ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ផ្អាកសិក្សា ស្រវាការងាររោងចក្រ! ស្រីនីត សន្សំប្រាក់ខែពីរឆ្នាំ ទើបអាចបន្តថ្នាក់បរិញ្ញាបត្រវិញ
10, Mar 2024 , 8:00 am        
រូបភាព
ដោយ៖ តុប វណ្ណារ៉ា
 
ភ្នំពេញ៖ ក្មេងស្រីមួយចំនួនចប់បាក់ឌុបស្រវារកសាលារៀនបន្ត  ប្លែកតែយុវតី ភី ស្រីនីត ស្រវាការងាររោងចក្រ ដើម្បីសន្សំប្រាក់ យកមកបន្តការសិក្សាដូចគេ។ សិស្សនិទ្ទេសB ឆ្នាំ២០២១ រូបនេះ យល់ថា កម្រិតវប្បធម៌ត្រឹមសញ្ញាបត្រទុតិយភូមិ មិនអាចសណ្តោងកញ្ញាឱ្យខ្ពស់ផុតពីការងាររោងចក្រ ដែលនាងកំពុងធ្វើបានឡើយ។ ដោយសារការយល់ឃើញបែបនេះហើយ ទើបយុវតីរូបនេះ សម្រេចចិត្តបោះបង់ការងារ ដើម្បីមកបន្តការសិក្សា តាមក្តីស្រមៃវិញ។ ស្រីនិត មានក្តីស្រមៃចង់ក្លាយជាមន្រ្តីរដ្ឋបាល ក្នុងស្ថាប័នរដ្ឋ។

ជាកូនស្រីកសិករ កំព្រាឪពុកតាំងពីនៅជាទារកបួនខែ ភី ស្រីនីត បានរស់នៅជាមួយម្តាយ ជាស្រ្តីមេម៉ាយ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយបានបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិ ជាមួយកម្រិតនិទ្ទេស B កាលពីឆ្នាំ២០២១។ ប៉ុន្តែដោយសារកត្តាជីវភាព ស្រីនីត មិនបានស្វែងរកសកលវិទ្យាល័យ ដើម្បីសិក្សាបន្ត ដូចកូនគេអ្នកធូរធារឡើយ ។ ទីកន្លែងសមប្រកបសម្រាប់ ស្រីនីត ក្រោយបញ្ចប់ការសិក្សាថ្នាក់ទី១២នោះ គឺការងារនៅក្នុងរោងចក្រ។ 


 
និយាយដល់ត្រង់ចំណុចនេះ កូនពៅក្នុងគ្រួសារ អ្នកស្រុកសំរោងទងរូបនេះ បានរៀបរាប់ទាំងអួលដើមក ថា ៖«គ្រួសារខ្ញុំគ្មានលទ្ធភាពឱ្យរៀនបន្តបានទេ ណាមួយម្តាយក៏ឈឺ ហេតុដូច្នេះក្នុងអំឡុងពេលរង់ចាំលទ្ធផលប្រឡងបាក់ឌុប ខ្ញុំចង់រកការងារធ្វើដើម្បីជួយសម្រាលកម្លាំងម្តាយ និងសន្សំប្រាក់ ដើម្បីបានរៀនបន្តយកបរិញ្ញាបត្រសម្រេចក្តីស្រមៃរបស់នាង»។
 
ពិតជាដូចបំណងមែន ស្រីនីត ក៏ទទួលបានការងារក្នុងរោងចក្រមួយកន្លែង ដែលមានចម្ងាយ២៥គីឡូម៉ែត្រ ពីផ្ទះខ្លួន ទាំង ស្រីនីត មិនទាន់ដឹងលទ្ធផលប្រឡងបាក់ឌុបនៅឡើយ។ « បន្ទាប់ពីប្រឡងបាក់ឌុបហើយ ក្នុងអំឡុងពេលរង់ចាំលទ្ធផល ខ្ញុំចង់រកការងារធ្វើ ហើយមានក្រុមហ៊ុនមួយជ្រើសរើសបុគ្គលិកផ្នែករដ្ឋបាល ហើយខ្ញុំទៅបានដាក់ CV(ប្រវត្តិរូប) គេហៅទៅសម្ភាសក៏ជាប់។ ពេលធ្វើការបានមួយខែលទ្ធផល ចេញមកថាខ្ញុំជាប់បាក់ឌុប»។ សិស្សផ្នែកវិទ្យាសាស្រ្តសង្គម ទទួលនិទ្ទេសB បាននិយាយដូច្នេះ។
 
