កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal ត្រឡប់ទៅកំពូលតារាងវិញ ធ្វើឱការប្រជែង EPL កាន់តែជក់ចិត្ត
10, Mar 2024 , 10:00 pm        
រូបភាព
យកឈ្នះ Brentford ទាំងប្រផិតប្រផើយក្នុងលទ្ធផល ២-១ បានជួយ Arsenal ត្រឡប់ទៅកំពូលតារាង Premier League វិញ ដោយនាំមុខគូប្រជែង Liverpool និង ម្ចាស់ការពារតំណែងជើង​​ឯក Manchester City បណ្តោះអាសន្ន។

ក្នុងជំនួបលីគសប្តាហ៍ទី២៨ នៅយប់ថ្ងៃទី៩ ខែមីនា ខ្សែបម្រើ Declan Rice បានជួយក្រុម្ចាស់ផ្ទះ Arsenal នាំមុខមុននៅនាទី១៩ មុនអ្នកចាំទី Aaron Ramsdale ភ្លាត់ស្នៀងទាត់បាល់ចំខ្សែប្រយូទ្ធ Yoane Wissa ធ្វើឱ្យបាល់ចូលទីខ្លួនឯង ធ្វើឱ្យលទ្ធផលស្មើនៅតង់ទី១។
 
ដោយស្រែកឃ្លានជ័យជម្នះ ក្រុមកាំភ្លើងធំបានដាក់សម្ពាធគូប្រជែងជាមួយការវាយសម្រុកជាបន្តបន្ទាប់តាំពីដើមវគ្គទី២ រហូតធ្វើបានសម្រេចគ្រាប់បាល់ទី២ តាមរយៈការតែតបាល់បញ្ចូលទីរបស់ Kai Havertz នៅនាទី៨៦។
 
ជ័យជម្នះ ២-១ បានជួយក្រុមលោក Mikel Arteta ត្រឡប់ទៅឈរកំពូលតារាងលីគកំពូលអង់គ្លេសបណ្តោះអាសន្នវិញដោយរកបាន៦៤ពិន្ទុ ពីការប្រកួត២៨លើក នាំមុខ Liverpool ១ពិន្ទុ និង Man City ២ពិន្ទុ។ Liverpool និង Man City នឹងត្រូវជួបគ្នានៅយប់ថ្ងៃទី១០ ខែមីនានេះ សម្រាប់ជំនួបសប្តាហ៍ទី២៨ របស់ពួកគេ។ ទាំង Arsenal, Liverpool និង Man City ត្រូវបានគេមើលឃើញថា ជាក្រុមដែលមានការប្រជែងខ្ពស់បំផុត សម្រាប់តំណែងជើងឯក Premier League រដូវកាល ២០២៣/២៤។
 
ដោយឡែក Manchester United ឯណោះវិញ បន្ទាប់ពីឈ្នះ Everton ២-០ បានកើនក្តីសង្ឃឹមប្រជែងចំណាត់ថ្នាក់ Top4 ជាថ្មី។ Bruno Fernandes និង Marcus Rashford រកបាន១គ្រាប់ម្នាក់ដោយការទាត់ប៉េណាល់ទីរៀងខ្លួន ក្រោយកីឡាករ Everton ឈូសជើង Alejandro Garnacho ក្នុងតំបន់គ្រោះថ្នាក់ទាំងពីរលើក។
 
បិសាចក្រហមកើន៤៧ពិន្ទុ ពីការប្រកួត២៨លើក ស្ថិតនៅចំណាត់ថ្នាក់ទី៦ ដោយតាមពីក្រោយក្រុមលេខ៥ Tottenham Hotspur ៣ពិន្ទុ និងក្រុមលេខ៤ Aston Villa ៨ពិន្ទុ។ យ៉ាងណាក៏ដោយ Spurs ទើបប្រកួត២៦លើក ឯ Aston Villa ២៧លើក៕

Tag:
 (Premier League)
© រក្សាសិទ្ធិដោយ thmeythmey.com