កីឡាអន្តរជាតិ
អន្តរជាតិ
Kane ធ្វើបាន hat-tricks ៤លើកឱ្យ Bayern ជាប់កំណត់ត្រា Bundesliga
10, Mar 2024 , 3:40 pm        
រូបភាព
Harry Kane បានក្លាយជាកីឡាករទីមួយធ្វើបាន hat-tricks ៤លើក ក្នុងរដូវកាលដំបូងនៅ Bundesliga ស្របពេល Bayern Munich លត់ Mainz ក្នុងលទ្ធផល ៨-១។ ជ័យជម្នះនេះបាន Bayern កាត់បន្ថយការនាំមុខរបស់ Bayer Leverkusen មកត្រឹម ៧ ពិន្ទុវិញ។

ក្នុងជំនួបលីគកំពូលអាល្លឺម៉ង់ សប្តាហ៍ទី២៥ នៅយប់ថ្ងៃទី៩ ខែមីនា Kane សម្រេចទី៣គ្រាប់ម្នាក់ឯង និង៥នាក់រូបទៀតរកបានម្នាក់១គ្រាប់ ដើម្បីជួយ Bayern Munich ឈ្នះ Mainz ៨-១។ ចាកចេញពី Tottenham Hotspur ទៅចូលរួមក្រុមយក្សអាល្លឺម៉ង់ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស ធ្វើបាន hat-tricks ជាលើកទី៤ ហើយសម្រាប់រដូវកាលដំបូង ខណៈការប្រកួតនៅមិនទាន់ចប់នៅឡើយ។
 
រកបាន៣គ្រាប់ក្នុងមួយប្រកួត ជាលើកទី៤ បានជួយ Kane កើនគ្រាប់ស៊ុតសរុបចំនួន៣០គ្រាប់ និងក្លាយជាកីឡាករដំបូងក្នុងប្រវត្តិសាស្ត្រ Bundesliga ដែលសម្រេចបាន hat-tricks ៤លើកក្នុងមួយរដូវកាលផងដែរ។
 
ដោយឡែក ជ័យជម្នះនេះ បានជួយក្រុមលោក Thomas Tuchel កាត់បន្ថយគម្លាតពិន្ទុពីក្រុមកំពូលតារាង Leverkusen មកត្រឹម៧ពិន្ទុផងដែរ។ Leverkusen ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Xabi Alonso មិនទាន់ស្គាល់ចាញ់នៅឡើយក្រោយប្រកួត២៤លើករដូវកាលនេះ ដោយឈ្នះ២០ និងស្មើ៤ មាន៦៤ពិន្ទុ។ 
 
Bayern មានបំណងចង់លើកពាន Bundesliga ជាលើកទី១២ ជាប់ៗគ្នានៅរដូវកាល២០២-៣២៤នេះ ប៉ុន្តែហាក់ដូចមិនងាយស្រួលឡើយ ដ្បិតការដឹកនាំរបស់អ្នកចាត់ការអេស្ប៉ាញ Alonso បានធ្វើឱ្យ Leverkusen ជាក្រុមដ៏រឹងមាំ។ Leverkusen នឹងត្រូវទទួល Wolfsburg នៅរាត្រីថ្ងៃទី១០ សម្រាប់ជំនួបសប្តាហ៍ទី២៥របស់ពូកគេ។
 
Jadon Sancho ឯណោះវិញ ក៏បានរកគ្រាប់បាល់ដំបូងរបស់ខ្លួនផងដែរ ចាប់តាំងពីចូលរួមជាមួយ Borussia Dortmund ក្នុងលក្ខខណ្ឌខ្ចីជើងពី Manchester United តាមរយៈជ័យជម្នះ ២-១ លើក្រុម Werder Bremen។
 
ខ្សែបម្រើអង់គ្លេស វ័យ២៣ឆ្នាំរូបនេះ បានផ្លាស់ពី Dortmund ទៅ Old Trafford ក្នុងតម្លៃ ៩៣លានដុល្លារ កាលពីឆ្នាំ២០២១។ យ៉ាងណាក៏ដោយ Sancho មិនសូវបានបង្ហាញខ្លួនឡើយ និងថែមទាំងរកាំរកូសជាមួយអ្នកចាត់ការលោក Erik ten Hag ថែមទៀត។
 
រកបាន១គ្រាប់ដំបូងនេះ Sancho បានជួយ Dortmund ឡើងទៅឈរចំណាត់ថ្នាក់ទី៤ ជំនួស RB Leipzig វិញដោយរកបាន៤៧ពិន្ទុ ពីការប្រកួត២៥លើក។ Dortmund នាំមុខ RB Leipzig ១ពិន្ទុប៉ុណ្ណោះ ស្របពេលក្រុមទាំងពីរត្រូវប្រជែងគ្នាយកតំណែង Top4 ដើម្បីកៅអី UEFA Champions League រដូវកាលក្រោយ៕

Tag:
 (Harry Kane)
© រក្សាសិទ្ធិដោយ thmeythmey.com