កីឡាជាតិ
ជាតិ
អ្នកចូលរួម Raid Amazones តំបន់អង្គរ ជាទូតសុច្ឆន្ទៈទេសចរណ៍ និងវប្បធម៌ខ្មែរ
09, Mar 2024 , 8:10 pm        
រូបភាព
ព្រឹត្តិការណ៍​កីឡាបែបឧបសគ្គ RAID Amazones នឹងរៀបចំធ្វើជាលើកទី៤ ​នៅប្រទេសកម្ពុជា នា​ទឹកដី​អង្គរ ខេត្តសៀមរាប​។ ព្រឹត្តិការណ៍​កីឡា ដែលមាន​ការចូលរួមសុទ្ធតែ​នារី​ពីតំបន់អឺរ៉ុបជិត៣០០នាក់ នឹងជួយផ្សព្វផ្សាយវប្បធម៍ប្រវត្តិសាស្រ្តខ្មែរ និងតំបន់ទេសចរណ៍ជុំវិញរមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោក។

អ្នកចូលរួមជានារីមកពីទ្វីបអឺរ៉ុប ដែលភាគច្រើនជាជនជាតិបារាំង ជិត៣០០នាក់ នឹងបង្ហាញខ្លួននៅទឹកដីសៀមរាប ដើម្បីប្រកួតប្រជែងកីឡា Raid Amazones ដែលមានទាំង​រត់ឆ្លងឧបសគ្គ​ ជិះ​កង់ ​ចែវ​ទូក និងស្វែងរកកំណប់ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណកម្មាធិការអូឡាំពិកកម្ពុជា (NOCC) លើកឡើងថា អ្នកចូលរួមកីឡាបែបឧបសគ្គនៅតំបន់អង្គរនេះ ទាមទារឲ្យមានការយល់ដឹងច្រើនអំពីវប្បធម៍ប្រវត្តិសាស្រ្តខ្មែរ និងកម្លាំងថាមពលដើម្បីទ្រាំទ្រនឹងរដូវប្រាំងនៅកម្ពុជា។ ត្រូវដឹងពីវប្បធម៍ប្រវត្តិសាស្រ្តខ្មែរ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកចូលរួម ក្នុងការប្រកួតជែង ជាពិសេសកម្មវិធីស្វែងរកកំណប់។
 
ដោយសារតែអ្នកចូលរួម Raid Amazones ទាមទារឱ្យមានការសិក្សាស្រាវជ្រាវពីវប្បធម៍ប្រវត្តិសាស្រ្តខ្មែរផង ទើបអគ្គលេខាធិការ NOCC ជឿជាក់ថា ស្ត្រីទាំងជិត៣០០នាក់នោះ នឹងក្លាយជាតួអង្គផ្សព្វផ្សាយពីតំបន់ទេសចរណ៍ វប្បធម៌ខ្មែរ និងអ្វីដែលកម្ពុជាមានទៅកាន់ប្រទេសពួកគេរៀងខ្លួន។
 
«ស្ត្រីជិត៣០០នាក់ដែលមានវត្តមានក្នុងកម្មវិធី RAID Amazones នៅទឹកដីអង្គរ នឹងក្លាយជាទូតសុច្ឆន្ទៈរបស់កម្ពុជា ក្នុងការផ្សព្វផ្សាយវប្បធម៍ ទេសចរណ៍ ជាពិសេសតំបន់បេតិកភណ្ឌកម្ពុជា ដែលពួកគេបានដឹង ទៅកាន់ប្រជាជនក្នុងប្រទេសពួកគេ»។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន។
 
Raid Amazones បង្កើតឡើង​ដោយបុរសជនជាតិ​បារាំង​ឈ្មោះ Alexandre Debanne ដែលជានាយកប្រតិបត្តិទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ ZBO ក្នុងរយៈពេលជាង២០ឆ្នាំមកហើយ។ កម្មវិធីនេះ ​ធ្វើឡើងនៅតាម​បណ្តា​ប្រទេស​ជាច្រើន ដោយនេះ​ជា​លើក​ទី​៤​ហើយសម្រាប់​កម្ពុជា​ជា​ម្ចាស់ផ្ទះ ដែល​រៀបចំឡើង​នៅក្នុង​ទឹកដី​អង្គរ​។
 
កម្មវិធី​កីឡាបែបឧបសគ្គ​នេះ ​ធ្វើឡើង​ក្នុង​គោលបំណង​លើកទឹកចិត្ត​ស្ត្រី​ ថាពួកគេ​ក៏​អាចធ្វើ​ការងារ និង​ចូលរួមព្រឹត្តិការណ៍​កីឡា​បាន​ដូច​បុរស​ដែរ៕
 

Tag:
 (Raid Amazones
  តំបន់អង្គរ)
© រក្សាសិទ្ធិដោយ thmeythmey.com