កីឡាជាតិ
ជាតិ
លោក ហួត សេងទ្រី ផ្ដាំអត្តពលិកថាកុំជិះសេះលែងដៃព្រោះជម្រើសជាតិត្រូវការតែអ្នកមានសមត្ថភាពទេ
11, Mar 2024 , 6:59 pm        
រូបភាព
លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៃក្រសួងអប់រំ យុវជន និងកីឡា រូបពីសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា
លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៃក្រសួងអប់រំ យុវជន និងកីឡា រូបពីសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា
លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឲ្យកីឡាករប៊ីយ៉ាកម្ពុជា ទាំងអ្នកឈ្នះមេដាយ និងមិនឈ្នះមេដាយ ត្រូវប្រឹងប្រែងហ្វឹកហាត់បន្ថែម ដោយមិនត្រូវជិះសេះលែងដៃឡើយ។

 
ជម្រើសជាតិ ត្រូវការតែអ្នកមានសមត្ថភាពទេ។ នេះជាសាររបស់លោក ហួត សេងទ្រី ដែលបានជំរុញឲ្យអត្ដពលិកប្រឹងដុសខាតសមត្ថភាពបន្ថែម ដើម្បីត្រៀមប្រកួតព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ។ 
 
ថ្លែងក្នុងពិធីបិទការប្រកួតជ្រើសរើសជើងឯកកីឡាប៊ីយ៉ាកម្ពុជា ឆ្នាំ២០២៣ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅ ក្លិប The Champion Snooker ប្រធាននាយកដ្ឋានរូបនេះ បាននិយាយដូច្នេះ៖«មានតែអ្នកមានសមត្ថភាពទេ ដែលអាច តំណាងកម្ពុជា ទៅចូលរួមបាន។ អ្នក ដែលមិនទាន់មានសមត្ថភាព ត្រូវហ្វឹកហាត់បន្ថែម។ ចំណែកអ្នកមានសមត្ថភាពឈ្នះគេ ហើយក៏មិនទាន់ បោះបង់ដែរ ត្រូវរក្សាតំណែង»។ 
  
លោក ម៉ារ៉ា សុជាតិ បំពាក់មេដាយ ដល់ម្ចាស់មេដាយប្រាក់ ម៉ែន សុផានិត រូបពីសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា

សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា បានរៀបចំការប្រកួតជ្រើសរើសជើងឯក ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៤។ លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា បានសរសើរដល់ស្មារតីចូលរួមរបស់មន្ដ្រី និងកីឡាករ ដែលបានជួយឲ្យការប្រកួតនេះ ប្រព្រឹត្តទៅដោយឈរលើគោលការណ៍យុត្តិធម៌ និងគោរពតាមបទបញ្ជានៃការប្រកួត។
 
គួរបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ មានកីឡាករ ១៨នាក់ មកពី១២ក្លិបចូលរួម។ ក្រោយការប្រកួត៣ថ្ងៃនេះ អត្តពលិក កែវ រ៉ាវី ឈ្នះមេដាយមាស ។ ចំណែក ម៉ែន សុផានិត ជើងឯកឆ្នាំ២០២២ ដណ្ដើមបានត្រឹមមេដាយប្រាក់។ រីឯមេដាយសំរិទ្ធស្ទួន បានទៅលើកីឡាករ  ភួង សុភ័ក្ដ្រ និងកីឡាករ ឡេង ចន្ទគ្រីស្នា៕

Tag:
 ប៊ីយ៉ា
  ម៉ារ៉ា សុជាតិ
  ហួត សេងទ្រី
© រក្សាសិទ្ធិដោយ thmeythmey.com