកជ្រោមជ្រែងវិស័យកីឡាបាល់ទាត់ថៃយ៉ាងសកម្ម ទាំងក្រុមជម្រើសជាតិបុរស និងក្រុមស្ត្រីថៃ។ អ្វីដែលពិសេស អ្នកស្រីជាអ្នកផ្គត់ផ្គង់ និងឧបត្ថម្ភដ៏ធំសម្រាប់ក្រុមស្ត្រីទៀតផង។ ជាមួយនឹងសក្ដានុពលហិរញ្ញវត្ថុ និងការស្រឡាញ់ អ្នកស្រីបាននាំកីឡាបាល់ទាត់ថៃទៅកាន់ភាពជោគជ័យជាច្រើនក្នុងរយៈពេលចុងក្រោយ។
 
ក្រៅពីជាម្ចាស់ក្លិប Port FC ​នៃ​លីគ​កំពូល​ថៃ Madam Pang ធ្លាប់ជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិថៃទាំងផ្នែកបុរស និងស្ត្រី មុនឡើងកាន់តំណែងជាប្រធាន FAT នៅដើមខែកុម្ភៈ ឆ្នាំ២០២៤។ បានតំណែងប្រធាន FAT បានធ្វើឱ្យអ្នកគាំទ្របាល់ទាត់ថៃ រីករាយមិនស្ទើរនោះទេ។
  


មហាសេដ្ឋីនី វ័យ៥៧ឆ្នាំរូបនេះ បានដាក់គោលដៅលើកកំពស់ស្តង់ដារក្រុមកីឡាបាល់ទាត់នារីថៃ ដើម្បីសម្រេចបំណងឆ្ពោះទៅដណ្តើមកៅអីប្រកួតពានរង្វាន់កីឡាបាល់ទាត់ពិភពលោកនារី FIFA World Cup សារជាថ្មី នៅឆ្នាំ ២០២៧។
 
ក្រុមនារីថៃ ធ្លាប់បានចូលរួមប្រកួតបាល់ទាត់ពិភពលោកនារី ២ដងជាប់គ្នារួចមកហើយ នៅឆ្នាំ ២០១៥ នៅកាណាដា និងឆ្នាំ ២០១៩ នៅបារាំង អំឡុងកាលដឹកនាំរបស់ជំទាវ Pang។ យ៉ាងណា ​ក្រោយ Madam Pang ចុះចេញពីតំណែងនេះ ថៃបរាជ័យក្នុងវគ្គជម្រុះតំបន់អាស៊ី ខកខានចូលរួមនៅឆ្នាំ ២០២៣ នៅប្រទេសអូស្ត្រាលី។
  


មុនប្រជែងឈ្នះតំណែងប្រធាន FAT អ្នកស្រី Nuanphan Lamsam បានបង្ហាញគោលនយោបាយរបស់ខ្លួនជាសាធារណៈ ដោយលើកឡើងថាប្រសិនអ្នកស្រីបានតំណែងនេះមែន នឹងកៀរគររកប្រាក់តាមរយៈការលក់សិទ្ធិផ្សាយការប្រកួត ដើម្បីជួយក្រុមក្នុងលីគបាល់ទាត់បុរសថៃ ឱ្យកាន់តែមានគុណភាព និងបង្ហាញមហិច្ឆតានាំក្រុមបាល់ទាត់ក្នុងស្រុក ជាប់ក្នុងលំដាប់កំពូលទាំង១៥ នៅតំបន់អាស៊ីទៀតផង។
 
