កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន សង្ឃឹមចិន បន្តគម្រោងបញ្ជូនអត្តពលិកកីឡាកម្ពុជាទៅហ្វឹកហាត់នៅចិនដល់ឆ្នាំ២០២៩
11, Mar 2024 , 9:29 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជឿជាក់ភាគីចិន នឹងផ្តល់អាហារូបករណ៍ដល់កីឡាករកីឡាការិនីកម្ពុជា បន្តទៅហ្វឹកហាត់នៅប្រទេសចិន ជាលើកទី២ ដើម្បីពង្រឹងសមត្ថភាព ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមនៅថៃ និងបន្តបន្ទាប់ទៀត រួមទាំងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។ កីឡាករក្មេងៗ អាយុចន្លោះពី១២ ទៅ១៤ឆ្នាំ នឹងទៅហ្វឹកហាត់នៅចិនត្រៀម កីឡាយុវជនអាស៊ី ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។



អគ្គលេខាធិការ NOCC និងជារដ្ឋលេខាធិការក្រសួងអប់ យុវជន និងកីឡា បានជួបលោក វ៉ាង ផឹង លេខាទី១ស្ថានទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមីនា ជុំវិញការស្នើសុំគម្រោង បញ្ជូនអត្តពលិកកម្ពុជា ចំនួន១៦០នាក់ ទៅហ្វឹកហាត់នៅចិនរយៈពេលវែង ពោលគឺចាប់ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៩។
 
តាមរយៈការហ្វឹកហាត់នៅចិនក្រោមជំនួយឥតសំណងពីរាជរដ្ឋាភិបាល និងប្រជាជនចិនកន្លងមក អត្តពលិកកម្ពុជាទទួលបានលទ្ធផលល្អប្រសើរ នៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូង។ ដោយសារមូលហេតុនេះ លោក វ៉ាត់ ចំរើន តាមរយៈ NOCC, ក្រសួងអប់រំ និងក្រសួងសេដ្ឋកិច្ចផង មានបំណងចង់ឱ្យភាគីចិនបន្តផ្តល់គម្រោងជំនួយបន្ថែមទៀតដល់អត្តពលិកកម្ពុជា ទៅហ្វឹកហាត់នៅចិន ក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា និងដើម្បីបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរផង។
  
លោក វ៉ាង ផឹង លេខាទី១ស្ថានទូតចិនប្រចាំកម្ពុជា

«គម្រោងលើកទី២នេះ បានដាក់ស្នើទៅភាគីចិនហើយ ហើយចិននឹងសិក្សាវាយតម្លៃគម្រោងនេះ»។ នេះជាការលើកឡើងរបស់លោក វ៉ាត់ ចំរើន ដោយលោកជឿជាក់ថា ភាគីចិននឹងយល់ព្រមលើសំណើរទីពីរនេះ ដ្បិតគម្រោងចាស់ត្រូវបានចិនវាយតម្លៃ ជោគជ័យ១០០ភាគរយ។ ជោគជ័យ១០០ភាគរយនេះ អគ្គលេខាធិការ NOCC អះអាងថាមិនត្រឹមតែជាលទ្ធផលប្រកួតនៅស៊ីហ្គេមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានលទ្ធផលផ្លែកផ្កាផ្នែកការទូត និងចំណេញច្រើនលើទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសចិន និងកម្ពុជាទៀតផង។
 
កាលពីឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ធ្លាប់បានបញ្ជូនកីឡាករ-កីឡាការិនីកម្ពុជា ១៦១រូប ទៅហ្វឹកហាត់នៅចិនរយៈពេលវែង ដើម្បីប្រជែងមេដាយស៊ីហ្គេមលើកទី៣២។ យ៉ាងណាក៏ដោយ បើទោះស៊ីហ្គេមឆ្នាំ២០២៣បានបញ្ចប់ ក៏មានអត្តពលិកមួយចំនួនវិលត្រលប់ទៅចិនវិញដើម្បីហ្វឹកហាត់បង្គ្រប់កិច្ចសន្យាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនចិន ដែលមានសុពលភាពរយៈពេល២ឆ្នាំ។ មកទល់ពេលនេះ អត្តពលិកដែលមានទាំងក្មេងផង បានវិលមកកម្ពុជាវិញ ក្រោយកិច្ចសន្យាបញ្ចប់។
  


កីឡាករ-ការិនីកម្ពុជាប្រមាណ១៦០រូប ដែលស្ថិតក្នុងគម្រោងបញ្ជូនទៅហ្វឹកហាត់នៅចិន រយៈពេលវែង ពីឆ្នាំ២០២៤ ដល់ឆ្នាំ ២០២៩នេះ មាន២២ប្រភេទកីឡា។ ទាំអ១៦០រូប ត្រូវបែងចែកជាពីផ្នែក ដោយមួយផ្នែកធំសម្រាប់ត្រៀមការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា និងមួយផ្នែកទៀត សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅថៃ ឆ្នាំ២០២៥ និងស៊ីហ្គេមបន្តបន្ទាប់ទៀតនៅឆ្នាំ២០២៧ និង ២០២៩។
 
សម្រាប់អត្តពលិកត្រៀមស៊ីហ្គេម ភាគច្រើនជាកីឡាករពេញវ័យ ស្របពេលអត្តពលិកត្រៀមកីឡាយុវជនអាស៊ី ឆ្នាំ ២០២៩ ភាគច្រើនជាកីឡាករក្មេងៗ ដែលមានអាយុចន្លោះពី១២ ទៅ១៤ឆ្នាំ ដោយគិតពីឆ្នាំ២០២៤នេះ។ លោក វ៉ាត់ ចំរើន បញ្ជាក់ថាតាមលក្ខខណ្ឌអូឡាំពិក កីឡាយុវជនអាស៊ី តម្រូវឱកីឡាករ-ការិនី មានអាយុ ១៧ ១៨ និង១៩ឆ្នាំ ប្រកួតជែងគ្នា៕







Tag:
 NOCC
  កីឡាយុវជនអាស៊ី
  វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com