ជាតិ
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង រៀបចំកំណត់អត្តសញ្ញាណរឺម៉ក​កង់​បី​ ដើម្បីធានាសុវត្ថិភាពទេសចរ
11, Mar 2024 , 8:19 pm        
រូបភាព
លោក ប៉េង អាង អ្នករត់រ៉មកកង់បីដឹកទេសចរ ក្នុងក្រុងបាត់ដំបង។ រូបភាព៖ ឈុំ ចន្ថា
លោក ប៉េង អាង អ្នករត់រ៉មកកង់បីដឹកទេសចរ ក្នុងក្រុងបាត់ដំបង។ រូបភាព៖ ឈុំ ចន្ថា
ភ្នំពេញ៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ជំរុញឱ្យអ្នកបើករឺម៉ក​កង់​បី​ទេសចរគ្រប់ប្រភេទ ស្នើសុំលិខិតអនុញ្ញាត និងឯកសណ្ឋានសម្រាប់ដឹកភ្ញៀវ ដើម្បីងាយស្រួលកំណត់អត្តសញ្ញាណ និងធានា សុវត្ថិភាពដល់ទេសចរ។



លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីនៅថ្ងៃទី១១ ខែមីនានេះថា ក្រោយជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ ខេត្តបាត់ដំបងមានកំណើនទេសចរឡើងវិញ។ ទេសចរ ភាគច្រើនចូលចិត្តធ្វើដំណើរកម្សាន្តទៅកាន់ទីតាំងទេសចរណ៍ដាច់ស្រយាល ហើយត្រឡប់មកវិញយប់ជ្រៅ។ បើតាមលោក នីស្សារ៉ា កន្លងទៅ មានសេវាដឹកជញ្ជូនទេសចរគ្មានអត្តសញ្ញាណមួយចំនួន បានបង្កគ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមានផ្សេងៗដល់ទេសចរ ដែលមកកម្សាន្តខេត្តបាត់ដំបង។
 
ក្នុងនាមប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោកមិនសប្បាយចិត្តចំពោះបញ្ហានេះទេ ព្រោះវាបានធ្វើឱ្យប៉ះពាល់ដល់មុខមាត់ខេត្ត និងប្រទេសជាតិទាំងមូល។ ជុំវិញរឿងនេះ មន្ទីរទេសចរណ៍ បានសុំគោលការណ៍ពីរដ្ឋបាលខេត្តបាត់ដំបង ដើម្បីទាមទារឱ្យអ្នកបើករ៉មក់កង់បីទាំងអស់ ត្រូវមានលិខិតអនុញ្ញាត ឯកសណ្ឋានសម្រាប់ដឹកភ្ញៀវ ក្រមសីលធម៌ និងធ្វើការជិតស្និតជាមួយអាជ្ញាធរ ដើម្បីការពារផលប្រយោជន៍ និងសុវត្ថិភាពភ្ញៀវទេសចរ។
 
លោក ប្រាប់ដូច្នេះថា៖«ការងារនេះគឺជាទំនួលខុសត្រូវរបស់យើង ហើយរដ្ឋបាលខេត្តក៏មិនស​ប្បាយចិត្តដែរ នៅពេលមានភ្ញៀវទេសចរជួបបញ្ហាផ្សេងៗ។ យើងដឹងហើយថា កាលណាផ្នែកណាមួយក្នុងវិស័យទេសចរណ៍បង្កផលប៉ះពាល់ ឬបង្ហាញភាពអវិជ្ជមាន វានឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់ខេត្ត និងប្រទេសជាតិទាំងមូល។ ដូច្នេះ គោលការណ៍សុវត្ថិភាពភ្ញៀវទេសចរនេះ គឺផ្ដើមចេញពីខេត្ត ដែលវានឹងផ្ដល់ផលប្រយោជន៍ជូនជាតិ សហគមន៍ និងជំរុញឱ្យមានកំណើនផ្សេងទេសចរផង»។
 
គោលការណ៍សុវត្ថិភាពទេសចរនេះ អនុត្តចាប់ពីថ្ងៃនេះតទៅ។ ម្ចាស់រ៉មក់កង់បីដឹកទេសចរ ដែលគ្មានលិខិតអនុញ្ញាត និងឯកសណ្ឋាន ដែលទទួលស្គាល់ដោយមន្ទីរទេសចរណ៍ខេត្តបាត់ដំបង នឹងមិនត្រូវបានអនុញ្ញាតឱ្យប្រកបរបរដឹកទេសចរឡើយ ព្រមទាំងប្រឈមផាកពិន័យតាមផ្លូវច្បាប់ថែមទៀត។ នេះបើតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង៕ 

Tag:
 ទេសចរណ៍
  មន្ទីរទេសចរណ៍ខេត្តបាត់ដំបង
  ម៉ូតូកង់បី
© រក្សាសិទ្ធិដោយ thmeythmey.com