ជាតិ
ទីផ្សារល្អ! ពលរដ្ឋខេត្តត្បូងឃ្មុំ ចាប់ផ្ដើមដាំកាហ្វេវិញ ក្រោយខកខានជាង១០ឆ្នាំ
11, Mar 2024 , 9:00 am        
រូបភាព
 រូបភាព៖ មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ
រូបភាព៖ មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ
ដោយ៖​ ជី ចំរ៉ុង 

ត្បូងឃ្មុំ៖ ក្រោយមានទីផ្សារធំទូលាយ ពលរដ្ឋខេត្តត្បូងឃ្មុំ ចាប់ផ្ដើមដាំដំណាំកាហ្វេឡើងវិញ ក្រោយខកខានជាង១០ឆ្នាំ។ 

លោក​ស្រី យាន​ នាថ​ កសិករដាំកាហ្វេ​ និងម្រេចនៅភូមិស្លា​ ឃុំត្រមូង​ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មើលឃើញថា សព្វថ្ងៃទីផ្សារកាហ្វេល្អប្រសើរ​  ខណៈនិន្នាការផឹកកាហ្វេផ្ដើមកើនឡើង។​ លោកស្រី យាន​ នាថ មានលើផ្ទៃដីដាំកាហ្វេជា​ង៨ហិកតា​ ដោយក្នុង១ហិកតាប្រមូលផលបានពី៦តោនទៅ៨តោន។ បច្ចុប្បន្ន គ្រាប់កាហ្វេមានតម្លៃ១៤០០០រៀល ក្នុងមួយគីឡូក្រាម។ 
 
លោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ស្រុកមេមត់ មានប្រវត្តិដាំកាហ្វេតាំងពីជំនាន់អាណានិគមនិយមបារាំងមកម្លេះ ប៉ុន្តែ ដោយសារគ្មានទីផ្សារ ទើបអាក់ខានទៅវិញ។   


 
ពីដំបូង លោកមិននឹកស្មានថា ស្រុកមេមត់ អាចដាំដុះកាហ្វេបាននោះទេ ប៉ុន្តែ ក្រោយស៊ើបសួរ និងពិនិត្យដល់ចម្ការ ឃើញថាភូមិសាស្រ្តមួយនេះមានដីល្អ និងអាកាសធាតុអំណាយផល ដែលអាចដាំកាហ្វេបានយ៉ាងល្អ។ បច្ចុប្បន្ន មានតែកសិករមួយគ្រួសារប៉ុណ្ណោះដែលបានដាំកាហ្វេឡើងវិញ ក្នុងផ្ទៃដីកន្លះហិកតា។
 
លោក ហេង ពិសិទ្ធ ប្រាប់សារព័ត៌មានថ្មីៗ ដូច្នេះថា៖«ខ្ញុំភ្ញាក់ផ្អើលដែរ នៅពេលឮព័ត៌មានថា ស្រុកមេមត់អាចដាំកាហ្វេបាន ហើយល្អទៀត។ មែនទែនទៅ យើងចង់បានដំណាំពិសេសៗនេះណាស់ ព្រោះកាហ្វេឥឡូវពេញនិយមណាស់»។  
 
ដោយសារ ទិន្នផលខ្ពស់ និងតម្លៃល្អគួរសម បានធ្វើឱ្យកសិករជាច្រើនទៀតក្នុងស្រុកមេមត់ ចាប់អារម្មណ៍លើការដាំដំណាំកាហ្វេនេះ ផងដែរ។​ នេះជាការអះអាងរបស់លោក ហេង ពិសិទ្ធ ដោយប្រាប់បន្ថែមថា ជំហានដំបូង លោក ត្រូវរកទីផ្សារសម្រាប់កសិករសិន មុនឈានដល់ពង្រីកការដាំដុះ។  
  


នាពេលខាងមុខ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំរូបនេះ បានដាក់គោលដៅជំរុញការដាំកាហ្វេបន្ថែម ដើម្បីបញ្ចូលដំណាំប្រភេទនេះក្នុងផលិតឈានមុខរបស់ខេត្ត។ លោក ពិសិទ្ធ បន្ថែមដូច្នេះថា៖«បើបានដំណាំកាហ្វេនេះក្នុងខេត្តត្បូងឃ្មុំទៀត ខ្ញុំគិតថាល្អ ព្រោះថា ដំណាំនេះមិនមែនចេះតែដាំនោះទេ គឺវារើសដី និងអាកាសធាតុណាស់។ ដូចបានដឹងហើយថា តំបន់ខ្ញុំអំណាយផល ដូច្នេះ គួរតែជំរុញការដាំដុះ និងផ្សព្វផ្សាយបន្ថែម ប៉ុន្តែ ឥឡូវនេះ ខ្ញុំចង់រកទីផ្សារឱ្យបានសិន»៕ 
 
 

Tag:
 កសិកម្ម
  កាហ្វេត្បូងឃ្មុំ
  យាន នាថ
© រក្សាសិទ្ធិដោយ thmeythmey.com