Madam Pang កើតនៅថ្ងៃទី២១ ខែមីនា ឆ្នាំ ១៩៦៦​ ក្នុងក្រុងបាងកក ប្រទេសថៃ។ អ្នកស្រី ជាជំនាន់ទី ៥ នៃគ្រួសារ Lamsam ដែលជាគ្រួសារជនជាតិចិនដ៏ល្បីល្បាញមួយនៅក្នុងពិភពហិរញ្ញវត្ថុ ក្នុងប្រទេសថៃ។ កូនកាត់ថៃ-ចិនរូបនេះ បច្ចុប្បន្នជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រង Muang Thai និងជាម្ចាស់​ធនាគារ Kasikorn Bank ដ៏ល្បីរបស់ថៃផងដែរ។ ហ៊ុនធានារ៉ាប់រង Muang Thai នេះហើយ ជាអ្នកឧបត្ថម្ភ សម្រាប់ការប្រកួតបាល់ទាត់នារី ហើយកីឡាការិនីថៃមួយចំនួន ក៏ត្រូវបានទទួលយកឱ្យធ្វើការជាបុគ្គលិកក្នុងក្រុមហ៊ុនអ្នកស្រីទៀតផង។
  


ក្នុងឆ្នាំ ២០១៥ តាមរយៈក្រុមហ៊ុនធានារ៉ាប់រង Muang Thai បានកាន់កាប់ក្លិប Port FC នៃលីគកំពូលថៃ។ ជាមួយនឹងការវិនិយោគដ៏អស្ចារ្យរបស់ Madam Pang ក្លិប Port FC បានផ្លាស់ប្តូរមុខមាត់ថ្មី ដោយឈានចូលទៅប្រជែងនៅលីគកំពូលថៃ Thai League 1 និងឈ្នះ Thai National Cup ឆ្នាំ ២០១៩។ ទោះបីជាមិនដែលឈ្នះជើងឯកលីគកំពូល ប៉ុន្តែ Port FC ត្រូវបានគេទទួលស្គាល់ជាក្រុមខ្លាំងមួយ និងមានសក្ដានុពលផ្នែកហិរញ្ញវត្ថុ ហើយថែមទាំងមានទីផ្សារ និងមានកិច្ចសន្យាឧបត្តម្ភពីក្រុមហ៊ុនធំៗជាច្រើន។
 
ឥទ្ធិពលរបស់ Madam Pang ពិតជាបានជួយវិស័យបាល់ទាត់ថៃ រីកលូតលាស់គួរកត់សម្គាល់ ក្នុងនោះ អំឡុងឡើងកាន់តំណែងជាអ្នកចាត់ការទូទៅភ្លាម ក្រុមរហស្សនាមដំរីចម្បាំងឈ្នះពានរង្វាន់ AFF Cup ឆ្នាំ២០២០ តែម្តង និងបន្តឈ្នះជើងឯកពានរង្វាន់តំបន់អាស៊ាន ឆ្នាំ២០២២ និងជាលើកទី២ជាប់គ្នា។
  


មហាសេដ្ឋីនីរូបនេះ បានសិក្សានៅសកលវិទ្យាល័យ ​Chulalongkorn ក្នុងប្រទេសថៃ និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាម៉េរិក។ ក្នុងត្រកូលអ្នករកស៊ី៥តំណ Madam Pang ជាប់ឈ្មោះក្នុងបញ្ជីមហាសេដ្ឋី របស់ទស្សនាវដ្ឋីដ៏ល្បីអាម៉េរិក Forbes ជាមួយទំហំទឹកប្រាក់ខ្ទង់ពាន់លានដុល្លារ។
 
អ្នកស្រី Pang បាន​រៀបការ​ជាមួយ​អ្នកជំនួញ​ឈ្មោះ Vachara Phanchet ហើយ​មាន​កូនស្រី​ម្នាក់​ឈ្មោះ Nuawan Phanchet។ យ៉ាងណាក៏ដោយ ប្តីប្រពន្ធនេះបានលែងលះគ្នានៅដើមឆ្នាំ ២០០៥។ នៅឆ្នាំ ២០១៤ អ្នកស្រី បានរៀបការជាលើកទីពីរហើយលើកនេះជាមួយលោកវរសេនីយ៍ឯក Narat Sawettananas។ អ្នកទាំងពីរតែងតែបង្ហាញខ្លួនជាមួយគ្នាក្នុងព្រឹត្តិការណ៍សំខាន់ៗ៕

Tag:
 Madam Pang
© រក្សាសិទ្ធិដោយ thmeythmey.com