កីឡាអន្តរជាតិ
អន្តរជាតិ
​គ្រូសិង្ហបុរីថ្មី ដាក់យុវជនក្នុងក្រុមជម្រើសជាតិច្រើនមិនធ្លាប់មាន​ ត្រៀម​ជម្រុះ World Cup ទល់​ចិន
09, Mar 2024 , 10:10 pm        
រូបភាព
លោក Tsutomu Ogura គ្រូបង្វឹកថ្មីរបស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិសិង្ហបុរី នៅថ្ងៃទី៨ ខែមីនា បានប្រកាសសមាសភាពកីឡាករ២៦រូបដ៏គួភ្ញាក់ផ្អើលដែលភាគច្រើនជាកីឡាករយុវជន ដើម្បីចូលជំរំហ្វឹកហាត់ត្រៀបជួបចិន ក្នុងការប្រកួត FIFA World Cup ឆ្នាំ២០២៦ ជម្រុះតំបន់អាស៊ី ជុំទី២ និង Asian Cup ឆ្នាំ២០២៧។

គ្រូបង្វឹកជនជាតិជប៉ុន Ogura ត្រូវមានភារកិច្ចសំខាន់ក្នុងការដឹកនាំសិង្ហបុរី តទល់ចិន ចំនួន២ប្រកួតជាប់គ្នា សម្រាប់វគ្គសន្សំពិន្ទុពូល C ដោយជើងទី១ នឹងធ្វើនៅទឹកដីសិង្ហបុរី ថ្ងៃទី២១ ខែមីនា មុនធ្វើដំណើរទៅដីចិន ៥ថ្ងៃបន្ទាប់។
 
ទទួលបានតំណែងជាគ្រូសិង្ហបុរីជំនួសមិត្តរួមជាតិ Takayuki Nishigaya កាលពីដើមខែមករា លោក Ogura បានបង្ហាញភាពភ្ញាក់ផ្អើលតាមរយៈការកោះហៅកីឡាករក្មេងៗចូលក្រុមជម្រើស សម្រាប់ប្រកួតជម្រុះពានរង្វាន់ពិភពលោក និង Asian Cup។ 
 
បើតាមការផ្សាយរបស់កាសែត CNA ចំណោមសសមាជិកទាំង២៦រូប របស់គ្រូបង្វឹកសញ្ជាតិជប៉ុន វ័យ៥៧ឆ្នាំ មានកីឡាករអាយុ២៤ឆ្នាំចំនួន១១រូប ក្រោម២៤ឆ្នាំ និងយុវជន១៤រូប ក្នុងនោះ៤រូបមិនធ្លាប់ជាប់ជម្រើសជាតិឡើយ។ កីឡាករលើសអាយុ៣០ មានតែពីរនាក់ប៉ុណ្ណោះរួមមានប្រធានក្រុម Hariss Harun និង Faris Ramli ដែលទើបកោះហៅចូលក្រុមជាថ្មីវិញ។
 
ទោះបញ្ចូលកីឡាករក្មេងៗច្រើនក្តី ប៉ុន្តែសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី (FAS) នៅតែបង្ហាញការជឿជាកលើការដឹកនាំរបស់លោក Ogura។ «គ្រូបង្វឹកសញ្ជាតិជប៉ុនពិតជាមានបទពិសោធន៍។ លោកតែងតែពិនិត្យមើលការលេងរបស់កីឡាករយុវជនក្នុងជំនួបលីគកំពូលសិង្ហបុរី SPL និងតាមដានការហ្វឹកហាត់ជាប្រចាំមុនសម្រេចជ្រើសរើស»។​ នេះជាការអះអាងរបស់ FAS។
 
ឆ្លងកាត់ការប្រកួតពីរលើកក្នុងពូល C កន្លងមក សិង្ហបុរី មិនទាន់រកបានពិន្ទុនៅឡើយ អំឡុងក្រោមការដឹកនាំរបស់លោក Nishigaya ដោយចាញ់កូរ៉េខាងត្បូង និងថៃ។ ដោយឡែកចិន ស្ថិតនៅចំណាត់ថ្នាក់ទី៣ មាន៣ពិន្ទុស្មើមក្រុមលេខ២ថៃ ខណៈកូរ៉េខាងត្បូងឈរកំពូលតារាងមាន៦ពិន្ទុពេញ។ កូរ៉េខាងត្បូង ត្រូវស្វាគមន៍ថៃ នៅថ្ងៃទី២១ ខែមីនា មុនត្រឡប់ទៅដីថៃវិញ នៅថ្ងៃទី២៦ ខែមីនា៕

Tag:
 (World Cup)
© រក្សាសិទ្ធិដោយ thmeythmey.com