មានកម្រិតចំណេះដឹង ត្រឹមថ្នាក់ទី១២ វាពិតជាលំបាកណាស់ សម្រាប់ ស្រីនីត នៅពេលចូលធ្វើការដំបូងៗ។ ជាពិសេសការប្រើប្រាស់កុំព្យូទ័រ ទំនាក់ទំនង និងប្រព័ន្ធរដ្ឋបាលផ្សេងៗ។ «យើងនៅក្មេង ពេលចូលធ្វើការដំបូងគឺលំបាកខ្លាំង យើងមិនដឹងដោះស្រាយយ៉ាងម៉េច ហើយត្រូវធ្វើដូចម្តេច ដើម្បីឱ្យការងាររលូនបានល្អ »។  នេះបើតាមយុវតីមាឌមាំ ដែលបានបន្ថែមថា ការងារបានបង្រៀនខ្លួន បន្តិចម្តងៗ រហូតទទួលបានលទ្ធផលការងារល្អប្រសើរ។
 
ដ្បិតមានការងារល្អ និងប្រាក់ខែសមរម្យហើយក្តី ប៉ុន្តែវាមិនបានធ្វើឱ្យ យុវតីវ័យ២០ឆ្នាំរូបនេះ ស្ងប់ចិត្តឡើយ ជាពិសេសនៅពេលឃើញមិត្តភក្តិ បានបន្តការសិក្សាបញ្ចប់ថ្នាក់បរិញ្ញាបត្រ តាមជំនាញ និងក្តីស្រមៃរបស់គេ ។ ស្រីនីត មានអារម្មណ៍ថា ស្តាយការសិក្សា។ ប៉ុន្តែកូនអ្នកស្រុកសំរោងទង ខេត្តកំពង់ស្ពឺរូបនេះ តែងតែនិយាយលួងចិត្តខ្លួងឯងវិញថា ៖ « ប្រសិនជាយើងធ្វើការក្នុងអំឡុងរយៈពេល២ ឬ៣ឆ្នាំ យើងបាន(បទពិសោធន៍)អំពីការងារខ្លះ ។ ខ្ញុំក៏គិតឃើញផលចំណេញពីការងារនឹង ដោយផ្តល់ឱ្យយើងជាប្រាក់ខែ ហើយថ្ងៃក្រោយប្រសិនបើយើងធ្វើការ ហើយសន្សំលុយទុករៀន ថ្ងៃក្រោយយើងចង់ទៅរៀន ក៏វាជួយយើងបានមួយចំណែកដែរ»។
 
ផ្ដើមចេញពីប្រាក់ខែដំបូង ៣០០ដុល្លារ ស្រីនីត ប្រឹងប្រែងធ្វើការរហូតបានរយៈពេលពីរឆ្នាំ ជាមួយប្រាក់បៀវត្សឡើង បាន៤២០ដុល្លារ បូករួមទាំងប្រាក់ថែមម៉ោងទៀត ឈានដល់៥០០ដុល្លារ សម្រាប់ខែខ្លះទៀត។  ប្រាក់ខែដែលទទួលបាន ស្រីនីត ប្រគល់ជូនម្តាយទាំងអស់។ 
 
សម្រាប់ម្តាយស្រីនីត មិនដែលគិតថា ចង់ឱ្យនាងឈប់រៀនម្តងណាឡើយ ទោះបីជួបការលំបាកយ៉ាងណាក្តី។ ប៉ុន្តែវាជាការសម្រេចចិត្តរបស់ស្រីនីត ផ្ទាល់ ដើម្បីជួយសម្រាលបន្ទុកគ្រួសារ។ បើតាមស្រីនីត ម្តាយខ្លួន តែងតែជំរុញឱ្យរៀនបន្តទៀត ។ «ពេលដែលខ្ញុំសម្រេចចិត្តថាផ្អាកការសិក្សា គឺខ្ញុំសម្រេចចិត្តដោយខ្លួនឯង ប្រសិនជាប្រាប់ម៉ែថា ចង់ឈប់រៀនហើយទៅធ្វើការ ច្បាស់ជាគាត់មិនឱ្យខ្ញុំធ្វើទេ»។ នេះជាការអះអាងរបស់ស្រីនីត។
  


