ជាតិ
វីដេអូ
រមណីយដ្ឋានស្ទឹងថ្វាក ទី​ទេសចរណ៍​ពេញនិយមនៅខេត្តបាត់ដំបង
11, Mar 2024 , 9:30 am        
រូបភាព
ដោយ​៖ ញ៉ែម ចាន់

បាត់ដំបង៖ ខេត្តបាត់ដំបង មានរមណីយដ្ឋានធម្មជាតិជាច្រើនកន្លែង ជាពិសេសតាមបណ្តោយដងស្ទឹងសង្កែ។ ក្នុងនោះ រមណីយដ្ឋានស្ទឹងថ្វាក ​មានចម្ងាយប្រមាណ ៤៣គីឡូម៉ែត្រ ពីក្រុងបាត់ដំបង ដែលមានភាពស្រស់ស្អាត ទឹកហូរលើថ្ម តូចៗ។ ទេសចរ ដែល​មកកម្សាន្តអាចសម្រាកលំហែតាមខ្ចុះលើទឹក។ ទីតាំងនេះ ទាក់ទាញទេសចរជាច្រើនមក លេងកម្សាន្តនា ថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំ និងបុណ្យទាននានា។

ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 

រមណីយដ្ឋានស្ទឹងថ្វាក ស្ថិត​នៅភូមិថ្វាក ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ជាមួយគ្នានេះ អ្នកស្រី សុវណ្ណ លក្ខិណា មានវ័យ ២៨ឆ្នាំ ​ ជាអ្នកលក់ម្ហូបអាហារនៅរមណីយដ្ឋាន បានប្រាប់ឱ្យដឹងថា​ ជារៀងថ្ងៃចុងសប្តាហ៍ រមណីយដ្ឋានស្ទឹងថ្វាក មានភ្ញៀវមកកម្សាន្តច្រើន ជាពិសេសបុណ្យជាតិធំៗ ដូចជាបុណ្យចូលឆ្នាំខ្មែរជាដើម។ ​
អ្នកស្រីបន្ដ​ថា​ ភ្ងៀវ​មកលេងកម្សាន្តភាគច្រើន អ្នកក្រុងបាត់ដំបង ដោយពួកគាត់ ​ជួបជុំគ្រួសារ មិត្តភក្តិ អង្គុយលើខ្ចុះ ងូតទឹកលេង និងកម្ម៉ង់មុខម្ហូបផ្សេងៗ។  ​ខ្ចុះមួយមានតម្លៃចាប់ពី ១ម៉ឺនរៀលទៅ ធំ ២ម៉ឺនរៀល។ 


 
​ដោយឡែក លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ឲ្យដឹងថា សក្តានុពល នៃរម្មណីដ្ឋាន ស្ទឹងថ្វាក មានខ្ចុះលើទឹក ភ្ញៀវអាចកម្ម៉ង់អាហារ  និងងូតទឹកថ្លា ដ៏ត្រជាក់ចិត្ត អមដោយថ្មតូច ធំនៅខាងក្រោមផងនោះ ។ លើសពីនេះ លោកថា ក៏មានហ្វូងត្រីតូចៗ  ហែលក្នុងស្ទឹង ដែលជាកន្លែងមួយ ធ្វើឲ្យភ្ញៀវទេសចរណ៍រីករាយ ក្នុងការគយគន់ បំបាត់ ភាពនឿយហតផ្សេងៗ ពីការងារ ។
 


អនុប្រធានមន្ទីររូបនេះ បន្ថែមថា នាពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ លោក រំពឹងថា នឹងមានទេសចរមកកម្សា​ន្តច្រើន។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏រៀបចំទីតាំងរមណីយដ្ឋាននៅក្នុងខេត្ត ដូចជា ការលក់ដូរ  ចំណីអាហារ តម្លៃ  បរិស្ថាន និងសណ្តាប់ធ្នាប់៕ 




Tag:
 ThmeyThmey
  បាត់ដំបង
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com