កីឡាជាតិ
ជាតិ
នៅសល់២ប្រកួតចុងក្រោយ កៅអី Top 4 នៅបើកភ្លើងខៀវដល់ក្រុមទ័ព
11, Mar 2024 , 4:19 pm        
រូបភាព
ការប្រកួតរវាងបឹងកេត និងកងយោធពលខេមរភូមិន្ទ រូបពី Cambodian Premier League
ការប្រកួតរវាងបឹងកេត និងកងយោធពលខេមរភូមិន្ទ រូបពី Cambodian Premier League
ក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ នៅតែមានសង្ឃឹមឡើងទៅវគ្គ ៤ក្រុមចុងក្រោយ ដើម្បីប្រកួតខ្វែង បន្ទាប់ពីវិសាខា បានដកខ្លួនចេញពីការប្រកួត Cambodian Premier League រដូវកាលនេះ។ ក្រោយឈ្នះ បឹងកេត លទ្ធផល ៥-២ កាលពីថ្ងៃទី៩ ខែមីនា នៅកីឡដ្ឋានស្ដាតចាស់ កងយោធពលខេមរភូមិន្ទ កាន់តែមានភាគរយច្រើនក្នុងការប្រជែងកៅអី Top 4។



ជ័យជម្នះលើបឹងកេត លទ្ធផល ៥-២ កាន់តែធ្វើឲ្យក្រុមកងយោធពលខេមរភូមិន្ទ មានសង្ឃឹមទៅវគ្គខ្វែង ៤ក្រុម។ ម្យ៉ាងវិញទៀត ក្រោយពីវិសាខា ដែលឈរនៅចំណាត់ថ្នាក់លេខ៣ មាន៣៨ពិន្ទុ ដកខ្លួនចេញពីការប្រកួតលីគ កៅអី Top 4 នេះ វាកាន់តែបើកផ្លូវសម្រាប់ក្រុមមួយនេះ ប្រជែងជាមួយ បឹងកេត ឈរលេខ៤ និងអាយ អេស អាយ ដង្កោសែនជ័យ លេខ៥ ដែលមានពិន្ទុ ៣៤ស្មើគ្នា និងលើសក្រុមទ័ព ត្រឹមតែ៤ពិន្ទុប៉ុណ្ណោះ។ 
 
អវត្តមានរបស់វិសាខា ធ្វើឲ្យការប្រកួតរបស់ក្រុមទ័ព ដែលនៅសល់តែ២ប្រកួតនេះ មានក្ដីសង្ឃឹមឡើងវិញ។ ២ប្រកួតនៅសល់នេះ ក្រុមទ័ព ត្រូវប្រកួតជាមួយណាហ្គាវើលដ៍  និងអាយ អេស អាយ ដង្កោសែនជ័យ។
 
ដោយឡែក ៥គ្រាប់ ដែលក្រុមទ័ពយកឈ្នះ បឹងកេតនោះ រកបានដោយកីឡាករ Kinoshita Rieya ១គ្រាប់ នៅនាទី៣៥ មុននឹង Balanga Josemar ថែម១គ្រាប់ទៀត នៅនាទី៣៧។

ដោយឡែកកីឡាករវ័យក្មេង ញាណ សុស៊ីដាន សម្រេចបានគ្រាប់បាល់ Hat-trick ដោយបញ្ចូលទីនាទី៦៨, ៨៥, និង៩០+៦។ ចំណែក ២គ្រាប់របស់បឹងកេត រកបានដោយកីឡាករ Yoshihama Ryohei នាទី៧៨ និងកីឡាករ Tachibana Yusuke នាទី៩០+៥។
 
ក្នុងសប្ដាហ៍ទី២៤នោះ អង្គរថាយហ្គឺរ ចាញ់ ព្រៃវែង ៥-២ នៅកីឡដ្ឋានហនុមាន។ ណាហ្គាវើលដ៍ ឈ្នះគិរីវង់សុខសែនជ័យ លទ្ធផល ២-១នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ខណៈ ភ្នំពេញក្រោន ឈ្នះ អាយ អាស អាយដង្កោសែនជ័យ ៣-២ នៅកីឡដ្ឋាន Smart RSN។ ដោយឡែក ការប្រកួតរវាងព្រះខ័នរាជស្វាយរៀង និងវិសាខា ត្រូវបានរំសាយចោល បន្ទាប់ពីវិសាខា ប្រកាសដកខ្លួនពីការប្រកួតលីគកំពូល និងពានសម្ដេច ហ៊ុន សែន។
 
គួរបញ្ជាក់ផងដែរថា ព្រះខ័នរាជស្វាយរៀង ឈរចំណាត់ថ្នាក់លេខ១ បណ្ដោះអាសន្ន មាន៥៩ពិន្ទុ និងចំណាត់ថ្នាក់លេខ២ ភ្នំពេញក្រោន មាន៥២ពិន្ទុ។ រីឯវិសាខា ក្រុមដកខ្លួនចេញ ឈរចំណាត់ថ្នាក់​លេខ៣ មាន៣៨ពិន្ទុ តាមពីក្រោយដោយ បឹងកេត លេខ៤ និងអាយ អេស អាយ ដង្កោសែនជ័យ លេខ៥ មាន៣៤ពិន្ទុ ស្មើគ្នា។ ចំណែក កងយោធពលខេមរភូមិន្ទ លេខ៦ មាន៣០ពិន្ទុ ហើយណាហ្គាវើលដ៍ លេខ៧ មាន២៧ពិន្ទុ។ ព្រៃវែង ឈរចំណាត់ថ្នាក់លេខ៨ មាន២៣ពិន្ទុ តាមពីក្រោយដោយ អង្គរថាយហ្គឺរ លេខ៩ មាន១៨ពិន្ទុ។ ដោយឡែកគិរីវង់សុខសែន​ជ័យ រក្សាបាតតារាង មាន១៧ពិន្ទុឈរចំណាត់ថ្នាក់លេខ១០៕

Tag:
 បាល់ទាត់
  Cambodian Premier League
  CPL
© រក្សាសិទ្ធិដោយ thmeythmey.com