ទោះមានប្រាក់ខែសមរម្យ និងការងារល្អហើយ តែវាមិនទាន់បំពេញចិត្ត យុវតីវ័យ២០ឆ្នាំនេះ ដែលមានក្តីស្រមៃចង់ក្លាយជាមន្ត្រីរដ្ឋបាល ក្នុងស្ថាប័នរដ្ឋឡើយ។ ដើរតាមក្តីស្រមៃ និងគោលដៅអនាគតខ្លួន ស្រីនីត បានសម្រេចចិត្តឈប់ពីការងារ ហើយយកប្រាក់សន្សំពីប្រាក់ខែនោះ មកបន្តការសិក្សាវិញ ដោយសារចង់ផ្ដោតអារម្មណ៍លើការរៀនសូត្រឱ្យបានខ្លាំង។
 
លើសពីក្តីស្រមៃ និងជួយគ្រួសារ ស្រីនីត ចង់បង្ហាញឱ្យឃើញថា ស្ត្រីក៏អាចរៀនបានខ្ពស់ អាចក្លាយជាអ្នកដឹកនាំ និងមានការងារល្អធ្វើដូចបុរសដែរ។ « ស្ត្រីគឺត្រូវតែទទួលបានការសិក្សាដូចបុរសដែរ មិនត្រឹមតែការសិក្សាទេ សូម្បីតែឱកាសការងារ ឬក៏កម្រៃប្រាក់ខែ គឺត្រូវតែទទួលបានខ្ពស់ដូចបុរសដែរ ពីព្រោះថាស្រ្តីក៏មានភាពជាអ្នកដឹកនាំ ជួយអភិវឌ្ឍសង្គមជាតិដែរ»។ នេះជាការពន្យល់របស់កញ្ញា ភី ស្រីនីត ដែលកំពុងសិក្សាជំនាញរដ្ឋបាលអប់រំ។
 
មូលហេតុសំខាន់មួយទៀត ដែលជំរុញចិត្តឱ្យកូនអ្នកស្រុកសំរោងទងរូបនេះ ងាកមកបន្តការសិក្សាវិញនោះ ដោយសាររូបនាង បានឃើញមេដឹកនាំតាមស្ថាប័នជាច្រើន នាពេលបច្ចុប្បន្ន ក៏មានស្ត្រីច្រើន មិនចាញ់បុរសដែរ។ «នៅក្នុងសង្គមយើងនាពេលបច្ចុប្បន្នមានស្ត្រីច្រីនណាស់ដែលគាត់ជាអ្នកនាំ មិនថានៅក្នុងស្ថាប័នរដ្ឋ ឬស្ថាប័នឯកជន ស្ត្រីក៏អាចធ្វើជានាយកក្រុមហ៊ុន ជាអ្នកគ្រប់គ្រង ជានាយិកា ឬជាមន្រ្តីជាន់ខ្ពស់ទេ គឺស្រ្តីអាចធ្វើបាន។ នេះបើតាមនិស្សិតឆ្នាំទី១ នៃសាកលវិទ្យាកម្ពុជា ។
 
នៅពេលឈប់ធ្វើការ ហើយត្រឡប់មករៀនវិញ យុវតីមាឌមាំរូបនេះ ក៏ជួបការលំបាកមួយចំនួន ដូចជា ការទន្ទេញមេរៀន មិនងាយចាំដូចមុនជាដើម។ ផ្ទុយពីការលំបាកលើការសិក្សានេះ ស្រីនីត មានចំណុចល្អប្រសើរជាងនិស្សិតដទៃបន្តិច ត្រង់ថា ឱកាសការងារកន្លងមក បានបង្កភាពងាយស្រួលឱ្យស្រីនីត អាចប្រីប្រាស់កុំព្យូទ័រ ជាពិសេសបង្រៀននាង ឱ្យក្លាយជាមនុស្សមានទំនួលខុសត្រូវខ្ពស់ និងមានភាពចាស់ទុំជាងមុន ក្នុងការសិក្សា។
 
តាមរយៈបទពិសោធន៍ ដែលបានឆ្លងកាត់នេះ កញ្ញា ភី ស្រីនីត ជំរុញទឹកចិត្តអ្នកដែលមានស្ថានភាពជីវិតស្រដៀង ឬក៏ដូចខ្លួន កុំបាក់ទឹកចិត្ត ហើយកុំបោះបង់ការសិក្សា ពីព្រោះមានតែការសិក្សាទេ វានឹងនាំឱ្យជីវិតភ្លឺស្វាង ។ «បើមានឱកាសទទួលបានការសិក្សាហើយ ត្រូវខិតខំរៀនសូត្រឱ្យអស់ពីសមត្ថភាព ហើយនៅពេលយើងដាក់ចិត្តខិតខំហើយ លទ្ធផលគឺវាមិនក្បត់យើងទេ»។ នេះជាសាររបស់ស្រីនីត៕

© រក្សាសិទ្ធិដោយ thmeythmey.com